Saturday, February 1, 2025
Homeសន្ដិសុខសង្គមឃាតករដៃឆៅ កាប់យុវជនម្នាក់ដាច់កស្លាប់ក្បែរចិញ្ចើមផ្លូវ

ឃាតករដៃឆៅ កាប់យុវជនម្នាក់ដាច់កស្លាប់ក្បែរចិញ្ចើមផ្លូវ

ខេត្តកណ្តាល ៖ យុវជនម្នាក់ បានជិះម៉ូតូតែម្នាក់ឯង ទៅដើរលេងបុណ្យបញ្ចុះសីមា នៅក្នុងវត្តមួយ លុះដើរលេងអស់ចិត្ត ក៏ជិះម៉ូតូបំណងត្រឡប់មកផ្ទះវិញ ស្រាប់តែធ្វើដំណើរបានពាក់កណ្តាលផ្លូវ ដល់ចំណុចកន្លែងស្ងាត់ ក៏ត្រូវជនជាឃាតករដៃឆៅម្នាក់ បានធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះចំកញ្ចឹងកពីក្រោយ បណ្តាលឱ្យដួលម៉ូតូក្បែរចិញ្ចើមផ្លូវ ដេកស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅលើចិញ្ចើមផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ។

យុវជនរងគ្រោះ ដែលត្រូវឃាតករកាប់ដាច់កស្លាប់ មានឈ្មោះចេក ភាព អាយុ២០ឆ្នាំ មុខរបរជាលក់ទឹកកកតាមរ៉ឺម៉កម៉ូតូ មានលំនៅក្នុងភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ។

ដោយឡែកជនដៃដល់ជាឃាតករ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។

តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DH-2039 តែម្នាក់ឯង ចេញពីផ្ទះក្នុងបំណងទៅលេងបុណ្យបញ្ចុះខណ្ឌសីមា នៅក្នុងបរិវេណវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ។ លុះក្រោយពីដើរលេងបុណ្យវត្តអស់ចិត្ត ជនរងគ្រោះបានជិះម៉ូតូចេញពីវត្ត បំណងត្រឡប់មកផ្ទះវិញ ស្រាប់តែអកុសល ពេលធ្វើដំណើរមកដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្ថិតនៅលើចិញ្ចើមផ្លូវជាតិ២១ ចំហៀងខាងកើត ដែលជាកន្លែងស្ងាត់ ស្រាប់តែត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះចំកញ្ចឹងក ពីក្រោយចំហៀងខាងឆ្វេង បណ្តាលឱ្យដួលម៉ូតូ ដេកស្លាប់ក្នុងថ្លុកឈាមភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកជនសង្ស័យដៃដល់ ក្រោយពីធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន សហការជាមួយនគរបាលផ្នែកនគរបាលយុត្តិធម៌ស្រុកកោះធំ បានចុះទៅធ្វើការហ៊ុំព័ទ្ធទីតាំងកើតហេតុ រួចធ្វើការពិនិត្យកសាងសំណុំរឿង ដើម្បីស៊ើបអង្កេតស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនដៃដល់ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់។

យ៉ាងណា ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយថា ផ្តើមចេញពីមូលហេតុអ្វីឱ្យពិតប្រាកដ មិនដឹងថាជាករណីគំនុំ ឬជាករណីប្លន់សម្លាប់នោះទេ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES