ខេត្តកំពង់ឆ្នាំង ៖ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ឧទ្ធម្ភាគចក្រខ្នាតតូចមួយគ្រឿងបានចុះចតទាំងបង្ខំ បន្ទាប់ពីបានបើកបុកសត្វស្លាបបណ្តាលឲ្យបែកកញ្ចក់ តែមិននរណាម្នាក់រងគ្រោះនោះទេ ហេតុកាណ៍នេះធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ក្នុងភូមិភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
បើតាមការឲ្យដឹងពីលោកអធិការនគរបាលស្រុកបរិបូរណ៌ ជាង សុវណ្ណារិទ្ធ បានប្រាប់អ្នកសារព័ត៌មានថា “ឧទ្ធម្ភាគចក្រលេខសំគាល់ XU-២៨៨ ពណ៌ក្រហម ជិះគ្នា៣នាក់ ២នាក់ជាជនជាតិបរទេស ភេទប្រុស ចំណែកម្នាក់ទៀតជាជនជាតិខ្មែរ ភេទស្រី បានសម្រេចចិត្តចុះចតទាំងបង្ខំពិតមែន លើដីចម្ការរបស់ប្រជាពលរដ្ឋ នៅចំណុចភូមិស្ទឹងជ្រៅ ដោយសារតែបានហោះហើរទៅបុកសត្វស្លាប ធ្វើឲ្យបែកកញ្ចក់ មិនអាចហោះហើរទៅមុខបានទៀត តែពុំមាននរណាម្នាក់រងគ្រោះថ្នាក់អ្វីនោះទេ។
លោកអធិការបានឲ្យដឹងបន្តថា បន្ទាប់ពីបានចុះចតរួចមក សមត្ថកិច្ចបានទៅជួយអន្តរាគមន៍ការពារយបន្តហោះ និងជួយសង្គ្រោះអ្នកទាំង៣។ ពេលសមត្ថកិច្ចសួរនាំទៅ ត្រូវបានស្ត្រីជនជាតិខ្មែរ រៀបរាប់ប្រាប់ថា ពួកគាត់បានធ្វើដំណើរទៅលេងខេត្តសៀមរាប បានជិះកាត់តាមទន្លេ ឆ្លងបឹងទន្លេសាប តែពេលនោះមានសត្វស្លាបបានហោះមកបុកកញ្ចក់ បណ្តាលឲ្យបែក មិនអាចហោះហើរបាន ទើបសម្រេចចិត្តចុះចតទាំងបង្ខំ។ ពេលចុះចតដោយសុវត្ថិភាពហើយ នាងបានទូរស័ព្ទទៅភ្នំពេញ ដើម្បីយកគ្រឿងបន្លាស់ជួសជុល ដើម្បីបានបន្តដំណើរទៅមុខទៀត។
លោកបានបញ្ជាក់ថា ក្រោយពីចុះចតរួចមក នៅវេលាម៉ោង១រសៀល មានឧទ្ធម្ភាគចក្រមួយគ្រឿងទៀត បានចុះមកពិនិត្យមើល ទំនងជាយកគ្រឿងបន្លាស់មកជួសជុល រួចក៏បានហោះត្រឡប់ទៅវិញបាត់ទៅ៕