ខេត្តបាត់ដំបង ៖ បុរសម្នាក់បានកើតមានទំនាស់ពាក្យសម្តីជាមួយឪពុកចុងរបស់ខ្លួន ស្រាប់តែត្រូវឪពុកចុងទាញកាំបិតស្ទុះចូលមកកាប់ បណ្តាលឱ្យរយះថ្ងាស ជាហេតុធ្វើឱ្យកូនប្រុសផ្ទុះកំហឹង ស្ទុះទៅដាល់ឪពុកចុងវិញ១ដៃចំភ្នែក បណ្តាលឱ្យហើមប៉ោងភ្នែកម្ខាងរងរបួសធ្ងន់ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្រុម០៣ ភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល។
ជនបង្កហេតុដែលដាល់ឪពុកចុងបែកភ្នែក និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសៀក ពិសិទ្ធ អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះហ៊ុយ មេង អាយុ៥៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនបង្កសុទ្ធតែបានផឹកស្រាស្រវឹងដូចគ្នា លុះពេលចូលដល់ផ្ទះវិញ ជួបមុខគ្នា ក៏ចាប់ផ្តើមនិយាយស្តីឌឺដងដាក់គ្នាទៅវិញទៅ រហូតធ្វើឱ្យកើតជាទំនាស់ពាក្យសម្តីតឹងសសៃកដាក់គ្នា។ ភ្លាមនោះ ដោយសារតែជនរងគ្រោះជាឪពុកចុងខឹងច្រឡោត ក៏ស្ទុះទៅទាញកាំបិតផ្គាក់ដងឈើ ស្ទុះចូលទៅកាប់ប្រហារជនបង្កជាកូនប្រុស បណ្តាលឱ្យមុតត្រង់ថ្ងាសលើចិញ្ចើម រយះហូរឈាម តែមិនធ្ងន់ធ្ងរប៉ុន្មានទេ។
ប្រភពដដែលបន្តថា ក្រោយពីត្រូវឪពុកចុងកាប់១កាំបិតឱ្យរងរបួសរួចមក ជនបង្កក៏ផ្ទុះកំហឹងស្ទុះទៅដាល់សងទៅឪចុង១ដៃវិញ បណ្តាលឱ្យចំភ្នែកខាងឆ្វេងយ៉ាងពេញទំហឹង ធ្វើឱ្យបែកភ្នែកហើមប៉ោងរងរបួសជាទំងន់តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះជាឪពុកចុងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួននាំយកទៅអប់រំ ណែនាំរួច តម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សាក្នុងក្រុមគ្រួសារ រួចក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕