ខេត្តកំពង់ស្ពឺ ៖ យុវជន៣នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា ព្រោះតែខឹងនឹងបុរសជាមេការម្នាក់ជំពាក់លុយមិនព្រមសង និងថែមទាំងបញ្ឈប់ប្អូនគេម្នាក់ពីការងារទៀតនោះ ក៏ផ្ទុះកំហឹងទប់មិនជាប់ ព្រួតគ្នាកាប់ទៅលើបុរសរងគ្រោះចំនួន៤ដាវ តែគ្រាន់រងរបួសស្រាល លុះបុរសរងគ្រោះតដៃវិញ បណ្តាលឱ្យយុវជនម្នាក់ក្នុងចំណោមបងប្អូន៣នាក់របួសបែកមាត់។
ករណីហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានអូរអញ្ចា ស្ថិតក្នុងភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់។
ជនបង្កទាំង៣នាក់បងប្អូនដែលព្រួតគ្នាកាប់គេ៤ដាវ រួមមាន ទី១-ឈ្មោះខ្លឹង សុខរឿន អាយុ១៩ឆ្នាំ ទី២-ឈ្មោះខ្លឹង រ៉ាន់ អាយុ២០ឆ្នាំ និងទី៣-ឈ្មោះខ្លឹង រី អាយុ២២ឆ្នាំ។ ជនបង្កទាំង៣នាក់ មានមុខរបរជាតៃកុងបើកត្រាក់ទ័រ ឱ្យក្រុមហ៊ុនហ្គ្រេតហ្វៀល ក្នុងការដ្ឋានអូរអញ្ចា១ និងមានលំនៅក្នុងភូមិស្វាយទៀប ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។ ចំណែកជនរងគ្រោះមានឈ្មោះឡុក បូណារិទ្ឋ អាយុ៣៣ឆ្នាំ មុខរបរជាអ្នកគ្រប់គ្រងការដ្ឋានអូរអញ្ចា១និង២ មានលំនៅផ្ទះលេខ ៣៣Eo ផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បច្ចុប្បន្នស្នាក់នៅការដ្ឋានខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបង្កទាំង៣នាក់បងប្អូនខាងលើ បាននាំគ្នាមករករឿងឈ្លោះប្រកែកជាមួយនឹងជនរងគ្រោះដែលជាអ្នកគ្រប់គ្រងការដ្ឋាន មូលហេតុដោយសារតែក្រុមជនបង្កខឹងរឿងជនរងគ្រោះជំពាក់លុយមិនព្រមសង និងថែមទាំងគុំគួនរឿងបញ្ឈប់ប្អូនរបស់គេ ឈ្មោះខ្លឹង សុខរឿន ពីការងារទៀត ទើបធ្វើឱ្យកើតជាជម្លោះតឹងសសៃកដាក់គ្នាតែម្តង។
ប្រភពដដែលបន្តថា បន្ទាប់ពីទាស់សម្តីតឹងសរសៃករួចមក ស្រាប់តែភាគីជនបង្កបានព្រួតគ្នាកាប់ប្រហារទៅលើជនរងគ្រោះ ចំនួន៤ដាវ ចំក្បាល២ដាវ និងចំបោះដៃផុត២ដាវ និងថែមទាំងបានយកដំបងវាយចំស្មាខាងឆ្វេងរបស់ជនរងគ្រោះទៀត តែជនរងគ្រោះគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ហើយភ្លាមនោះ ជនរងគ្រោះបានតដៃវិញ ក៏ធ្វើឱ្យជនបង្កម្នាក់ក្នុងចំណោម៣នាក់ ទទួលរងរបួសបែកមាត់។
ក្រោយកើតហេតុ ជនបង្កទាំង៣នាក់ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួននាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕