លោកយឹម សុសត្យា ហៅលីម៉េង ជាអ្នកគ្រប់គ្រងផលិតកម្ម Rock និងជាជំនួយការលោកឧកញ៉ាគិត ធាង បានរួមដំណើរជាមួយលោករ៉ាម៉ី ហាម៉េត ជាជនជាតិអេហ្សីព ដែលជាជំនួយការលោកឧកញ៉ាគិត ធាង និងជាអ្នក IT ប្រចាំផលិតកម្ម Rock នោះ បានចេញដំណើរទៅទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ដើម្បីយកភាពយន្ដខ្នាតធំ២រឿងរបស់ខ្លួន ចូលទៅមហាស្រពភាពយន្ដអន្ដរជាតិ នៅទីក្រុងហុងកុង (Hong Kong Film Festival Art 2018) ដែលមាន៣៥ប្រទេស និងមានកាស្តង់តាំងបង្ហាញដល់ទៅ១៨៥។
នេះមិនមែនមែនជាលើកទី១ឡើយ សម្រាប់ផលិតកម្ម Rock ដែលមានមុខលើឆាកអន្តរជាតិនោះ ព្រោះកាលពីឆ្នាំ២០១៦ Rock ក៏បានយកភាពយន្តរបស់ខ្លួន២រឿង ចូលទៅមហាស្រពនេះដែរ គឺរឿង ”នារីវេទមន្ដ” និងរឿង” Before The fall” ខណៈដែលថ្មីៗនេះ នៅមហោស្រពប្រទេសជប៉ុន ក៏ទទួលយករឿងរបស់ Rock ២រឿងទៅដាក់បញ្ចាំងដែរ គឺរឿង ”ប៉ុបពីទៅហូលីវូដ”។
លោកយឹម សុសត្យា ហៅលីម៉េង អ្នកគ្រប់គ្រងផលិតកម្ម Rock បានឲ្យដឹងថា ”នេះគឺជាមោទនភាពមួយរបស់ផលិតកម្ម Rock ដែលបានចេញទៅក្នុងតំណាងឲ្យប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិដ៏ធំនេះ ព្រោះក្នុងចំណោមផលិតកម្មក្នុងស្រុកដែលដាក់ទៅមហោស្រពភាពយន្ដនៅហុងកុង ឆ្នាំនេះ គឺមានតែផលិតកម្ម Rock ទេ ដែលត្រូវបានគេជ្រើសយកឲ្យចូលក្នុងវេទិកានេះ នេះជាលើកទី២ហើយដែល Rock ត្រូវបានជ្រើសយក ព្រោះកាលពីឆ្នាំ២០១៦ ខ្ញុំក៏យករឿង២ទៅបង្ហាញ ហើយយើងទទួលបានភាពជោគជ័យជាខ្លាំង តាមរយៈរឿង ”នារីវេទមន្ដ” និងរឿង ”BeforeTheLove”។ សម្រាប់ឆ្នាំ២០១៨នេះ Rock បានយក២រឿងទៀត ទៅហុងកុង គឺរឿង ”Why?” វគ្គ១ ដែលដាក់បញ្ចាំងនៅថ្ងៃទី១៩ ខែមីនា និងរឿង ”សិស្សប្អូនសំណព្វចិត្ត” ដាក់បញ្ចាំងថ្ងៃទី២១ ខែមីនា។ សម្រាប់ខ្ញុំយល់ថា នេះជាឱកាសមាសមួយសម្រាប់ផលិតកម្ម Rock នៅលើឆាកអន្ដរជាតិ ដែលយើងអាចបង្ហាញពីវប្បធម៌អរិយធម៌របស់ខ្មែរ នៅលើឆាកអន្ដរជាតិ រួមទាំងបង្ហាញពីសក្ដានុពលរបស់ខ្មែរ ទីតាំងសម្រាប់ការថតភាពយន្ដ ហើយយើងអាចនឹងឈានទៅចាប់ដៃគូជាមួយអន្ដរជាតិ ដែលចង់មកថតភាពយន្ដនៅស្រុកខ្មែរ។ វេទិការដ៏ពិសេសនេះ ក៏ជាឱកាសដែលយើងអាចមើលឃើញគុណភាពបរទេស ដើម្បីពង្រឹងគុណភាព ហើយគេក៏មើលពីយើងដែរ”។
លោកលីម៉េង មានជំនឿចិត្តថា ភាពយន្ដទាំង២របស់ផលិតកម្ម Rock ដែលលោកទៅដាក់បញ្ចាំងនៅមហោស្រពភាពយន្ដអន្ដរជាតិនៅទីក្រុងហុងកុងនេះ នឹងទទួលបានការចាប់អារម្មណ៍លើឆាកអន្ដរជាតិជាមិនខានដែលនេះជាជំហានមួយទៀត សម្រាប់ Rock ក្នុងការវាយលុកទីផ្សារបរទេស ហើយលោកនិងលោករ៉ាម៉ី ហាម៉េត នឹងត្រឡប់មកស្រុកវិញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨៕