Wednesday, October 8, 2025
Homeព័ត៌មានជាតិរំសាយកំហឹង វាយបាក់ខ្ទេច ព្រោះខឹងប្រពន្ធស្តីបន្ទោស

រំសាយកំហឹង វាយបាក់ខ្ទេច ព្រោះខឹងប្រពន្ធស្តីបន្ទោស

ភ្នំពេញ ៖ បុរសប្រមឹកម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ចូលដល់ផ្ទះត្រូវប្រពន្ធស្តីបន្ទោស ពីរឿងដើរផឹកស៊ីមិនជួយធ្វើការរកស៊ី ចិញ្ចឹមគ្រួសារ ស្រាប់តែមួម៉ៅក្តៅចិត្ត ដើរទៅធ្វើសកម្មភាពវាយកំទេចបង់អង្គុយ ដែលសាលាសង្កាត់ដាក់ទុកសម្រាប់ឱ្យប្រជាពលរដ្ឋអង្គុយលេង បណ្តាលឱ្យបាក់អស់ចំនួន៧បង់ ក៏ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ អូសយកទៅចាត់ការតាមច្បាប់។

ករណីបុរសប្រមឹកខឹងប្រពន្ធស្តីបន្ទោសតិចតួច បែរជាទៅវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ តាមផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ជនបង្កហេតុដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ាន់ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកដើមបណ្តឹងមានឈ្មោះជា សំអាង ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរជាចៅសង្កាត់រងនៃសាលាសង្កាត់ច្បារអំពៅ២ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ៣៦៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ជនបង្កខាងលើបានផឹកស្រាស្រវឹង លុះត្រឡប់ទៅដល់ផ្ទះវិញ ក៏ត្រូវប្រពន្ធស្តីបន្ទោសពីរឿងដើរផឹកស៊ីមិនជួយរកស៊ីចិញ្ចឹមគ្រួសារ ទើបធ្វើឱ្យកើតមានជម្លោះពាក្យសម្តីជាមួយគ្នាមួយប៉្រាវ តែមិនឈានដល់អំពើហិង្សានោះទេ។

ប្រភពដដែលបន្តថា បន្ទាប់ពីឈ្លោះគ្នាជាមួយប្រពន្ធរួច ជនសង្ស័យស្រាប់តែមួម៉ៅក្តៅចិត្ត ក៏ដើរទៅធ្វើសកម្មភាពលើកបង់ថ្មសាធារណៈ ដែលសាលាសង្កាត់ច្បារអំពៅ២ ដាក់សម្រាប់ទុកឱ្យប្រជាពលរដ្ឋអង្គុយលេងកម្សាន្តនៅចំណុចកើតហេតុខាងលើ ផ្តួលនិងវាយកំទេច បណ្តាលឱ្យបាក់បែកខូចខាតបង់ថ្មសាធារណៈចំនួន៧បង់។

ប្រភពខាងលើបញ្ជាក់ថា ក្រោយកើតហេតុ លោកចៅសង្កាត់រង ក៏បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ចាត់ការតាមច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនបង្កហេតុឈ្មោះម៉ាន់ វាសនា នេះ គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនរយៈពេល៣ឆ្នាំមកហើយ៕

RELATED ARTICLES