ភ្នំពេញ ៖ ករណីក្មេងទំនើង២ក្រុមផ្ទុះជម្លោះក្នុងវង់រាំធុងបាស រហូតឈានដល់អំពើហិង្សាដេញកាប់ចាក់គ្នា បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ នៅចំណុចខាងជើងសាកលវិទ្យាល័យអន្តរជាតិអាយយូ លើផ្លូវបេតុង ស្ថិតក្នុងភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់ជាបន្តបន្ទាប់បានចំនួន២នាក់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។
ជនសង្ស័យដៃដល់ទាំង២នាក់ ដែលកាប់បុរសម្នាក់ស្លាប់តាំងពីជាង៣ខែមុន រួចព្យាយាមរត់គេចខ្លួនអស់រយៈពេលជាង៣ខែ ទើបកម្លាំងអាវុធហត្ថតាមចាប់បាន រួមមាន ទី១-ឈ្មោះចាន់ វ៉ាន់ណូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាសន្តិសុខឯកជន ត្រូវបានឃាត់ខ្លួននៅចំណុចមុខ សាលាអន្តរជាតិផ្លេននីងតាមផ្លូវលេខ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ និងទី២-ឈ្មោះចាន់ វ៉ាន់ណេត ហៅម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្ត ត្រូវបានឃាតខ្លួននៅចំណុចផ្លូវបេតុង រោងចក្រសាំហាន់ សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះអេង តារា អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនរងគ្រោះដែលទទួលរងរបួសធ្ងន់ មានឈ្មោះប្រាក់ សុខុន អាយុ២៧ ឆ្នាំមុខរបរមន្ត្រីរដ្ឋាករទឹក ស្នាក់នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ត្រូវក្រុមជនបង្កចូលកាប់ដល់ក្នុងផ្ទះ ដោយសារកាយល់ច្រឡំ)។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា ឆាកប្រយុទ្ធស៊ីសាច់ហុតឈាម ដែលមានស្លាប់មានរបួសនោះ គឺជារឿងក្រុមបងតូចបងធំ ប្រចាំភូមិប៉ះទង្គិចគ្នា ពោលគឺមិនមានរឿងអីធំដុំទេ ប៉ុន្តែដោយសារពួកគេទាំងសងខាងសុទ្ធខ្លាំងរៀងខ្លួន ទើបធ្វើឱ្យកើតជាការ ប្រុយុទ្ធបង្ហូរឈាមគ្នាបែបនេះតែម្តង។
គួររំលឹកថា កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ មានករណីឃាតកម្មមួយ បានកើតឡើងនៅចំណុចខាងជើងសាកលវិទ្យាល័យអន្តរជាតិអាយយូ លើផ្លូវបេតុង ស្ថិតក្នុងភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយក្មេងទំនើងចំនួន២ក្រុម បាននាំគ្នាចូលរាំលេងធុងបាស់ក្នុងពិធីមង្គលការមួយ លុះដល់ពាក់កណ្តាលអធ្រាត្រ ក៏កើតមានជម្លោះក្នុងវង់រាំ រហូតឈានដល់អំពើហិង្សា ទាញដាវនិងដំបង ដេញវាយកាប់ចាក់គ្នា បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនដល់មន្ទីពេទ្យ ចំណែកម្នាក់ទៀតរបួសធ្ងន់ រីឯក្រុមជនដៃដល់ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ចំនួន៦នាក់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ មានពិធីរៀបអាពាហ៍ពិពាហ៍មួយនៅចំណុចភូមិសែនសុខទី៧ ទីតាំងកើតហេតុខាងលើ លុះពេលយប់ក៏មានកម្មវិធីចាក់ធុងបាស់រាំរែកយ៉ាងសប្បាយក្អាកក្អាយ ហើយការរាំរែក ត្រូវបានបញ្ចប់ទៅវិញនៅវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ដោយមិនមានបញ្ហាអ្វីនោះទេ។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានក្មេងស្ទាវចំនួនពីរក្រុម មិនដឹងថាមកពីណា និងមានរឿងអ្វីនឹងគ្នានោះទេ សង្ស័យកើតមានជំលោះក្នុងវង់រាំ ទើបភាគីម្ខាងប្រដាប់ដោយដាវនិងដំបងគ្រប់ដៃ បានធ្វើការរត់ដេញកាប់ចាក់ វាយតប់គ្នាទៅវិញទៅមកត្រង់ចំណុចកើតហេតុយ៉ាងសាហាវឃោរឃៅ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែកម្នាក់ទៀត ត្រូវក្រុមជនដៃដល់ចូលទៅកាប់ដល់ក្នុងផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់ ត្រង់មាត់ដេរ១០ថ្នេរ ម្រាមដៃឆ្វេងដេរ១០ថ្នេរ និងម្រាមដៃស្តាំដេរ៥ថ្នេរ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ដើម្បីសង្គ្រោះជីវិត តែអកុសល នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះអេង តារា បានដាច់ខ្យល់ស្លាប់យ៉ាងអាណោច អធ័ម។
ជនសង្ស័យ២នាក់ដែលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕