Wednesday, October 8, 2025
Homeព័ត៌មានជាតិបាត់ខ្លួន៥ថ្ងៃ ខឹងម្តាយស្តីបន្ទោស ជិះកង់រហូតដាច់បាយដួលសន្លប់ រកឃើញតាមសារព័ត៌មាន "នគរធំ"

បាត់ខ្លួន៥ថ្ងៃ ខឹងម្តាយស្តីបន្ទោស ជិះកង់រហូតដាច់បាយដួលសន្លប់ រកឃើញតាមសារព័ត៌មាន “នគរធំ”

ខេត្តកំពង់ចាម ៖ ក្មេងស្រីវ័យជំទង់ម្នាក់ ដែលបាត់ខ្លួនចេញពីផ្ទះឯភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ដោយគ្មានដំណឹងតាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ធ្វើឱ្យឪពុកម្តាយភ័យឆោឡោតាមស្វែងរកស្ទើរខ្សោះខ្យល់នោះ ត្រូវក្រុមគ្រួសារតាមរកឃើញវិញហើយ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅឯមន្ទីរពេទ្យសម្ភពក្រុង ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីក្មេងស្រីរងគ្រោះខឹងនឹងម្តាយជេរស្តី ក៏ជិះកង់ចេញពីផ្ទះរហូតដល់ភ្នំពេញ ធ្វើឱ្យដាច់បាយដួលសន្លប់ និងត្រូវអង្គការមួយជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្មេងស្រីជំទង់ដែលបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល៥ថ្ងៃ ទើបក្រុមគ្រួសារតាមរកឃើញនេះ មានឈ្មោះហួន គឹមឡាង អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន។ ក្រោយពេលតាមរកក្មេងស្រីខាងលើឃើញ ទើបនាងបញ្ជាក់ប្រាប់ថា មូលហេតុដែលនាងចេញពីផ្ទះ ដោយសារតែខឹងនឹងម្តាយជេរស្តី ទើបជិះកង់ចេញពីផ្ទះ ទាំងគ្មានគោលដៅ ចេះតែរសាត់អណ្តែត រហូតដល់រាជធានីភ្នំពេញ លុះហត់នឿយអស់កម្លាំងផង ដាច់បាយផង ក៏ដួលសន្លប់បាត់ស្មារតី និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ប្រាប់អង្គការមិត្តសំឡាញ់ ជួយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

លោកអឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន បានឱ្យដឹងថា កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ប៉ុស្តិ៍នគរបាលរដ្ឋបាលមហាខ្ញូង បានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីស្ត្រីឈ្មោះមុំ សារឿន អាយុ៥០ឆ្នាំ រស់នៅភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ត្រូវជាម្តាយរបស់ក្មេងស្រីដែលបាត់ខ្លួនចេញពីផ្ទះ ដោយប្រាប់ថា  ករណីក្មេងស្រីឈ្មោះហួន គឹមឡាង (កូនស្រីរបស់គាត់) បាត់ខ្លួនចេញពីផ្ទះ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នោះ ពេលនេះគាត់បានរកឃើញកូនស្រីវិញហើយ ដោយកូនស្រីកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយឯរាជធានីភ្នំពេញ។

លោកអធិការ បន្តថា តាមការបំភ្លឺពីស្ត្រីជាម្តាយរបស់ក្មេងស្រីរូបនេះ បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ គាត់ជាម្តាយបានជេរស្តីបន្ទោសកូនស្រីតិចតួច បន្ទាប់មកស្រាប់តែកូនស្រីនេះ បានជិះកង់ចេញពីផ្ទះ ដោយគ្មានគោលដៅរហូតធ្លាយទៅដល់ រាជធានីភ្នំពេញ។ លុះពេលជិះកង់ទៅដល់ចំណុចភូមិសាស្ត្រសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដោយសារតែហត់នឿយអស់កម្លាំងពេក ណាមួយគ្មានលុយជាប់ខ្លួនរកទិញអ្វីហូបមិនបាន ទើបធ្វើឱ្យនាងខ្សោះខ្យល់ដួលសន្លប់តាមផ្លូវ និងត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាជួយ និងផ្តល់ដំណឹងដល់អង្គការមិត្តសំទ្បាញ់ ហើយក៏ត្រូវបានខាងអង្គការមិត្តសំឡាញ់ ខាងលើ បាននាំកុមារីរងគ្រោះចូលសំរាកព្យាបាលនៅមន្ទីរពេទ្យសម្ភពក្រុង ឯខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកអធិការ បានឱ្យដឹងទៀតថា ស្ត្រីជាម្តាយក្មេងស្រីបានបញ្ជាក់ទៀតថា ការរកឃើញកូនស្រីរបស់គាត់នេះ គឺដោយសារនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ មានស្ត្រីម្នាក់ជាប្រិយ៍មិត្តអ្នកអានសារព័ត៌មាន “នគរធំ” បានអានឃើញការផ្សាយអំពីដំណឹងបាត់ខ្លួនរបស់កូនស្រីគាត់ ដែលបានចុះផ្សាយលើសារព័តមាន “នគរធំ” ហើយក៏បានទំនាក់ទំនងផ្តល់ដំណឹងដល់ការិយាល័យសារព័ត៌មាន “នគរធំ” ទើបខាងសារព័ត៌មានបានផ្តល់ដំណឹងបន្តទៅប្រាប់សមត្ថកិច្ច ហើយសមត្ថកិច្ចក៏បន្តផ្តល់ដំណឹងប្រាប់ពួកគាត់ជាឪពុកម្តាយនៅឯស្រុកកំណើត ឡើងមកទទួលកូនស្រីដល់ក្នុងមន្ទីរពេទ្យតែម្តង។

លោកវរសេនីយ៍ឯក ចាន់ ហោ នាយរងការិយាល័យកណ្តាលយុត្តិធម៍នៃស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ លោកបានទទួលដំណឹងកន្លែងក្មេងស្រីរងគ្រោះសំរាកព្យាបាល លោកក៏បានទាក់ទងទៅអាណាព្យាបាលទៅទទួលយកមកផ្ទះវិញ។ ពេលនេះអាណាព្យាបាលបានទៅដល់មន្ទីរពេទ្យ និងបានជួបកូនស្រី ហើយរង់ចាំអាការៈកូនស្រីបានធូរស្បើយ ទើបត្រឡប់មកផ្ទះវិញ។

បន្ទាប់ពីតាមរកកូនស្រីឃើញ អាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះបានសម្តែងនូវអារម្មណ៍រំភើប ត្រេកអររកអ្វីប្រៀបផ្ទឹមពុំបាន និងបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ និងអង្គការមិត្តសំទ្បាញ់ ស្ត្រីជាប្រិយ៍មិត្តអ្នកអានកាសែត “នគរធំ” ព្រមទាំងអង្គភាពសារព័ត៌មាន “នគរធំ” ជាពិសេសសមត្ថកិច្ចខេត្តកំពង់ចាម ដែលបានខិតខំជួយអន្តរាគមន៍ រហូតឈានដល់ការតាមរកកូនស្រីរបស់ពួកគាត់ឃើញវិញ៕

RELATED ARTICLES