ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យកម្រិតស្រាល កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវ លើករណីចោរកម្មដ៏សកម្មក្នុងការធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ នៅតាមលំនៅឋានប្រជាពលរដ្ឋ ស្ថិតនៅភូមិ៣ សង្កាត់២ ក្រុង-ខេត្ត ព្រះសីហនុ ឈានដល់ចាប់ខ្លួនជនសង្ស័យ២នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនផងដែរ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ DEWI JUNIWATI ភេទស្រី អាយុ២៦ឆ្នាំ មុខរបរជាបុគ្គលិកកាស៊ីណូ THE RICH កាន់លិខិតឆ្លងដែនលេខ B790-5426 ស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុថា មានជនសង្ស័យបានលួចរបស់ទ្រព្យនាងនៅក្នុងបន្ទប់ ខណៈដែលដេកលង់លក់ កំពុងបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញរបស់ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ២ សង្កាត់លេខ៤ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់រហូតកំណត់បានមុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជនសង្ស័យ២នាក់ នាំមកសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ជនសង្ស័យ ដែលត្រូវប៉ូលិសចាប់ខ្លួនទី១-ឈ្មោះរីម សុភ័ក្ត្រ ហៅភាព ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបណ្តោះអាសន្ននៅក្រុមទី៥ ភូមិ២ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ (ជនដៃដល់) ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន៣ លើករួចមកហើយ ទើបតែចេញពីពន្ធគារថ្មីៗ ទី២-ឈ្មោះង៉ាន វណ្ឌី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាជាងភ្លើង ស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ជាអ្នកសមគំនិត។
សមត្ថកិច្ចដកហូតលុយដុល្លារ ១០០០ដុល្លារ ម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគី វីវ៉ា ពណ៌ខ្មៅ ស្លាកលេខ រាជការ ៤៣៩៩ (មធ្យោបាយធ្វើសកម្មភាព) កុំព្យូទ័រយួរដៃ២គ្រឿង (១ម៉ាក LENNOVO ២ម៉ាក ASUS) អាយផេត ៤គ្រឿង ទូរស័ព្ទដៃ៥០គ្រឿង ម៉ាក Iphone ១៥គ្រឿង ម៉ាក OPPO ៨គ្រឿង ម៉ាក SAMSUNG ៩គ្រឿង ម៉ាកHUAWEI ១គ្រឿង ម៉ាក VIVO ៦គ្រឿង ម៉ាកMI ៥គ្រឿង ម៉ាក HTC ១គ្រឿង ម៉ាក HONER ១គ្រឿង ម៉ាក LG ១គ្រឿង ម៉ាក ASUS ១គ្រឿង ទូរស័ព្ទចិន ២គ្រឿង។
ជនសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ ដើម្បីសាកសួរ និងកសាងសំណរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកវត្ថុតាង សមត្ថកិច្ចដកហូតប្រគល់ឱ្យម្ចាស់វិញ៕