តារាសិចស៊ី នាងដួង ម៉ានិច្ច ដែលជាអ្នកសម្ដែងចូលចិត្តបង្ហាញកាយវិការឲ្យប្រុសៗជ្រួលជ្រើម ស្រើបស្រាល ជាមួយដងខ្លួន និងចង្កេះល្វត់ល្វន់ គួរឲ្យចង់ស្ទាបអង្អែលនោះ ស្រាប់តែលេចមុខលើឆាតន្ដ្រី “ខារ៉ាបាវ Spark Concert 2018” របស់ប៉ុស្ដិ៍លេខ៥ ដោយរាំគ្រលែងចង្កេះ ធ្វើឲ្យផ្អើលអស់ប្រុសក្មេង សុគន្ធ ដេវីត ចង់បះសក់ដោយសារតែនាងស្រីពេជ្រ ពូកែរាំគ្រលែងខ្លាំងពេក។
អ្នកទស្សនាផ្ទាល់ហ៊ោកញ្ច្រៀវពេញឆាកតន្ដ្រីនៅស្ប៉ាក នោះ ពេលឃើញនាងស្រីពេជ្រ រាំដោយឱបរឹតជាមួយលោកដេវីត ដោយគ្មានខ្លាចអ្នកចម្រៀងរូបនេះកេងចំណេញលើរាងកាយដ៏ល្វត់ល្វន់របស់នាងនោះឡើយ ហើយពួកគេស្រែកថា ”ដាក់ឲ្យអស់ដៃទៅ ស្រីពេជ្រ…”។
ដួង ស្រីពេជ្រ និយាយដោយសប្បាយរីករាយថា “នាងស្គាល់និងរាប់អានគ្នាជាមួយលោកដេវីត ជាយូរមកហើយ អីចឹងបានជាចង់ឲ្យប្លែក ពេលដឹងថា ដេវីត ឡើងឆាកតន្ដ្រីខារ៉ាបាវ នេះ នាងក៏ណាត់គ្នាលេងឲ្យអស់ដៃទៅ ហើយគ្មានគំនិតប៉ុនសរសៃសក់ថា ដេវីត កេងចំណេញលើរាងកាយនាងនោះឡើយ”។
ស្រីពេជ្រ ថ្លែងថា ”កន្លងមក ទស្សនិកជនបានស្គាល់ខ្ញុំច្រើនតាមរយៈការរាំបែបសិចស៊ី ដូចជា បទ ”រាំគ្រលែង” អីចឹងគេមើលច្រើនណាស់ ហើយពេលជួបពួកគាត់ គេប្រាប់ខ្ញុំថា បងរាំសម រាំស្អាតអី ខ្ញុំមានតែសប្បាយចិត្ត។ សម្រាប់ខ្ញុំមិនមែនចូលចិត្តសម្ដែងរាំឲ្យគេឃើញស្រើបស្រាលនោះទេ ប៉ុន្តែគ្រាន់តែថា សិល្បៈគឺយើងសម្ដែងត្រូវធ្វើឲ្យដល់ ខ្ញុំធ្លាប់បានដំបូន្មាននេះពីរៀមច្បង លោកទេព រិនដារ៉ូ អីចឹងខ្ញុំមិនខ្លាចទេគ្រាន់តែសម្ដែងនោះ។ ចំពោះលោកដេវីត ខ្ញុំស្គាល់រាប់អានគ្នាជាយូរមកហើយ គឺជាមិត្តភក្ដិ គ្មានអីផ្សេងទាក់ទងស្នេហាគ្នាអី អត់មានរឿងហ្នឹងទេ សូមធានា ព្រោះថាកន្លងមកគេចេះតែថា លោកដេវីត ស្រលាញ់ប្រុស មិនមែនស្រីទេ អីចឹងសូមបងឯង (អ្នកសារព័ត៌មាន) សួរគាត់ ឲ្យគាត់បកស្រាយរឿងហ្នឹងផង”។
លោកសុគន្ធ ដេវីត ហាក់មានអារម្មណ៍ភ័យៗ នៅពេលដែលត្រូវសួរថា ស្រលាញ់ប្រុស ឬស្រលាញ់ដួង ស្រីពេជ្រ នោះ ដោយអ្នកចម្រៀងរបស់ផលិតកម្ម BN រូបនេះ និយាយញ័រៗមាត់ថា ”អត់ទាំង២ ស្រីពេជ្រ ក៏ខ្ញុំមិនស្រលាញ់ ប្រុសក៏ខ្ញុំមិនស្រលាញ់ដែរ។ កន្លងមកខ្ញុំអន់ចិត្តដែរ ដែលគេនិយាយថា ខ្ញុំហ្នឹងស្រលាញ់ប្រុស មិនស្រលាញ់ស្រីទេ ការនិយាយបែបនេះផ្ដេសផ្ដាសពេកហើយ អាងតែខ្ញុំមិនមាត់មិនតបត។ ចំពោះរឿងទាក់ទងគ្នាជាមួយដួង ស្រីពេជ្រ នោះ គ្រាន់តែជាមិត្តភក្ដិធម្មតាៗទេ គ្មានអ្វីពិសេសលើសពីហ្នឹងឡើយ”។
ក្រៅពីដួង ស្រីពេជ្រ ដឹកដៃប្រុសក្មេងសុគន្ធ ដេវីត ឡើងគ្រលែងចង្កេះពេញឆាកតន្ដ្រី “ខារ៉ាបាវ Spark Concert 2018” កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នោះ ក៏មានតារា២ដួងមកពីផលិតកមម្ម២ផ្សេងគ្នាទៀតដែរ ដែលឡើងបុកគ្នាលើឆាកតន្ដ្រីតែមួយនេះ គឺមាននាងចំរើន សុភ័ក្រ របស់ផលិតកម្មហង្សមាស និងនាងនីរ័ត្ន របស់ផលិតម្មថោន ដែលពួកគេសុទ្ធតែមានក្រុមរាំអមផ្ទាល់ខ្លួនដាច់ដោយឡែកពីគ្នា។ ចំរើន សុភ័ក្រ ច្រៀងបទ ”អូនលែងសំខាន់ហើយមែនទេ?”, ”I Can do Every Things” និងបទ ”Dream With me”។
ចំរើន សុភ័ក្រ បានឲ្យដឹងថា ”ទោះជាខ្ញុំក្លាយខ្លួនជាអ្នកចម្រៀងសម័យក្ដី តែខ្ញុំនៅតែបន្ដបទប្រពៃណីដូចមុនអីចឹង ខ្ញុំនៅតែច្រៀងការកាត់សក់តាមអតិថិនជនកុម្មង់ ហើយការច្រៀងបុរាណនេះ ខ្ញុំប្រឡូកតាំងពីមុនខ្ញុំចូលហង្សមាស ម្លេះ គឺ១កម្មវិធី ស៊ីថ្លៃ១ក្រុមកាត់សក់ ចាប់ពី៦០០ដុល្លារ រហូតដល់១ពាន់ដុល្លារ ទៅតាមការកុម្មង់។ នៅខែមេសា មុនចូលឆ្នាំខ្មែរនេះដែរ ខ្ញុំនឹងត្រៀមចេញទៅអាមេរិក ជាមួយបងស្រីខ្ញុំ រយៈពេលជាង១ខែ ហើយនេះជាលើកទី៤ហើយសម្រាប់ការទៅអាមេរិក នេះ”។
ដោយឡែក តារាចម្រៀងផលិតកម្មថោន នាងនីរ័ត្ន វិញច្រៀងបទ ”កុលាបពុលដីឈ្មោះស្រីមិនល្អ”, ”លុយអើយលុយ”, ”មានក្រគង់តែស្លាប់” និងបទ”វ៉ល់ៗ”។
នីរ័ត្ន ប្រាប់អ្នកកាសែតថា នាងនឹងចេញទៅច្រៀងសម្ដែងនៅប្រទេសអូស្រ្ដាលី រយៈពេល១ខែកន្លះ ជាមួយតារាចម្រៀងម៉ៅ ហាជី និងលោកហុងដា ដែលនឹងចេញដំណើរនៅខែមេសា ឆ្នាំ២០១៨ នេះ មុនបុណ្យចូលឆ្នាំខ្មែរ៕