ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្កាត់ដំណើរចេញពីផ្ទះឯខេត្តកំពង់ឆ្នាំង តាមមករកមុខប្តីជាចៅសង្កាត់នៅរាជធានីភ្នំពេញ ដែលបានការងារល្អធ្វើធំមុខធំមាត់ ស្រាប់តែបែកគំនិតលួចដាក់ពាក្យបណ្តឹងសុំលែងលះប្រពន្ធស្ងាត់ៗ បំណងដោះដៃយករួចខ្លួន មិនទទួលស្គាល់ប្រពន្ធកូន ទើបធ្វើឱ្យគាត់ជាប្រពន្ធដែលធ្លាប់រួមរស់នឹងគ្នាជាង១០ឆ្នាំ ទ្រាំមិនបាន ក៏តាមមកជួបមុខប្តីដល់សាលាសង្កាត់ បែរជាប្តីព្យាយាមគេចមុខមិនព្រមចេញមកជួប រួចប្រើឱ្យកូនចៅតាមមករារាំងថែមទៀត។
ហេតុការណ៍ប្រពន្ធតាមរកប្តីផ្អើលពេញកន្លែងធ្វើការនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចសាលាសង្កាត់កាកាប២ មានទីតាំងស្ថិតក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីដែលតាមមកជួបមុខប្តី តែប្តីមិនព្រមជួបនេះ មានឈ្មោះអ៊ល ពិសី អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងចិសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ចំណែកបុរសជាប្តី មានឈ្មោះម៉ាលី ពិសិដ្ឋ ជាចៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នាងនិងប្តី (ចៅសង្កាត់កាកាប២) បានរួមរស់ជាមួយគ្នាអស់រយៈពេលជាង១០ឆ្នាំមក ហើយគ្រាន់តែមិនបានរៀបការ ឬចុះអេតាស៊ីវិលអ្វីជាមួយគ្នាទាំងអស់។ ពួកគាត់បានចាប់ដៃគ្នាជាប្តីប្រពន្ធតាំងពីនៅក្រក្រី និងបានបង្កើតបានកូនប្រុសស្រីជាបន្តបន្ទាប់ចំនួន៣នាក់ ក្នុងនោះកូនស្រីបងឈ្មោះពិសិដ្ឋ សុខិតា អាយុ១៧ឆ្នាំ កូនស្រីទី២ឈ្មោះ ពិសិដ្ឋ ថាភរិយា អាយុ១០ឆ្នាំ និងកូនប្រុសពៅ ឈ្មោះពិសិដ្ឋ លីវណ្ណលាភ អាយុ៥ឆ្នាំ។
ស្ត្រីជាប្រពន្ធ បានបន្តថា តាមពិតនៅមុនពេលចាប់ដៃគ្នា នាងជាស្រីមេម៉ាយមានកូនស្រីម្នាក់ ចំណែកប្តីក៏ជាបុរសពោះម៉ាយមានកូនម្នាក់ដែរ។ លុះពេលបានគ្នាជាប្តីប្រពន្ធ ប្តីនាងបានឱ្យនាងលុបនាមត្រកូលប្តីមុនរបស់កូនស្រីចោល និងយកឈ្មោះរបស់ខ្លួនដាក់ជំនួសវិញ។ ក្រោយមកនាងបានប្រឹងរកស៊ីលក់ចាប់ហួយចិញ្ចឹមគ្រួសារ និងរស់នៅប្រកបដោយសុភមង្គល។ បន្ទាប់មក ដោយសារតែលោកប្តីមានមហិច្ឆិតាធំ ទើបបានប្រាប់ឱ្យនាងជាប្រពន្ធសេងអីវ៉ាន់ចាប់ហួយយកលុយ និងខ្ចីលុយធនាគារ ចំនួន៥ពាន់ដុល្លារ ព្រមទាំងលក់គ្រឿងអលង្ការមាស២តម្លឹង ប្រមូលយកលុយមកឱ្យគាត់ ដើម្បីរកការងារធ្វើនៅភ្នំពេញ និងបានស្នាក់នៅផ្ទះជួលតែម្នាក់ឯង។
ស្ត្រីជាប្រពន្ធ បានឱ្យដឹងទៀតថា ពេលមកដល់ភ្នំពេញ លោកប្តីបានការងារជាចៅសង្កាត់រងទី២សង្កាត់កាកាប ចំណែករឿងរ៉ាវក្នុងគ្រួសារគ្មានភាពរកាំរកូសអ្វីទាំងអស់ ពោលគឺប្តីនៅតែឡើងចុះខេត្តកំពង់ឆ្នាំង ជួបមុខប្រពន្ធកូនដូចធម្មតា។ រហូតដល់ក្រោយមក បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ ប្តីនាងក៏បានក្លាយទៅជាចៅសង្កាត់កាកាប២ ប៉ុន្តែមិនបានប្រាប់ឱ្យនាងជាប្រពន្ធដឹងឡើយ គឺចេះតែព្យាយាមលាក់លៀមរហូត។ តាំងពីពេលដែលប្តីឡើងបុណ្យស័ក្តិជាចៅសង្កាត់មក ស្រាប់តែភ្លេចរូបនាង និងកូនៗ៣នាក់ មិនតែប៉ុណ្ណោះថែមទាំងលួចដាក់ពាក្យប្តឹងលែងលះជាមួយនាងស្ងាត់ៗទៀត កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ទាំងដែលនាងជាប្រពន្ធមិនដឹងខ្យល់អ្វីទាំងអស់ និងគ្មានកំហុសសោះ ហើយមូលហេតុនៃការលែងលះនេះ ត្រូវនាងសង្ស័យថា មកពីលោកប្តីមានស្រីថ្មី ហើយជាអ្នកធ្វើការជាមួយទៀតផង។
ស្ត្រីជាប្រពន្ធរូបនេះ បានបន្ថែមថា ក្រោយពីត្រូវប្តីប្តឹងលែងលះរួចមក នាងពិបាកចិត្តណាស់ លុះមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នាងបានតាមរកប្តីដែរ ប៉ុន្តែប្តីគេចមិនជួបមុខនាងទេ លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ តុលាការបានកោះហៅទៅសាកសួរ ហើយពេលនោះ ប្តីអះអាងដាច់ខាតថា ត្រូវតែលែងនាងចោល ប៉ុន្តែនាងវិញមិនព្រមលែងទេ។ លុះដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ តុលាការបានកោះហៅម្តងទៀត តែគាត់អត់បានទៅទេ ព្រោះអត់ស្រួលខ្លួន ហើយប្តីបានគេចរហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមីនា នេះ ទើបនាងសម្រេចចិត្តតាមរកប្តីដល់សាលាសង្កាត់តែម្តង។ ប៉ុន្តែលោកចៅសង្កាត់មិនចេញពីបន្ទប់ធ្វើការមកជួបឡើយ ដូច្នេះសុំឱ្យលោកអភិបាលខណ្ឌ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេច ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ដល់នាងផង។
ជុំវិញជម្លោះផ្ទៃក្នុងគ្រួសារលោកចៅសង្កាត់កាកាប២ ខាងលើនេះ “នគរធំ” មិនទាន់អាចសុំការបំភ្លឺពីភាគីលោកម៉ាលី ពិសិដ្ឋ ចៅសង្កាត់កាកាប២ បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕