Friday, January 17, 2025
Homeសង្គម និងជីវិតផ្ទុះជម្លោះ! ប្តីចាស់ប្រចណ្ឌប្រពន្ធក្មេង ដុតផ្ទះសម្លាប់ខ្លួន

ផ្ទុះជម្លោះ! ប្តីចាស់ប្រចណ្ឌប្រពន្ធក្មេង ដុតផ្ទះសម្លាប់ខ្លួន

ខេត្តកំពត ៖ បុរសវ័យចំណាស់ម្នាក់ ឧស្សាហ៍កើតមានជំលោះជាមួយប្រពន្ធខ្លាំងណាស់ ព្រោះតែរឿងប្រចណ្ឌ ដោយសារតែប្តីចាស់ ចេះតែគិតបារម្ភខ្លាចប្រពន្ធក្មេងមានចិត្តផិតក្បត់ លុះក្រោយពីផ្ទុះជម្លោះតឹងសរសៃកដាក់គ្នារួចហើយ បុរសជាប្តីស្រាប់តែមានគំនិតខ្លី ដុតផ្ទះសម្លាប់ ខ្លួន បណ្តាលឱ្យឆេះស្លាប់ក្នុងភ្នក់ភ្លើងចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម។

ហេតុការណ៍ប្តីប្រចណ្ឌប្រពន្ធដុតផ្ទះសម្លាប់ខ្លួនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិតាទែន ឃុំច្រេស ស្រុកជុំគិរី។

លំនៅដ្ឋានដែលទទួលរងការឆាបឆេះទាំងស្រុង ដោយសារតែម្ចាស់ដុតសម្លាប់ខ្លួននោះ មានទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ សង់ពីឈើ ប្រក់ក្បឿង ជាកម្មសិទ្ធិរបស់ឈ្មោះគង់ សឿន ភេទប្រុស អាយុ៥៥ឆ្នាំ ជាយោធិនចូលនិវត្តន៍ (ស្លាប់ក្នុងភ្នក់ភ្លើង) មានប្រពន្ធឈ្មោះសែម សុខ លីន អាយុ៣៤ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរ មានកូន៣នាក់ក្នុងបន្ទុក និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះបានកើតមានជំងឺប្រចាំកាយរាប់ឆ្នាំហើយកន្លងមកកាលពីវ័យកំលោះជនរងគ្រោះធ្លាប់បានរៀបការប្រពន្ធម្តងរួចមកហើយនៅខេត្តព្រៃវែង និងបានរួមរស់ជាមួយគ្នាបង្កើតបានកូន៥នាក់ តែក្រោយមកដោយសារតែរស់នៅមិនសូវចុះសម្រុងនឹងគ្នា ទើបជនរងគ្រោះបានសម្រេចលែងលះប្រពន្ធដើម ដោយចុះចេញតែខ្លួន ទុកកូនឱ្យនៅជាមួយប្រពន្ធដើមទាំងអស់។ លុះក្រោយមក ជនរងគ្រោះបានទាក់ទងស្នេហាជាមួយស្ត្រីឈ្មោះសែម សុខលីន និងបានទទួលយកគ្នាជាប្តីប្រពន្ធ រួមរស់មកដល់សព្វថ្ងៃ បង្កើតបានកូនចំនួន៣នាក់ (ប្រុស១ ស្រី២) ជាចំណងនិស្ស័យ។

ប្រភពដដែលបន្តថា តាំងពីចាប់ផ្តើមចូលនិវត្តន៍មកឃើញថា ជនរងគ្រោះហាក់កើតមានអារម្មណ៍ឆេវឆាវ និងមួម៉ៅចម្លែក ណាមួយស្ថានភាពជំងឺរបស់ជនរងគ្រោះក៏ឧស្សាហ៍ធ្វើទុក្ខណាស់ដែរ។ ជាមួយនេះ ជនរងគ្រោះចេះតែមានអារម្មណ៍ភ័យខ្លាចថាប្រពន្ធរបស់គាត់ ដែលមានវ័យក្មេងជាង មានចិត្តក្បត់ផិត ទៅទាក់ទងស្នេហាជាមួយនឹងប្រុសស្រី ទើបចេះតែធ្វើឱ្យមានកំណួចចិត្ត ចេះតែរករឿងឈ្លោះប្រកែកជាមួយប្រពន្ធមិនឈប់ឈរសោះ។

ប្រភពខាងលើបញ្ជាក់ថា លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ ពីរឿងប្រចណ្ឌម្តងទៀត ហើយលើកនេះ បានធ្វើឱ្យជនរងគ្រោះក្តៅចិត្តយ៉ាងខ្លាំង រហូតដល់ធ្វើសកម្មភាពដុតផ្ទះសម្លាប់ខ្លួន បណ្តាលឱ្យភ្លើងឆេះទាំងផ្ទះ ទាំងមនុស្សស្លាប់ ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម ធ្វើឱ្យប្រពន្ធកូននាំគ្នាទួញយំ ស្តាយស្រណោះទាំងជីវិតប្តី និងឪពុក ក៏ដូចជាទ្រព្យសម្បត្តិដែលត្រូវភ្លើងលេបត្របាក់គ្មានសល់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានដុតផ្ទះធ្វើអត្តឃាត ប្រាកដមែន មូលហេតុដោយសារតែភ្លើងប្រចណ្ឌ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES