ភ្នំពេញ ៖ បុរសម្នាក់ឧស្សាហ៍កើតមានជម្លោះជាមួយប្រពន្ធញឹកញាប់ខ្លាំងណាស់ លុះក្រោយពីទាស់សម្តីតឹងសរសៃកដាក់គ្នាជាមួយប្រពន្ធរួច ក៏រត់ទៅដេកផ្ទះម្តាយ រួចទូរស័ព្ទទៅផ្តាំប្រពន្ធឱ្យជួយមើលថែកូនផង ព្រោះខ្លួននឹងផឹកថ្នាំសម្លាប់ខ្លួនហើយ បន្ទាប់មកក៏ធ្វើសកម្មភាព យកទុយោទឹកចងកភ្ជាប់នឹងបង្កាន់ដៃដែក រួចលោតទម្លាក់ខ្លួនចុះក្រោមសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។
ករណីចងកធ្វើអត្តឃាតខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខផ្ទះលេខ៣២៨ ជាប់នឹងផ្ទះសំណាក់ យីហោហ្គ្រីនផាក តាមបណ្តោយផ្លូវ២៧១ ក្រុមទី២ ភូមិទី៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
បុរសគំនិតខ្លី ដែលកើតមានជំលោះជាមួយប្រពន្ធ បែរជាដាច់ចិត្តចងកសម្លាប់ខ្លួន មានឈ្មោះម៉ម សុខសំណាង អាយុ៣៣ឆ្នាំ មុខរបរ ជាសន្តិសុខនៅក្លឹបកម្សាន្តអេប៉ិច មានប្រពន្ធឈ្មោះប៉ា ជាតិត្រា អាយុ២៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន និងមានកូនប្រុសចំនួនពីរនាក់ក្នុងបន្ទុក។ ក្រុមគ្រួសារខាងលើនេះ សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។
តាមប្រភពពីសន្តិសុខម្នាក់ដែលនៅយាមផ្ទះសំណាក់ជាប់ទីតាំងកើតហេតុខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៩ ខេមីនា ឆ្នាំ២០១៨ គេឃើញជនរងគ្រោះខាងលើ បានដាក់កៅអីអង្គុយលេងតែម្នាក់ឯង នៅចំណុចខាងមុខផ្ទះកើតហេតុ ក្បែរបង្កាន់ដៃ ផ្លូវចូលក្រោមផ្ទះ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏បាត់ជនរងគ្រោះ ហើយដំបូងឡើយ គេស្មានថាជនរងគ្រោះ ចូលទៅដេកបាត់ហើយ តែមានការប្រទះឃើញទុយោទឹកជ័រ ចងជាប់នឹងបង្កាន់ដៃដែក ទើបនឹកឆ្ងល់ ក៏ដើរទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះ អង្គុយស្លាប់នៅខាងក្រោម ដោយមានទុយោទឹកចងជាប់កទៀតផង ទើបកើតមានការភ្ញាក់ផ្អើលថា ជនរងគ្រោះបានយកទុយោទឹក ចងកភ្ជាប់នឹងបង្កាន់ដៃដែក រួចលោតសម្លាប់ខ្លួនតែម្តង។
តាមសម្តីបុរសម្នាក់ត្រូវជាបងប្រុសរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះឧស្សាហ៍ឈ្លោះប្រកែកជាមួយប្រពន្ធខ្លាំងណាស់ ហើយនៅមុនពេលកើតហេតុ មិនដឹងថា ជនរងគ្រោះឈ្លោះគ្នាជាមួយប្រពន្ធរឿងអ្វីទេ ក៏ស្រាប់តែរត់មកស្នាក់នៅផ្ទះម្តាយបង្កើតនៅម្តុំជើងឯក (ទីតាំងកើតហេតុ)។ នៅពេលមកដល់ ផ្ទះម្តាយរបស់ខ្លួនហើយ ជនរងគ្រោះ ក៏បានទូរស័ព្ទទៅប្រាប់ប្រពន្ធរបស់ខ្លួនថា “អញលេបថ្នាំសម្លាប់ខ្លួន ហើយមើលថែកូនផង” ធ្វើឱ្យប្រពន្ធភ័យឆោឡោ ជិះម៉ូតូតាមមកជួបប្តីកាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ដោយបានព្យាយាមអង្វរ.ក ហៅប្តីឱ្យត្រឡប់ទៅផ្ទះវិញដែរ តែប្តីប្រកែកមិនព្រមត្រឡប់ទៅផ្ទះនៅឯជើងឯកជាមួយនឹងប្រពន្ធវិញដាច់ខាត ទើបប្រពន្ធអត់តម្រិះនឹងលន់តួតទៅទៀត ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញបាត់ទៅ។
ប្រភពដដែលបន្តថា រហូតដល់វេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានយកកៅអីទៅអង្គុយលេងតែម្នាក់ឯង នៅកន្លែងកើតហេតុ ពេលនោះម្តាយជនរងគ្រោះបានទៅហៅជនរងគ្រោះឱ្យចូលមកក្នុងផ្ទះ ដើម្បីបិទទ្វារដេកដែរ តែជនរងគ្រោះមិនព្រមចូល នោះទេ ដោយនិយាយថា “ខ្ញុំនៅអង្គុយលេងមួយភ្លែតសិនម៉ែ” បន្ទាប់មកពួកគាត់ក៏បាននាំគ្នាចូលទៅសម្រាកនៅខាងក្នុងផ្ទះអស់ទៅ។
ប្រភពខាងលើ បានបញ្ជាក់ថា រហូតមកដល់វេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ក៏ស្រាប់តែមានអ្នកជិតខាង ស្រែកឆោឡោប្រាប់ថា ជនរងគ្រោះបានយកទុយោទឹកចងកជាប់នឹងបង្កាន់ដៃផ្លូវចូលទៅខាងក្រោមផ្ទះ ស្លាប់បាត់ទៅហើយ ធ្វើឱ្យក្រុមគ្រួសារ មានការភ្ញាក់ផ្អើលចេញមកមើល ក៏ប្រទះឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍តែម្តង។
តាមសម្តីស្ត្រីជាម្តាយជនរងគ្រោះ បានបង្ហើបប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនរងគ្រោះ) កន្លងមកតែងតែឈ្លោះប្រកែកជាមួយប្រពន្ធញឹកញាប់ណាស់ និងតែតែងមកសុំលុយពីគាត់ម្តាយចាយវាយរហូត និងថែមទាំងធ្លាប់យកម៉ូតូរបស់បងប្អូនទៅបញ្ចាំអស់ចំនួន៥គ្រឿងទៀតផង។ លុះមកដល់មុនកើតហេតុ១ថ្ងៃ គាត់មិនដឹងថាកូនប្រុសនេះ មានជម្លោះអ្វីជាមួយប្រពន្ធនោះទេ ស្រាប់តែរត់មកដេកផ្ទះ របស់គាត់ រួចក៏កើតមានរឿងហេតុអកុសលបែបនេះ តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញ ឱ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ដោយជនរងគ្រោះបានប្រើទុយោទឹកជ័រចងកភ្ជាប់នឹងបង្កាន់ដៃដែក ផ្លូវចូលក្រោមផ្ទះ ដែលមានកម្ពស់ប្រមាណជិត៣ម៉ែត្រ រួចលោតទម្លាក់ខ្លួនចុះក្រោម បណ្តាលឱ្យរឹតបំពង់កស្លាប់ទាំងក្នុងសភាពអង្គុយតែម្តង។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិ ដឹកយកទៅតម្កល់ទុក និងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តសន្សំកុសល៕