មិនត្រឹមតែមានរូបសម្រស់គួរឲ្យទាក់ទាញ ដែលប្រុសណាក៏ចង់ថ្នាក់ថ្នមបបោសអង្អែល មិនចេះជិនណាយនោះដែរ តែនាងស៊ីន យូប៊ីន ថែមទាំងជាតារាម្នាក់ដែលមានសមត្ថភាពខ្ពស់ជាងស្រីស្អាតដទៃទៀតផងដែរ គឺនាងអាចនិយាយភាសាបានដល់ទៅ៤ភាសាឯណោះ។ អ្វីដែលរឹតតែប្លែកស្ទើរមិនគួរឲ្យជឿនោះ នាងយូប៊ីន ប្រាប់ថា នាងចេះ៤ភាសា ដោយអត់គ្រូ គឺមិនបានចូលរៀននៅសាលាទេ ប៉ុន្តែគឺទិញសៀវភៅរៀនដោយខ្លួនឯង។
ក្នុងជំនួបផ្ទាល់ជាមួយស្រីស្រស់ស៊ីន យូប៊ីន តារាសាច់សខ្ចីដូចបណ្ដូលចេករូបនេះ វាចាថា ”ខ្ញុំអាចនិយាយបាន៤ភាសា គឺ ថៃ វៀតណាម អង់គ្លេស និងឡាវ តែក្នុងនោះ ភាសាឡាវ ខ្ញុំនិយាយបានតែខ្ទង់៥០%ទេ។ និយាយដោយត្រង់ទៅចុះ ក្នុងចំណោម៤ភាសាខាងលើនេះ ខ្ញុំចេះដោយមិនដែលចូលសាលា ចេះអត់គ្រូទេ ខ្ញុំរៀនវាដោយខ្លួនឯង តាមរយៈការទិញសៀវភៅមើល ហើយអាចនិយាយ និងប្រើការបាន”។
ស៊ីន យូប៊ីន ដែលអាចនិយាយភាសាថៃ បានល្អនោះ ក៏លេចមុខធ្វើជាអ្នកបកប្រែភាសាថៃ ក្នុងឱកាសដែលផលិតកម្មមហាហង្ស សម្ពោធរឿង ”អនុស្សារីយ៍ថ្ងៃចូលឆ្នាំ” កាលពីពេលថ្មីៗនេះដែរ ដោយស្រីស្រស់រូបនេះធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ព្រោះថាមិនត្រឹមតែអាចបកប្រែជាភាសាថៃ បានយ៉ាងស្ទាត់ជំនាញនោះទេ តែនាងថែមទាំងបង្ហាញកាយវិការគួរឲ្យក្នក់ក្នាញ់ បែបស្រីស្អាតទៀតផង។ ប៉ុន្ដែទោះជាយូប៊ីន អាចប្រើប្រាស់ភាសាទាំង៤បានយ៉ាងល្អក៏ដោយ តែនាងគ្មានគម្រោងធំក្នុងការធ្វើជាពិធីការិនីវាយលុកទីផ្សារតាមកម្មវិធីផ្សេងៗ ដូចអ្នកនាងខៀវ សានសាណា និង Vj ណាណា ឡើយ ព្រោះថាចិត្តស្រលាញ់ និងចង់ពង្រឹងតែអាជីពសិល្បៈប៉ុណ្ណោះ។
អតីត Freshie girl លេខ១ កាលពីឆ្នាំ២០១៣រូបនេះ អះអាងថា ”ខ្ញុំមិនចង់ផ្ដោតលើអាជីពពិធីការិនីតាមកម្មវិធីផ្សេងៗ តាមរយៈការប្រើប្រាស់ភាសាទាំង៤នេះទេ ខ្ញុំចង់ពង្រឹងតែអាជីពសម្ដែងឲ្យបានល្អជាងនេះ។ តាមពិត ខ្ញុំមិនបានជាប់កុងត្រាជាមួយក្រុមហ៊ុន Agency ណាមួយទេ អីចឹងខ្ញុំអាចធ្វើការអីក៏បាន តែយើងចង់តែខាងសម្ដែងច្រើនជាង។ ពេលនេះខ្ញុំកំពុងតែថតភាពយន្ដរឿង”ខ្នោះបេះដូង” ដែលសម្ដែងជាតួឯកជាមួយលោកខាត់ វ៉ៃហាំង របស់ទូរទស្សន៍ CTN”។
តារាសាច់ខ្ចីស៊ីន យូប៊ីន ដែលមានប្រុសៗមានទ្រព្យតាមសុំស្នេហ៍គជើងគ្នានោះ ស្រីក្មេងរូបនេះបែរជាទៅណាក៏បណ្ដើរតែប្រុសសង្ហា ខាត់ វ៉ៃហាំង ដូចប្ដីប្រពន្ធអីចឹង ប៉ុន្ទែអ្នកទាំង២ថា ពួកគេគ្មានទំនាក់ទំនងពិសេសជាមួយគ្នាឡើយ គឺគ្រាន់តែជាមិត្តរួមអាជីពដែលចេះយល់ចិត្តគ្នា៕