ភ្នំពេញ ៖ បុរសជាប្តីចិត្តកំណាចម្នាក់ បានវាយដំប្រើទារុណកម្មទៅលើប្រពន្ធ ទាំងផ្លូវកាយ ផ្លូវភេទស្ទើររៀងរាល់ថ្ងៃ និងចេះតែប្រើលេសយកភ្លើងប្រចណ្ឌ មករករឿងវាយដំប្រពន្ធ រហូតដល់ថ្នាក់ដាក់ទារុណកម្មឱ្យប្រពន្ធយកផ្លែឡាមអារប្រដាប់ភេទ រួចយកក្រដាសផ្តិតឈាម មកបង្ហាញប្តី ដើម្បីជាសក្ខីភាពបញ្ជាក់ពីទឹកចិត្តស្មោះ មិនតែប៉ុណ្ណោះថែមទាំងបានថតវីដេអូទាំងសកម្មភាពរួមរ័ក និងអារប្រដាប់ភេទទុកមើល និងទុកគំរាមប្រពន្ធទៀតផង ទីបំផុត ស្ត្រីជាប្រពន្ធទ្រាំនឹងទង្វើដ៏ឃោរឃៅរបស់ប្តីរោគចិត្តរូបនេះលែងបាន ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ឈានដល់ការចាប់ខ្លួនប្តីកំណាចរោគចិត្តខាងលើ យកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាទាំងផ្លូវចិត្ត ផ្លូវកាយ និងផ្លូវភេទមួយនេះ ត្រូវបានបែកធ្លាយឡើង ខណៈដែលស្ត្រីរងគ្រោះជាប្រពន្ធរត់មកដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលលេខ១ បន្ទប់លេខ៦ ផ្លូវលំ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះដែលត្រូវប្តីប្រើទារុណកម្មយ៉ាងព្រៃផ្សៃ មានឈ្មោះឡាយ វិល័យ អាយុ៣០ឆ្នាំ។ ចំណែកបុរសជាប្តីចិត្តកំណាច មានឈ្មោះ នឹម ឈីន អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងរូបនាង និងបុរសជាប្តីហេងស៊យម្នាក់នេះ បានស្រឡាញ់ និងរស់នៅជាមួយគ្នាអស់រយៈពេលជិត១ឆ្នាំមកហើយ ដោយមិនបានរៀបការនោះទេ និងមិនទាន់មានកូនជាមួយគ្នានៅឡើយ។ ក្រោយពីចាប់ដៃគ្នាជាប្តីប្រពន្ធមក នាងតែងទទួលទារុណកម្មពីប្តីអត់ខាន់ស្លានេះ ទាំងផ្លូវចិត្ត ផ្លូវកាយ និងផ្លូវភេទ គ្មានទីបញ្ចប់ ដោយសារតែប្តីជាអ្នកជួញដូរថ្នាំញៀន និងញៀនថ្នាំជាប្រចាំ ក្នុងនោះ មួយថ្ងៃតែងធ្វើទារុណកម្មលើផ្លូវភេទ គឺបង្ខំរួមភេទពីម្តងទៅពីរដងក្នុង១យប់ ដោយគ្មានពេលស្រាកស្រាន ហើយនៅពេលរួមភេទម្តងៗ តែងទទួលទារុណកម្មយ៉ាងព្រៃផ្សៃ ដូចជាឱ្យនាងបបោសអង្អែលរាងកាយឱ្យស្រើបស្រាលដើម្បីងាយស្រួលរួមភេទ។
ស្ត្រីរងគ្រោះ បាននិយាយទាំងកាត់កេរ្តិ៍កាត់ខ្មាស់ថា នាងត្រូវប្តីកំណាចនេះ សម្លុតគំរាម ប្រើទារុណកម្មរាប់មិនអស់ ដោយក្នុងនោះ រាល់យប់ ប្តីតម្រូវឱ្យនាងបបោសអង្អែលឱ្យគេមានអារម្មណ៍ដើម្បីរួមភេទឱ្យបានយ៉ាងហោចណាស់ម្តង ទើបព្រមឱ្យនាងបានដេក ពុំនោះទេ ប្តីនឹងវាយដំនាងមិនឱ្យនាងដេកបានពេញមួយយប់។ យប់ខ្លះប្តីបង្ខំឱ្យនាងបៀមប្រដាប់ភេទរបស់គេ រហូតទាល់តែគេដេកលក់ ទើបនាងអាចដេកលក់តាមក្រោយបាន។ ហើយនៅពេលដែលរួមរ័កជាមួយគ្នាម្តងៗ ប្តីឧស្សាហ៍ថតវីដេអូទុកណាស់ ដោយថតយករូបនាងចំពីមុខ មើលឃើញច្បាស់ៗតែម្តង មិនតែប៉ុណ្ណោះ នៅពេលដែលនាងដេកលក់ ប្តីតែងលួចសើយសារ៉ុង ឬសម្រាតខោនាងចេញ រួចយកទូរស័ព្ទមកលួចថតប្រដាប់ភេទរបស់នាងទុកក្នុងទូរស័ព្ទ។
ស្ត្រីរងគ្រោះបន្តថា មួយថ្ងៃៗ ប្តីនេះតែងតែលើកយករឿងប្រចណ្ឌ ចោទថានាងលួចទៅដេកជាមួយប្រុសនេះ ប្រុសនោះ រួចបង្ករឿងវាយដំនាង បណ្តាលឱ្យរងរបួសពេញខ្លួន លុះនាងទ្រាំលែងបានក៏លួចរត់ចេញពីផ្ទះ តែត្រូវប្តីនេះ អង្វរលួងលោមនាងឱ្យនាងវិលត្រឡប់មកវិញ ព្រោះគេមិនអាចរស់នៅដោយគ្មាននាងបានទេ តែដល់ពេលនាងទន់ចិត្តវិលទៅរួមរស់ជាមួយគ្នាវិញ ប្តីកំណាចនេះ ស្រាប់តែមិនចោលចរិត បន្តវាយដំនាងកាន់តែខ្លាំងលើសដើម និងថែមទាំងគំរាមនាងទៀតថា ប្រសិនបើនាងហ៊ានរត់ចេញពីគេ ឬប្តឹងប៉ូលិស គេនឹងតាមសម្លាប់នាងចោល ពុំនោះទេសូម្បីតែបងប្អូនសាច់ញាតិរបស់នាង ពិសេសអ្នកណាក៏ដោយឱ្យតែហ៊ានជួយនាង គេនឹងសម្លាប់ចោលទាំងអស់នៅពេលដែលគេបានរួចខ្លួនចេញពីដៃប៉ូលិសមកវិញ។
ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា ទារុណកម្មដ៏ព្រៃផ្សៃដែលប្តីបានធ្វើចំពោះនាងនោះ គឺប្តីបានបង្ខំឱ្យនាងឆ្លើយសារភាពថា នាងពិតជាបានលួចទៅដេកជាមួយប្រុសមែន ពុំនោះទេគេមិនជឿឡើយ មិនតែប៉ុណ្ណោះប្តីកំណាច បានបង្ខំនាងឱ្យយកផ្លែឡាមអារប្រដាប់ភេទ រួចយកក្រដាសជូតឈាមមកបង្ហាញគេជាប្តី ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់នាង ហើយពេលដែលនាងអារប្រដាប់ភេទនោះ ប្តីក៏បានថតវីដេអូទុកផងដែរ។ ក្រៅពីនេះ ប្តីធ្លាប់បង្ខំឱ្យនាងអារដៃ យកអង្រែបុកគ្រឿង ដបស្ព្រាយ៍ ញាត់ចូលប្រដាប់ភេទឱ្យគេមើល រហូតដល់ឱ្យនាងយកដែកសម្រាប់ព្យួរ ខោអាវដុតឱ្យក្រហម រួចយកមកកៀបជាប់នឹងភ្លៅរហូតដល់រលត់ទៀតផង។
កន្លងមក នៅពេលដែលប្តីវាយដំធ្វើទារុណកម្មនាងខ្លាំងពេក រហូតដល់នាងទ្រាំទ្រលែងបាន នាងក៏បានអង្វរលន់តួប្តី ដោយលុតជង្គង់សំពះ និងធ្លាប់លិទ្ធបាតជើងប្តីទៀត ដើម្បីឱ្យប្តីឈប់វាយធ្វើបាប តែប្តីមិនដែលអាណិតអាសូរនាងសោះឡើយ។
ស្ត្រីរងគ្រោះ បានបញ្ជាក់ថា លើកចុងក្រោយដែលធ្វើឱ្យនាងទ្រាំលែងបាន ត្រូវរត់គេចពីកណ្តាប់ដៃប្តីចិត្តយង់ឃ្នងរូបនេះ គឺដោយសារតែប្តីប្រើទារុណកម្ម និងគំរាមនាងមិនឈប់ រហូតដល់ទាត់នាងមិនក្រោម១០០ជើងនោះទេ ធ្វើឱ្យនាងទទួលរងការឈឺចាប់ពេញខ្លួន។
មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ នាងបានប្រទះឃើញព័ត៌មាន ឃាតកម្មសម្លាប់ស្ត្រីម្នាក់ញាត់ក្នុងធុងទឹកកក ទើបធ្វើឱ្យនាងភ្ញាក់ខ្លួន នឹកដល់សម្តីប្តី ដែលធ្លាប់គំរាមវ៉ៃសម្លាប់នាងដោយមិនឱ្យសល់ឆ្អឹង និងតាមសម្លាប់ទាំងក្រុមគ្រួសារ បងប្អូននាងចោលទៀត ទើបនាងខ្លាចមានវាសនាដូចស្ត្រីរងគ្រោះត្រូវគេសម្លាប់ញាត់ក្នុងធុងទឹកកក ក៏ដាច់ចិត្តរត់ចេញពីផ្ទះ ដោយត្រូវបានប្អូនថ្លៃរបស់នាងជួយវេចបង្វេចដាក់ខោអាវ និងលុយឱ្យនាងចំនួន ២០ដុល្លារ ទើបនាងបានរត់ចេញទៅសម្ងំលាក់ខ្លួននៅផ្ទះម្តាយធម៌ បន្ទាប់មកក៏ដាច់ចិត្តចេញមកដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពីសមត្ថកិច្ច រហូតឈានដល់ការចាប់ខ្លួនប្តីកំណាចរូបនេះតែម្តង។
ស្ត្រីរងគ្រោះ បានបញ្ជាក់ពីជំហររបស់នាងថា ពេលនេះ នាងគ្រាន់តែសុំឱ្យសមត្ថកិច្ចចាត់ការប្តីកំណាចរូបនេះតាមផ្លូវច្បាប់ និងសុំកុំឱ្យដោះលែងមកវិញ ព្រោះពុំនោះទេ ប្តីនេះ អាចនឹងតាមសម្លាប់នាងចោលមិនខាន។
ដោយឡែក បុរសជាប្តី នៅពេលដែលកម្លាំងអាវុធហត្ថចុះឃាត់ខ្លួនដល់កន្លែងស្នាក់នៅ បានព្យាយាមឆ្លើយដោះសារថា រូបគេមិនដែលប្រើអំពើហិង្សា ឃោរឃៅដាក់ប្រពន្ធឡើយ ហើយទោះជាវាយដំនាងក៏មិនវាយធ្ងន់ធ្ងរអីដែរ។
យ៉ាងណា ករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរចម្លើយជនសង្ស័យជាប្តី មុននឹងឈានទៅដល់ការកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕