ខេត្តកណ្តាល៖ ឃាតកដៃឆៅកាប់សម្លាប់ស្ត្រីម្នាក់យ៉ាងសាហាវព្រៃផ្សៃ រួចញាត់ធុងទឹកកក យកទៅទម្លាក់ចោល កាលពីថ្ងៃទី១៦ ខែមីនាឆ្នាំ២០១៨ នៅចំណុចគល់ស្ពានព្រែករូងទី២ ផ្នែកខាងលិចតាមបណ្តោយផ្លូវជាតិ លេខ៨ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានចៅក្រមសើុបសួរសាលាដំបូងខេត្ត្កណ្តាល សម្រេចចេញដីកាឃុំខ្លួន កាលពីលក្ងាចថ្ងៃទី២០ ខែមីនា ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ឃាតកម្មគិតទុកជាមុន” តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារមួយជីវិត។
គួរបញ្ជាក់ថា ករណីឃាតកម្មដ៏សាហាវឃោរឃៅ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក និងកក្រើកពេញផ្ទៃប្រទេស ខណៈដែលជនដៃដល់បានកាប់ចិញ្ច្រាំស្ត្រីម្នាក់ជាង៣០កាំបិត រួចញាត់សពទាំងអាក្រាតចូលក្នុងធុងទឹកកក ដឹកយកមកប្លុងចោល តាម បណ្តោយផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល និងត្រូវបានគេប្រទះឃើញកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នោះ ត្រូវបានសមត្ថកិច្ច បើកប្រតិបត្តិការយ៉ាងក្តៅគគុក រហូតឈានដល់បំបែកសំណុំរឿងក្តីទាំងមូល និងតាមចាប់ជនសង្ស័យបានចំនួន ២នាក់ជាបន្តបន្ទាប់ ដែលម្នាក់ជាជនដៃដល់ និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម។
បន្ទាប់ពីកើតមានករណីឃាតកម្មដ៏សាហាវព្រៃផ្សៃខាងលើរួចមក លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាលបានដឹកនាំកម្លាំងបញ្ជាផ្ទាល់ ដោយសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្សារទឹកថ្លា សង្កាត់ទឹកថ្លា នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ និងត្រូវជនដៃដល់ឆ្លើយសារភាពថា មូលហេតុផ្តើមចេញពីអំពើប្លន់សម្លាប់ ដោយសារតែរូបគេ (ជនដៃដល់) ចាញ់ល្បែងច្រើនពេក។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល បានឱ្យដឹងថា ជនដៃដល់ជាឃាតករដៃឆៅ មានឈ្មោះសឿន សុខផេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងជុសជុលទូរស័ព្ទ មានស្រុកកំណើតនៅឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យម្នាក់ទៀត ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងការទទួលទិញម៉ូតូរបស់ជនរងគ្រោះ មានឈ្មោះហ៊ាម សុខហេង ភេទប្រុស អាយុ៤៨ឆ្នាំ។ ដោយឡែកស្ត្រីរងគ្រោះមានឈ្មោះឃឿន ធានី អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ប្រាប់ថា ទាក់ទងទៅនឹងសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីអាក្រាតញាត់ធុងទឹកកកនេះ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះម្នាក់ជាជនដៃដល់ និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម។ មុនដំបូងកម្លាំងនគរបាលបានឃាត់ខ្លួនប្រពន្ធជនដៃដល់ និងប្អូនប្រុសជនដៃដល់មកសួរនាំ ប៉ុន្តែបន្ទាប់ពីធ្វើការសួរនាំរួចមកនោះ រកឃើញថា ពួកគេទាំង២នាក់មិនបានជាប់ពាក់ព័ន្ធឡើយ ក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញអស់ហើយ។ លោកស្នងការបានបន្ថែមថា មូលហេតុដែលនាំឱ្យជនដៃដល់សម្លាប់ជនរងគ្រោះបែបនេះ ដោយសារតែលង់ខ្លួននឹងល្បែង ហើយក៏រៀបចំផែនការសម្លាប់ស្ត្រីរងគ្រោះតែម្តង ខណៈដែលពួកគេ (ជនដៃដល់ និងជនរងគ្រោះ) ធ្លាប់ស្គាល់គ្នា៣ឆ្នាំមកហើយ។
យោងតាមរបាយការណ៍របស់លោក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា ក្រោយពីមានហេតុការប្រទះឃើញសាកសពស្ត្រីអាក្រាតត្រូវបានគេសម្លាប់ដាក់ក្នុងធុងទឹកកក ហើយដឹកយកទៅទម្លាក់ចោល នៅចំណុចកើតហេតុខាងលើរួចមក ការិយាល័យបានសហការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវតាមនីតិវិធីជំនាញបានរកឃើញអត្តសញ្ញាណរបស់ ជនរងគ្រោះ។
របាយការណ៍ដដែលបន្តថា បន្ទាប់មកនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ កម្លាំងជំនាញបានកំណត់មុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសឿ សុខផេង ភេទប្រុស (ជនដៃដល់) និងឈ្មោះហ៊ាម សុខហេង (ទទួលផលចោរកម្ម)។ វត្តុតាងដែលត្រូវសមត្ថកិច្ច ចាប់យករួមមាន ម៉ូតូជនរងគ្រោះ១គ្រឿង ម៉ាក Zommer-X ពណ៌ខ្មៅលាយស ស្លាកលេខ ភ្នំពេញ 1DF-5330 ទូរស័ព្ទម៉ាក iPhone 6plus ១គ្រឿងរបស់ជនរងគ្រោះ។
ដោយឡែក យោងតាមចម្លើយសារភាពរបស់ជនដៃដល់ បានរៀបរាប់ប្រាប់ថា មូលហេតុដែលគេសម្លាប់ស្ត្រីរងគ្រោះខាងលើ គឺដោយសារតែរូបគេ (ជនដៃដល់) ត្រូវការលុយ ព្រោះរូបគេលេងល្បែងចាញ់ រហូតយកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ទៅដាក់បញ្ចាំ និងថែមទាំងជំពាក់លុយគេច្រើនទៀតផង។ រវាងរូបគេ និងស្ត្រីរងគ្រោះ បានស្គាល់គ្នារង្វង់ ២ទៅ៣ឆ្នាំមកហើយ ហើយនៅថ្ងៃកើតហេតុ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះ បានមកជួសជុលទូរស័ព្ទនៅកន្លែងរបស់គេ ពេលនេះគេបានកត់សម្គាល់ឃើញថា ស្ត្រីរងគ្រោះមានគ្រឿងអលង្ការនៅជាប់ខ្លួនច្រើន ទើបរូបគេបានរៀបចំគម្រោងសម្លាប់ស្ត្រីរងគ្រោះតែម្តង ដើម្បីប្លន់ យកទ្រព្យសម្បត្តិ។
ជនដៃដល់ជាឃាតករ បានបញ្ជាក់ថា ដំបូងឡើយរូបគេ បានរាយខ្សែភ្លើងមកដាក់តាមរ៉ងការ៉ូបន្ទប់ទឹក ព្រោះបំណងដាក់ឱ្យឆក់ស្ត្រីរងគ្រោះឱ្យស្លាប់ ដោយសារតែរូបគេមិនដាច់ចិត្តវាយសម្លាប់ស្ត្រីរងគ្រោះផ្ទាល់ដៃនោះទេ។ លុះពេលស្ត្រីរងគ្រោះ ដោះស្បែកជើងដើរចូលបន្ទប់ទឹក រូបគេក៏បានទៅដោតឌុយភ្លើងធ្វើឱ្យឆក់ស្ត្រីរងគ្រោះ តែភ្លាមនោះ ស្ត្រីរងគ្រោះមិនទាន់ស្លាប់ទេ និងថែមទាំងបានស្រែកដោយសម្លេងខ្លាំងៗហៅ ឱ្យគេជួយ ទើបភ្លាមនោះរូបគេខ្លាចបែករឿង ក៏ទាញអង្រែបុកគ្រឿង ស្ទុះចូលទៅវាយសំពងស្ត្រីរងគ្រោះចំជើង រួចបន្តវាយផ្ទៃមុខទៀត បន្ទាប់ មក រូបគេបានយកកាំបិតប៉័ងតោ កាប់ប្រហារទៅលើស្ត្រីរងគ្រោះទៀត ដោយកាប់ចំថ្ពាល់មុន រួចក៏បិទភ្នែកកាប់យកៗជាច្រើនកាំបិត រួចក៏យកកូនកាំបិតចិតបន្លែចាក់ដងខ្លួនស្ត្រីរងគ្រោះជាច្រើនកាំបិតបន្ថែមទៀត រហូតដល់ស្លាប់។
ជនដៃដល់ជាឃាតករ បានសារភាពទៀតថា ក្រោយពីសម្លាប់ស្ត្រីរងគ្រោះរួចហើយ រូបគេបានជិះម៉ូតូស្ត្រីរងគ្រោះទៅលក់ រួចយកលុយទៅលោះម៉ូតូរបស់គេ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GW-9027 ត្រឡប់មកវិញ បន្ទាប់មកទិញធុងទឹកកកពណ៌ក្រហមធំមួយនៅម្តុំសង្កាត់ទឹកថ្លា ហើយក៏យកមកដាក់សាកសពរួមទាំងសម្ភារៈរបស់ជនរងគ្រោះចូលក្នុងធុងទឹកកកក្រហមនោះទាំងអស់ បន្ទាប់មករូបគេក៏បានដឹកធុងទឹកកកដែលមានសាកសពស្ត្រីរងគ្រោះ ដឹកតាមម៉ូតូយកទៅទម្លាក់ចោលនៅចំណុចកន្លែងកើតហេតុ ដោយដឹកឆ្លងកាត់ផ្លូវផ្សារដីហុយ ឡើងស្ពានព្រែកព្នៅ និងបន្តឆ្លងកាត់ស្ពានព្រែកតាមាក់។ បន្ទាប់មករូបគេក៏ត្រឡប់មកលាងសម្អាតឈាមក្នុងបន្ទប់ទឹកផ្ទះជួលវិញ ធ្វើដូចមិនដឹងរឿង រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនតែម្តង។
គួររំលឹកថា កាលពីវេលាម៉ោង២និង២៤នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពមួយ បានកើតឡើងនៅចំណុចគល់ស្ពានព្រែករូង ជាប់នឹងស្ពានព្រះគន្លង តាមបណ្តោយផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ដោយ មានប្រជាពលរដ្ឋបានប្រទះឃើញធុងទឹកកកពណ៌ក្រហម ចំណុះ២០០លីត្រ ត្រូវគេយកមកប្លុងចោលនៅក្នុងគុម្ពោតព្រៃក្បែរគល់ស្ពានថ្ម ទើបនឹកឆ្ងល់ ក៏ចូលទៅមើល ស្រាប់តែប្រទះឃើញធុងទឹកកកធំមួយនោះ មានចាក់សោពីក្រៅជាប់ និងហាក់ធុំក្លិនស្អុយចម្លែក ទើបប្រញាប់រាយការណ៍ ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។
ក្រោយទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ចមូលដ្ឋានចុះមកដល់លើកធុងទឹកកកបញ្ឈរឡើងត្រឹមត្រូវ បន្ទាប់មកក៏កាត់ត្រចៀកធុងទឹកកកនោះ ដើម្បីបើកមើល ស្រាប់តែប្រទះឃើញសាកសពមនុស្សស្រីម្នាក់ គ្មានសម្លៀកបំពាក់ជាប់ខ្លួនបន្តិចណាសោះ ពោលគឺននលគកតែម្តង។ ភ្លាមនោះ សមត្ថកិច្ចបានរាយការណ៍បន្តទៅការិយាល័យជំនាញបច្ចេកទេសខេត្តកណ្តាល និងនាយកដ្ឋានបច្ចេកទេសកោសល្យវិច័យ និងវិទ្យាសាស្ត្រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ប្រាប់ថា តាមការពិនិត្យជាក់ស្តែង នៅក្នុងធុងទឹកកកមានសាកសពស្ត្រីអាក្រាតម្នាក់ និងមានសម្ភារៈជាច្រើន ដូចជា មួកការពារសុវត្ថិភាព១ កាបូបដៃ១ មានស៊ីមទូរស័ព្ទ១ កាំបិតចិតបន្លែចុងស្រួចដងធ្វើពីឈើបាក់ផ្លែ១ អាវក្រៅពណ៌លឿង១ ខ្សែភ្លើងមានឌុយដាក់ក្នុងថង់ប្លាស្ទិក១ ខ្សែភ្លើងមានឌុយ១ អាវទ្រនាប់ពណ៌ផ្កាឈូក១ ដបទឹកបរិសុទ្ធ១ រ៉ូបពណ៌ផ្កាឈូក១មានប្រឡាក់ឈាម កន្សែងពោះគោពណ៌សឆ្នូត១ ម៉ាសពណ៌ខៀវ១ ស្បែកជើងស្រី១គូ និងស្បៃដុសខ្លួន១។
ដោយឡែក នៅលើផ្ទៃមុខសាកសពខាងស្តាំមានស្នាមបាញ់ស្រ្បៃយ៍ (ថ្នាំពណ៌ខ្មៅ) និងមានស្នាមរបួសគុម្ពត្រចៀកខាងស្តាំ មុតរយះដល់ថ្ពាល់ ដាច់រយះសៀតថ្កាខាងស្តាំ រលាត់ស្បែកដើមដៃទាំងសងខាង មានស្នាមមុតនៅលើទ្រូង និងលើពោះ២០កន្លែង ធ្លុះ៧កន្លែង ឈាមហូរចេញពីមាត់ បាក់ឆ្អឹងចង្ការ របូតធ្មេញដាក់ខាងក្រោម របួសបបូរមាត់ខាងស្តាំ១កន្លែង របួសច្រមុះខាងស្តាំ១កន្លែង ស្នាមរោលខ្លោចរលាត់ស្បែកខាងក្រោយខ្នង ស្នាមរោលខ្លោចកំប៉េះគូទទាំងសងខាង ស្នាមរោលខ្លោចរលាត់ស្បែកកំភួនជើងទាំងសងខាង ស្នាមជាំភ្លៅឆ្វេង១កន្លែង រលាត់ស្បែក ជង្គង់ខាងស្តាំ១កន្លែង។
សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវស្គាល់ពីអត្តសញ្ញាណ និងបានទាក់ទងផ្តល់ដំណឹងដល់ក្រុមគ្រួសារ មកទទួលដឹកទៅកាន់ស្រុកកំណើតឯខេត្តកំពង់ចាម ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនដៃដល់ជាឃាតករ ដោយសារតែឈាមស្រែកស្បែកហៅ ទីបំផុតក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕