កំពូលតារាចម្រៀងម៉េង កែវពេជ្ជតា បានរួមដំណើរជាមួយតារាចម្រៀងប្រុសម្នាក់ ចេញដំណើរទៅច្រៀងសម្តែងនៅប្រទេសបារាំង រយៈពេលដល់ទៅ៣ខែ ដោយចាកចេញពីស្រុក នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។ ការទៅរកប្រាក់ចំណូលនៅក្រៅប្រទេស របស់អ្នកនាងម៉េង កែវពេជ្ជតា នៅពេលនេះ គឺចំពេលដែលរដូវរៀមមង្គលការ និងកម្មវិធីផ្សេងៗនៅក្នុងស្រុក នៅមិនទាន់បានបញ្ចប់នៅឡើយ ហើយកន្លងមកគេឃើញអ្នកនាងពេជ្ជតា ចេញច្រៀងការកូនអ្នកធំៗច្រើនគ្រប់ ខេត្ត-ក្រុង ហេតុនេះហើយបានជាអ្នករួមអាជីពជាមួយអ្នកនាងពេជ្ជតា បានឱ្យដឹងថា តារាចម្រៀងសំនៀងមួយគ្មាន២រូបនេះ ត្រូវបង្ចំចិត្តចោលកម្មវិធីមួយចំនួននៅក្នុងស្រុក។
មុនពេលឡើងយន្តហោះ អ្នកនាងម៉េង កែវពេជ្ជតា បានឡាយវីដេអូរយៈពេល៣និង៥០នាទី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថា “ជំរាបសួរបងបងប្អូន ដឹងហើយថាខ្ញុំនៅណា? មិនមែនស្ថានីយរថភ្លើងទេណា សើច… អង្គុយចាំឡើងយន្តហោះ ថ្ងៃនេះ ថ្ងៃដែលនាងខ្ញុំធ្វើដំណើរទៅប្រទេសបារាំង តាមសន្យា ទៅចូលរួមការសម្តែងនៅទីក្រុងប៉ារីស តិចទៀតនេះ”។
អ្នកនាងម៉េង កែវពេជ្ជតា ហាក់មានអារម្មណ៍ស្រស់ថ្លា ចំពោះការទៅសម្តែងនៅក្រៅស្រុកលើកនេះ បើទោះជាត្រូវ អាក់ខានក្នុងការចូលរួមច្រៀងអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរក្តី៕