ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ទើបធ្វើឱ្យមានអារម្មណ៍រវើរវាយផ្តេសផ្តាស់ កំពុងជិះម៉ូតូតែម្នាក់ឯងតាមផ្លូវសុខៗ ក៏ស្រាប់តែផ្តួលម៉ូតូចោលកណ្តាលផ្លូវ រួចស្ទុះរត់ផង ស្រែកផង ថាមានគេដេញវ៉ៃ បង្កឱ្យមានការផ្អើលឆោឡោទាំងព្រឹក ហើយទោះជាប្រជាពលរដ្ឋ និងសមត្ថកិច្ចតាមឃាត់សួរនាំយ៉ាងណា ក៏មិនឈប់ គិតតែពីរត់ស្រែកៗ។
ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្សី ចំណុចមុខសាលាសង្កាត់កាកាប១ ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
យុវជនដែលផ្តួលម៉ូតូចោលកណ្តាលផ្លូវ រួចរត់ផងស្រែកផង ហៅគេឯងឱ្យជួយថាមានគេដេញវ៉ៃ បង្កឱ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ២០ឆ្នាំ ស្លៀកខោខូវប៊យត្រឹមជង្គង់ ពាក់អាវដៃវែង ពណ៌ស អុជពណ៌ខ្មៅ និងជិះម៉ូតូ១គ្រឿងម៉ាកហុងដា BEAT ពណ៌សលាយក្រហម ពាក់ស្លាកលេខ កណ្តាល 1V-1872។
តាមប្រភពពីមន្ត្រីនគរបាលប្រចាំការនៅចំណុចកើតហេតុខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនខាងលើ ជិះម៉ូតូតែម្នាក់ឯង តាមផ្លូវសហព័ន្ធរុស្សីពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែឃើញយុវជនរូបនេះ ជិះបណ្តើរ ស្រែកឆោឡោបណ្តើរ ទាំងអារម្មណ៍ភិតភ័យ ភ្នែកនៅកញ្ចឹងក និងចេះតែស្រែកថា ជួយផងៗ មានគេដេញតាមវ៉ៃ តាមចាប់។ បន្ទាប់មកយុវជនខាងលើ បានផ្តួលម៉ូតូចោលកណ្តាលផ្លូវ ខណៈដែលចរាចរណ៍កំពុងមមាញឹក មានអ្នកដំណើរឆ្លងកាត់ឆ្វាត់ឆ្វែង ស្ទើរនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃទៅហើយ ព្រោះតែនាំគ្នាគេចពីសកម្មភាពរបស់យុវជនខាងលើដែលផ្តួលម៉ូតូចោលទាំងកំពុងធ្វើដំណើរ។
ប្រភពដដែលបន្តថា បន្ទាប់ពីផ្តួលម៉ូតូចោលកណ្តាលផ្លូវហើយ គេឃើញយុវជនខាងលើ បានស្ទុះរត់ផង ស្រែកផងថា ជួយផងៗ មានមនុស្សច្រើនណាស់ តាមវ៉ៃ តាមចាប់ និងព្យាយាមរត់គេចចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ ធ្វើឱ្យម្ចាស់ផ្ទះភ័យស្លន់ស្លោគ្រប់ៗគ្នា។
ក្រោយពីរត់ចោលម៉ូតូទាំងអារម្មណ៍ភ័យស្លន់ស្លោអស់មួយសន្ទុះរួចមក គេឃើញយុវជនខាងលើ បានលេចមុខមកដល់កន្លែងដែលគេផ្តួលម៉ូតូចោលវិញ។ លុះគ្រាន់តែក្រឡេកឃើញម៉ូតូ និងមានសមត្ថកិច្ចនៅទីនោះ ស្រាប់តែយុវជនរូបនេះ បែរជាស្ទុះរត់ និងស្រែកម្តងទៀតថា ជួយផង មានគេដេញតាមវ៉ៃ ធ្វើឱ្យសមត្ថកិច្ច រកតែហៅមកសួរនាំក៏មិនបានផង រួចក៏បន្តរត់គេចបាត់ទៅ មិនដឹងទៅដល់ណា។
ក្រោយកើតហេតុ សមត្ថកិច្ចបានសម្រេចអូសយកម៉ូតូ ទៅរក្សាទុកនៅប៉ុស្តិ៍កាកាប១ រងចាំសាច់ញាតិមកទទួលយកទៅវិញ៕