ខេត្តបាត់ដំបង ៖ ប្តីប្រពន្ធ២នាក់ ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា កើតមានទំនាស់មិនចេះអស់មិនចេះហើយ ក៏សម្រេចចិត្តលែងលះ ចែកផ្លូវគ្នាដើរមួយរយៈមកហើយ ប៉ុន្តែភាគីបុរសជាប្តីមិនដាច់ចិត្ត ក៏តាមទៅអង្វរសុំជានាជាមួយប្រពន្ធវិញ តែភាគីស្ត្រីជាប្រពន្ធមិនព្រមដាច់ខាត ជាហេតុធ្វើឱ្យបុរសជាប្តីឈឺចិត្តស្អិតទ្រូង ដាច់ចិត្តគិតខ្លីចងកបញ្ចប់ជីវិត។
ករណីប្តីតាមអង្វរសុំជានាជាមួយប្រពន្ធវិញអត់បាន សម្រេចចិត្តចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចដើមស្វាយក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុក សំពៅលូន។
បុរសគិតខ្លីចងកធ្វើអត្តឃាត ព្រោះតូចចិត្តសុំប្រពន្ធត្រូវរ៉ូវគ្នាវិញអត់បាននេះ មានឈ្មោះហៀង សឿង អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះខាងលើ បានរៀបការប្រពន្ធត្រឹមត្រូវតាមច្បាប់ប្រពៃណី គ្រាន់តែរួមរស់មិនទាន់មានកូនជាចំណងនិស្ស័យនៅឡើយ។ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក គេឃើញជនរងគ្រោះ និងប្រពន្ធស្រលាញ់គ្នាល្អូកល្អិនខ្លាំងណាស់ និងមិនធ្លាប់មានជំលោះអ្វីធំដុំនឹងគ្នាទេ។ ក្រោយមក ប្តីប្រពន្ធអ្នកទាំងពីរក៏ចាប់ផ្តើមកើតមានរឿងរ៉ាវកាំរកូស ឈ្លោះប្រកែកគ្នាជាញឹកញាប់ សង្ស័យថាផ្តើមចេញពីភ្លើងប្រចណ្ឌតែម្តង។
ប្រភពដដែលបន្តថា ដោយសារតែរស់នៅមិនចុះសម្រុង ជួបមុខតែងមានទំនាស់មិនអស់មិនហើយ ទើបធ្វើឱ្យស្ត្រីជាប្រពន្ធសម្រេចចិត្តសុំលែងលះ ដោយបានចែកផ្លូវគ្នាដើរមួយរយៈមកហើយ។ ចំណែកជនរងគ្រោះជាប្តី ដោយសារតែមិនទាន់ដាច់អាល័យពីប្រពន្ធ ទើបចេះតែ ព្យាយាមតាមលួងលោម អង្វរប្រពន្ធ សុំត្រូវរ៉ូវគ្នាវិញ ប៉ុន្តែខាងប្រពន្ធមិនយល់ព្រមដាច់ខាត ទើបធ្វើឱ្យជនរងគ្រោះខូចចិត្តយ៉ាងខ្លាំង រហូតដល់ដើរផឹកស្រាស្រវឹងសឹងរាល់ថ្ងៃ។
ប្រភពខាងលើ បញ្ជាក់ថា លុះមកដល់វេលាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានចូលដេកនៅលើផ្ទះដូចសព្វដង រហូតដល់វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅពេលដែលក្រុមគ្រួសារភ្ញាក់ពីដំណេក បាត់មិនឃើញជនរងគ្រោះ ក៏នាំគ្នាផ្អើលដើរតាមរក ស្រាប់តែប្រទះឃើញជនរងគ្រោះ បានចងកសម្លាប់ខ្លួននៅលើដើមស្វាយក្បែរផ្ទះស្លាប់បាត់ទៅហើយ ទើបកើតមានការភ្ញាក់ផ្អើលទាំងយប់ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។ ចំណែកមូលហេតុ ផ្តើមចេញពីវិបត្តិផ្លូវចិត្ត ដែលជនរងគ្រោះ ឈឺចិត្តរឿងសុំអង្វរប្រពន្ធរស់នៅជុំគ្នាវិញ តែប្រពន្ធមិនព្រម ទើបដាច់ចិត្តគិតខ្លីបែបនេះតែម្តង។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕