ខេត្តតាកែវ ៖ ជនសង្ស័យចំនួន២នាក់ ឃើញបុរសម្នាក់កំពុងដេកលង់លក់នៅក្នុងរថយន្ត ដោយចំហកញ្ចក់ម្ខាង ក៏ធ្វើសកម្មភាពប៉ងចូលលួចទ្រព្យសម្បត្តិ ស្រាប់តែត្រូវម្ចាស់រថយន្តជាអធិការរងស្រុកបាទី ភ្ញាក់ដឹងខ្លួនទាន់ស្រែកតាមវិទ្យុទាក់ទងឱ្យសមត្ថកិច្ចស្ទាក់ប្រដេញតាម ជនសង្ស័យទាំង២នាក់ដែលព្យាយាមជិះម៉ូតូរត់គេចខ្លួន រហូតឈានដល់ការផ្ទុះអាវុធ បណ្តាលឱ្យជនសង្ស័យម្នាក់ស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់ក្របួចជាប់។
ករណីជនសង្ស័យប៉ងលួចទ្រព្យសម្បត្តិក្នុងរថយន្តអធិការរង ត្រូវសមត្ថកិច្ចប្រដេញតាមចាប់ រហូតផ្ទុះអាវុធស្លាប់ម្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៥៣នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី។
ជនសង្ស័យដែលស្លាប់មានឈ្មោះសែម ចាវ អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី។ ចំណែកជនសង្ស័យ ជាគូកន ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសឿន ពៅ ហៅអ៊ឹប អាយុ២១ឆ្នាំ មានលំនៅភូមិស្តុកប្រីយ៍ ឃុំត្រពាំងសាប ស្រុកបាទី ជាអ្នកបើកម៉ូតូ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងថា កាលពីវេលាម៉ោង២និង៥៣នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ មានករណីចោរចូលលួចទ្រព្យសម្បត្តិនៅក្នុងរថយន្តរបស់ឈ្មោះណាំ សោភ័ណ្ឌ អធិការរងនគរបាលស្រុកបាទី។
ភ្លាមៗនោះ លោកអធិការរង បានភ្ញាក់ដឹងខ្លួនទាន់ រួចក៏ស្រែកតាមវិទ្យុទាក់ទងឱ្យកម្លាំងធ្វើការពួនស្ទាក់ ដោយឱ្យព័ត៌មានម៉ូតូ២គ្រឿង មានគ្នា៣នាក់ ជិះទៅទិសខាងលិច ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងសាប និងកម្លាំងប្រជាការពារ បានសហការណ៍ស្ទាក់គ្រប់ច្រក និងបានឃាត់ម៉ូតូ ១គ្រឿងជិះគ្នា២នាក់ ប៉ុន្តែមិនព្រមឈប់ ទើបលោកនាយប៉ុស្តិ៍ត្រពាំងសាប បានដេញប្រកិតតាមក្រោយតាមផ្លូវលំ និងបានឱ្យលោកចាប សុខុម នាមអាយកូម២៦ នាយផ្នែកចរាចរណ៍ បានឃាត់តែពុំឈប់ ក៏បានបាញ់គំរាមភ្ជុចដីចំនួន២គ្រាប់ បណ្តាលឱ្យត្រូវអ្នកដែលជិះខាងក្រោយ ស្លាប់នៅនឹងកន្លែងចម្ងាយពីផ្ទះធ្វើសកម្មភាពប្រមាណ៣គីឡូម៉ែត្រ។
លោកង៉ាន់ សារី អធិការនគរបាលស្រុកបាទី បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ លោកអធិការរង ណាំ សោភ័ណ្ឌ បានដេកនៅក្នុងរថយន្ត ដើម្បីមើលឪពុកព្យួរសារ៉ូម ដោយចាក់ឡុកសោរថយន្តដែរ តែបើកចំហរកញ្ចក់ម្ខាង។ ពេលនោះក៏លេចមុខជនសង្ស័យ ទៅបើកទ្វាររថយន្ត ប៉ងលួចទ្រព្យសម្បត្តិនៅក្នុងរថយន្ត ស្រាប់តែភ្លាមនោះ លោកណាំ សោភ័ណ្ឌ ដឹងខ្លួន ហើយស្រែកឆោឡោ ទាក់ទងតាមអាយកូម រហូតដេញបង្ក្រាបបែបនេះ។
តាមលោកអធិការស្រុកបាទី ជនសង្ស័យដែលស្លាប់នោះ ត្រូវគ្រាប់កាំភ្លើងពីចង្កេះទៅស្មា នៅពេលកម្លាំងសមត្ថកិច្ច បាញ់ភ្ជុចដីចំនួន២គ្រាប់។ បន្ទាប់ពីបង្ក្រាបបានកម្លាំងសមត្ថកិច្ចបានរកឃើញថ្នាំញៀននៅជាប់ខ្លួនជនសង្ស័យផងដែរ ដែលពួកគេទាំង២នាក់ ជាអ្នកចែកចាយថ្នាំ ញៀនដ៏សកម្មនៅតាមមូលដ្ឋាន។
ក្រោយបង្ក្រាបបាន ជនសង្ស័យដែលត្រូវឃាត់ខ្លួន និងវត្ថុតាងជាម៉ូតូនោះ ត្រូវបាននាំខ្លួនទៅសួរនាំបន្ត នៅអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕