ខេត្ដកណ្តាលៈ កម្លាំងនគរបាលខេត្តកណ្តាល បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីវាយបងស្រីបង្កើតដែលមានជម្ងៃសសៃប្រាសាទដោយអង្កត់អុសបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ប៉ូលិសខេត្តកណ្តាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានបញ្ជូនទៅតុលាការនៅព្រឹកនេះមានឈ្មោះ រ៉ុង សារ៉ុម ហៅពិសី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ជនសង្ស័យរូបនេះបានប្រើប្រាស់អង្កត់អុសវាយទៅលើបងស្រីបង្កើតដែលមានជម្ងឺសសៃប្រាសាទ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក៏ត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកស្អាងចាប់ខ្លួន ។
ប៉ូលិសព្រហ្មទណ្ឌស្រុកស្អាងបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ រ៉ុង ណារី ហៅច្រេវ អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ (ជាមនុស្សមានជម្ងឺសសៃប្រាសាទ) មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ។ ស្ត្រីរងគ្រោះត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យឈ្មោះ រ៉ុង សារ៉ុម ហៅពិសី ។ នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានសុំលុយពីជនសង្ស័យជាប្អូនប្រុសចំនួន៥០០០រៀល ដើម្បីយកទៅទិញសាច់គោអាំងហូប ។ ជនសង្ស័យមិនព្រមឲ្យធ្វើឲ្យស្ត្រីរងគ្រោះជាមនុស្សមានជម្ងឺសសៃប្រាសាទឈរចាំទារ ធ្វើឲ្យជនសង្ស័យកើតក្តីខឹងសម្បាក៏ទាញអង្កត់អុសវាយសំពងទៅលើស្ត្រីរងគ្រោះបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ បានចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
សិលា