ខេត្តក្រចេះ ៖ សមត្ថកិច្ចស្រុកសំបូរ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ចាប់ឃាត់ខ្លួនបុរសជាជនដៃដល់ម្នាក់ ក្នុងករណីហិង្សាដោយចេតនា ដែលបានវាយទៅលើជនរងគ្រោះម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ លុះអំឡុងពេលចាប់ឃាត់ខ្លួន សមត្ថកិច្ចក៏បានប្រទះឃើញ អាវុធ១ដើម ដែលត្រូវបានជនសង្ស័យលាក់ទុកទៀតផង។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះប៉ក់ ចាន់នី អាយុ២៥ឆ្នាំ រស់នៅក្នុងឃុំរលួស ស្រុកសំបូរ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះម្នាក់រស់នៅក្នុងភូមិ ឃុំជាមួយគ្នាបណ្តាលឱ្យរងរបួស។
លោកវរសេនីយ៍ឯក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់ខាងលើបានប្រើអំពើហិង្សា ដោយវាយទៅលើបុរសម្នាក់ដែលរស់នៅក្នុងភូមិជាមួយគ្នាបណ្តាលឱ្យរងបួសធ្ងន់ រួចក៏ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនបាន ភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនខាងលើមកសាកសួរ រួចបន្តចុះឆែកឆេះផ្ទះរបស់ជនសង្ស័យ ក៏ស្រាប់តែប្រទះអាវុធខុសច្បាប់១ដើម ដែលជនសង្ស័យបានលាក់ទុកមកជាយូរមកហើយទៀតផង។
ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕