ខេត្តបន្ទាយមានជ័យ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ មានប្តីរួចទៅហើយ ស្រាប់តែបែកគំនិតលួចលាក់ទាក់ទងស្នេហាជាមួយប្រុសថ្មី ក្បត់ផិតប្តី លុះបុរសជាប្តីសង្ស័យ ក៏ដាក់ប្រព័ន្ធ GPS ដើម្បីតាមដានប្រពន្ធ ទីបំផុត ក៏តាមទាន់ប្រពន្ធណាត់ជួបប្រុសស្នេហ៍ថ្មីរួមរ័កមេត្រី ទើបប្តឹងសមត្ថកិច្ចចុះក្របួចជាប់ទាំងប្រពន្ធជើងល្អ និងប្រុសស្នេហ៍ថ្មី ។
ករណីប្តីដាក់ប្រព័ន្ធ GPS តាមទាន់ប្រពន្ធកំពុងរួមស្នេហ៍ជាមួយប្រុសថ្មីនេះ បានបង្កឱ្យមានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
នារីវ័យក្មេងដែលត្រូវប្តីចោទប្រកាន់ផិតក្បត់ប្តី លួចរួមស្នេហ៍ជាមួយប្រុសថ្មីជាជនជាតិចិននោះ មានឈ្មោះ ប.ល អាយុ១៩ឆ្នាំ មានលំនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកបុរសជាប្តី មានឈ្មោះស សុវណ្ណរ៉ូ អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ដោយឡែក បុរសជនជាតិចិន ដែលសង្ស័យជាគូសហាយស្មន់ លួចឆក់យកប្រពន្ធគេនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ។
តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធពួកគេបានរៀបការនឹងគ្នាត្រឹមត្រូវតាមច្បាប់ប្រពៃណី តាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៦ មកម៉្លេះ។ ក្រោយពេលរៀបការរួច ប្តីប្រពន្ធពួកគេរួមរស់មានសេចក្តីសុខសុភមង្គល ផ្អែមល្ហែមខ្លាំងណាស់ ដោយទៅណាមកណាតែងបណ្តើរគ្នាត្រសង បែកមួយជំហានសឹងមិនបាន ហើយរូបគេជាប្តីស្រលាញ់ប្រពន្ធណាស់ ដោយព្យាយាមថ្នាក់ថ្នម យកចិត្តទុកដាក់ផ្តល់សេចក្តីសុខឱ្យប្រពន្ធមិនឱ្យទាស់ចិត្តឡើយ។
បុរសជាប្តីបានបន្តថា លុះមួយរយៈចុងក្រោយនេះ រូបគេបានកត់សម្គាល់ឃើញថា ប្រពន្ធចេះតែលួចលាក់ចេញទៅក្រៅស្ងាត់ៗ និងហាក់មានអាថ៌កំបាំងខ្លាំងណាស់ ទើបខ្លួនជាប្តី បានព្យាយាមតាមដាន ក៏ដឹងថា ប្រពន្ធកំពុងលួចមានទំនាក់ទំនងជាមួយមនុស្សប្រុសផ្សេង។ យ៉ាងណា ដោយមិនទាន់តាមទាន់ឃើញផ្ទាល់ភ្នែក ខ្លួនក៏មិនទាន់ហ៊ានចោទប្រកាន់ប្រពន្ធដែរ និងនៅតែរក្សាទំនាក់ទំនងល្អជាមួយប្រពន្ធដដែល។
បុរសជាប្តី បានឱ្យដឹងបន្តទៀតថា ក្រោយមក រូបគេជាប្តីបានស៊ើបដឹងថា ប្រពន្ធកំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសជនជាតិចិន ទើបខឹងសម្បាយ៉ាងខ្លាំង រហូតអត់ទ្រាំមិនបាន ក៏ទៅដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីអាជ្ញាធរ និងទាមទារថ្លៃបណ្តាការចំនួន៥ពាន់ដុល្លារ តែប្រពន្ធសុំបង់តែ១៥០០ដុល្លារ ទើបការលែងលះមិនដាច់ស្រេច ហើយប្រពន្ធនេះនៅតែទាក់ទងបុរសចិននោះ រហូតមានកូន តែបានយកកូនចេញ ព្រមទាំងបានជួលគេឱ្យសម្លាប់រូបគេជាប្តី ជាថ្នូរនឹងប្រាក់២ម៉ឺនដុល្លារទៀតផង។
បុរសជាប្តីបានបញ្ជាក់ថា លុះក្រោយមកទៀត រូបគេបានតាមដានឃើញសារទាក់ទងគ្នារវាងប្រពន្ធ និងប្រុសចិនរូបនោះ ដែលផ្ញើទៅមកតាមប្រព័ន្ធបកប្រែពីខ្មែរទៅចិន និងពីចិនទៅខ្មែរជាហូរហែ ទើបសម្រេចចិត្តលួចដាក់ប្រព័ន្ធ GPS ដើម្បីតាមដានប្រពន្ធ។ លុះចុងក្រោយ គឺមកដល់ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ រូបគេជាប្តីបានតាមដានដឹងពីកន្លែងដែលប្រពន្ធ និងប្រុសស្នេហ៍របស់នាងជាជនជាតិចិនណាត់ជួបគ្នារួមរ័ក ទើបសម្រេចប្តឹងទៅសមត្ថកិច្ចឱ្យចុះទៅកាន់កន្លែងកើតហេតុ ចាប់ឃាត់ខ្លួនទាំងប្រពន្ធ និងប្រុសចិន រូបនោះតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីបុរសជាប្តីភ្លាម សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ និងបាននាំខ្លួនភាគីស្ត្រីជាប្រពន្ធ រួមនិងបុរសជនជាតិចិន វ័យក្មេងម្នាក់ មកធ្វើការសាកសួរតាមនីតិវិធី។
ជុំវិញវិវាទផ្ទៃក្នុងគ្រួសារខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីជាប្រពន្ធ ដែលទទួលរងការចោទប្រកាន់ថា ផិតក្បត់ប្តីលួចទាក់ទងប្រុសស្នេហ៍ថ្មីជាជនជាតិចិន នោះបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់៕