ភ្នំពេញ ៖ បុរសជាជាងផ្សារដែកម្នាក់ បានជិះម៉ូតូតែម្នាក់ឯងបំណងទៅជួបមុខប្រពន្ធ ស្រាប់តែធ្វើដំណើរបានពាក់កណ្តាលផ្លូវ ក៏ត្រូវ រថយន្តកូរ៉េ១គ្រឿង បើកក្នុងល្បឿនលឿន វ៉ាជែងកៀរទាក់ដៃចង្កូតម៉ូតូ បណ្តាលឱ្យបុរសរងគ្រោះដួលខ្ទាត ចូលកង់រថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឱ្យសង្វេគ ចំណែករថយន្តបង្កព្យាយាមបើករត់បានបន្តិច ក៏ត្រូវក្រុមគ្រួសារជនរងគ្រោះ រួមនឹងអ្នកធ្វើដំណើរជួយដេញចាប់ ប្រគល់ឱ្យសមត្ថកិច្ច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខរោងចក្រខ្សែកាបយីហៅ ខេធីស៊ី តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
បុរសរងគ្រោះដែលត្រូវរថយន្តកិនបែកក្បាលស្លាប់ មានឈ្មោះយក់ វុទ្ធា អាយុ២៥ឆ្នាំ មុខរបរជាងផ្សារដែក មានលំនៅក្នុងភូមិជ្រោយ មេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ូគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN-6331។ ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ចំណុះ២តោនកន្លះ ពាក់ស្លាកលេខភ្នំពេញ 3D-9273 បើកបរដោយឈ្មោះខែម ណារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅផ្ទះលេខ៤១ ផ្លូវ១៧៣ ភូមិ២ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ រួមនឹងបងប្រុស២នាក់ទៀត បានជិះម៉ូតូ២គ្រឿងចេញមកពីធ្វើការនៅម្តុំអូរដឹម បំណងត្រឡប់ទៅផ្ទះជួបមុខប្រពន្ធវិញ ដោយជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងនៅខាងមុខ ចំណែកបងប្រុស២នាក់ទៀត ជិះម៉ូតូឌុបគ្នាតាមពីក្រោយ។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តកូរ៉េ១គ្រឿងខាងលើ បើកក្នុងល្បឿនយ៉ាងលឿន បានកៀរទាក់ដៃចង្កូតម៉ូតូជនរងគ្រោះ បណ្តាលឱ្យជនរងគ្រោះដួលបោកក្បាលចូលក្រោមកង់រថយន្តកិនបែក ក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ប្រភពដដែលបន្តថា ក្រោយបង្កហេតុ បណ្តាលឱ្យជនរងគ្រាះស្លាប់ហើយ អ្នកបើករថយន្តបង្ក បានព្យាយាមបើករត់គេច ដោយមិនព្រមឈប់ដោះស្រាយ ឬទទួលខុសត្រូវនោះទេ ប៉ុន្តែនៅពេលបើកគេចទៅមុខបានបន្តិច ក៏ត្រូវក្រុមគ្រួសារ រួមនឹងអ្នកធ្វើដំណើរ នាំគ្នាប្រដេញតាមចាប់បានទាំងរថយន្ត និងអ្នកបើកបរ ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង អូសយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកអ្នកបើកបររថយន្តបង្ក ក៏ត្រូវបានឃាត់ខ្លួននាំយកទៅសាកសួរផងដែរ។
ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕