Thursday, October 9, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! ទាំងឪនិងកូន ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ

ពុទ្ធោ!!! ទាំងឪនិងកូន ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ

ខេត្តកោះកុង ៖ បុរសម្នាក់ រួមនឹងកូនប្រុសវ័យជំទង់ម្នាក់ បាននាំគ្នាដើរទៅមើលស្រែ លុះឃើញមេឃងងឹតចង់ធ្លាក់ភ្លៀង ក៏នាំគ្នាដើរត្រឡប់មកផ្ទះវិញ ស្រាប់តែអកុសល ត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់ទាំង២នាក់ឪពុកកូនយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង។

ជនរងគ្រោះ២នាក់ឪពុកកូន ដែលត្រូវរន្ទះបាញ់ស្លាប់ រួមមាន ទី១-ឈ្មោះទួន ភាព អាយុ៤៦ឆ្នាំ ត្រូវជាឪពុក និងទី២-ឈ្មោះទួន សុភ័ណ្ឌ អាយុ១៦ឆ្នាំ ត្រូវជាកូន។ ទាំង២នាក់ឪពុកកូន មានរបរជាកសិករ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ គេឃើញជនរងគ្រោះទាំង២នាក់ឪពុកកូន បាននាំគ្នាដើរចេញពីផ្ទះ សំដៅទៅមើលស្រែរបស់ខ្លួន រហូតដល់វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល មេឃក៏ចាប់ផ្តើមងងឹតចង់ធ្លាក់ភ្លៀង ព្រមទាំងមានផ្គររន្ទះលាយឡំផង ទើបជនរងគ្រោះទាំង២នាក់ឪពុកកូន បានបបួលគ្នាប្រញាប់ត្រឡប់មកផ្ទះវិញ។ អកុសល ពេលនាំគ្នាដើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរន្ទះបានបាញ់ប្រហារមកចំជនរងគ្រោះទាំង២នាក់ឪពុកនិងកូន បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្តង ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់អ្នកភូមិចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ឪពុកនិងកូន ពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។

សាកសពជនរងគ្រោះទាំង២នាក់ឪពុកកូន ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES