Friday, January 17, 2025
Homeសង្គម និងជីវិតឆេះផ្ទះលក់ឥវ៉ាន់ចាប់ហួយ១ខ្នង ខូចខាតជាង១ម៉ឺនដុល្លារ

ឆេះផ្ទះលក់ឥវ៉ាន់ចាប់ហួយ១ខ្នង ខូចខាតជាង១ម៉ឺនដុល្លារ

ខេត្តរតនគិរី ៖ ផ្ទះលក់ឥវ៉ាន់ចាប់ហួយ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹកដោយមិនដឹងមូលហេតុ បង្កឱ្យមានការខូចខាតទាំងស្រុង គិតជាទឹកប្រាក់ប្រមាណ១ម៉ឺនដុល្លារ និងបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ។

លំនៅដ្ឋានដែលត្រូវអគ្គិភ័យឆាបឆេះទាំងស្រុងនេះ មានទំហំ១០ម៉ែត្រ គុណនឹង១២ម៉ែត្រ សង់ពីឈើប្រក់ស៊ីហ្វ្រូស៊ីម៉ង់ត៍ ជញ្ជាំងឈើ ជាកម្មសិទ្ធិរបស់ឈ្មោះព្រៀនា អាយុ៣៨ឆ្នាំ ជនជាតិឡាវ មានប្រពន្ធឈ្មោះកែវ ថង ជនជាតិឡាវ និងមានកូនក្នុងបន្ទុកចំនួន៣នាក់ (ស្រី២ ប្រុស១)។

តាមសម្តីបុរសជាម្ចាស់ផ្ទះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងជួសជុលម៉ាស៊ីននៅខាងក្នុងផ្ទះ ស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីមុខផ្ទះយ៉ាងសន្ធោសន្ធៅ ដោយឆេះចេញពីឥវ៉ាន់ចាប់ហួយរបស់គាត់នោះតែម្តង ខណៈដែលប្រពន្ធកូនរបស់ពួកគាត់កំពុងនៅក្នុងផ្ទះទាំងអស់គ្នា។ ភ្លាមនោះ គាត់បានស្រែកឆោឡោហៅប្រពន្ធកូនឱ្យរត់ចេញទៅក្រៅផ្ទះ និងជញ្ជូនឥវ៉ាន់បានតែបន្តិចបន្តួចប៉ុណ្ណោះ ដោយសារតែស្លន់ស្លោពេកផងណាមួយភ្លើងឆេះរាលលឿនផង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋក្បែរខាង បានស្រែកឆោឡោ និងនាំគ្នាជួយដកទឹកជះពន្លត់ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយ ហើយក៏បានទាក់ទងទៅហៅរថយន្តពន្លត់អគ្គិភ័យដែរ ប៉ុន្តែដោយសារភូមិសាស្ត្រខាងលើ នៅដាច់ស្រយាលពេក ទើបទម្រាំឡានទឹកមកដល់ ផ្ទះទាំងមូលត្រូវភ្លើងឆេះគ្មានសល់។

បុរសជាម្ចាស់ផ្ទះ បានបញ្ជាក់ប្រាប់ថា អគ្គីភ័យខាងលើបានឆេះបំផ្លាញទ្រព្យសម្បត្តិរបស់គាត់រួមមាន ផ្ទះ១ខ្នងទាំងស្រុង ឥវ៉ាន់ចាប់ហួយ និងឥវ៉ាន់ផ្សេងៗជាច្រើនទៀត បូករួមនឹងសម្ភារៈ របស់របរប្រើប្រាស់ក្នុងផ្ទះផង សរុបជាទឹកប្រាក់ប្រមាណ១ម៉ឺនដុល្លារឯណោះ។ តែសំណាងល្អ ជីវិតក្រុមគ្រួសារ ប្រពន្ធកូនរបស់គាត់នៅគង់វង្សទាំងអស់ និងមិនមានរងរបួសអ្វីនោះទេ៕

RELATED ARTICLES