Thursday, October 9, 2025
Homeព័ត៌មានជាតិម្តាយខ្លោចជើងរងរបួសធ្ងន់ កូនស្រីអាយុ៤ឆ្នាំខ្លោចខ្លួនស្លាប់ ដោយសាររន្ទះបាញ់

ម្តាយខ្លោចជើងរងរបួសធ្ងន់ កូនស្រីអាយុ៤ឆ្នាំខ្លោចខ្លួនស្លាប់ ដោយសាររន្ទះបាញ់

ខេត្តក្រចេះ ៖ ស្ត្រីម្នាក់កំពុងដេកនៅលើផ្ទះជាមួយកូនស្រីតូចសុខៗ ពាក់កណ្តាលយប់ ក៏មានភ្លៀងកក់ខែមួយមេធំ បានធ្លាក់មកលាយឡំដោយផ្គររន្ទះទៀតផង  ស្រាប់តែអកុសល រន្ទះបានបាញ់ប្រហារចំទាំង២នាក់ម្តាយកូន បណ្តាលឱ្យស្ត្រីជាម្តាយរងរបួសខ្លោចជើងម្ខាង ចំណែកកូនស្រីតូចត្រូវឆេះខ្លោចខ្លួនស្លាប់យ៉ាងអាណោចអាធ័ម។

បាតុភូតធម្មជាតិរន្ទះបាញ់ម៉ែកូន២នាក់ បណ្តាលឱ្យម៉ែខ្លោចជើង រីឯកូនស្រីខ្លោចខ្លួនស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិក្រសាំង ឃុំថ្មី ស្រុកចិត្របុរី។

ក្មេងស្រីដែលត្រូវរន្ទះបាញ់ឆេះខ្លោចខ្លួនស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះស្រួច ស្រីពេជ្រ អាយុ៤ឆ្នាំ។ ចំណែកស្ត្រីជាម្តាយដែលត្រូវរន្ទះបាញ់ខ្លោចជើងម្ខាង មានឈ្មោះជឿន សៃ អាយុ២៩ឆ្នាំ មុខរបរកសិករ មានប្តីឈ្មោះគីន ស្រួច អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ក្មេងស្រីរងគ្រោះ គឺជាកូនពៅ ក្នុងចំណោមបងប្អូនចំនួន៣នាក់។ នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះឈ្មោះជឿន សៃ រួមនឹងកូនស្រី (ក្មេងស្រីង្រគ្រោះ) កំពុងដេកលង់លក់នៅលើផ្ទះ ជាមួយនឹងប្តីនិងកូនៗ២នាក់ទៀត។ ស្រាប់តែមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ក៏មានភ្លៀងកក់ខែមួយមេធំ បានធ្លាក់គ្របដណ្តប់មកលើភូមិសាស្ត្រខាងលើ និងថែមទាំងលាយឡំដោយផ្គររន្ទះទៀតផង។

ប្រភពដដែលបន្តថា ស្រាប់តែបន្តិចក្រោយមក ក៏លាន់ឮសំឡេងរន្ទះកក្រើកពេញផ្ទះ ធ្វើឱ្យមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា រួចក៏ឮសម្រែក ស្ត្រីរងគ្រោះជាម្តាយស្រែកឱ្យជួយ ដោយប្រាប់ថារន្ទះបានបាញ់កូនស្រីស្លាប់ហើយ។ ភ្លាមនោះ បុរសជាប្តី រួមនឹងកូន២នាក់ទៀត បានស្ទុះទៅមើល ក៏ប្រទះឃើញស្ត្រីជាម្តាយ បានរងរបួសខ្លោចជើងខាងឆ្វេងត្រង់ស្មងជើង ចំណែកកូនស្រីឆេះខ្លោចរោលខ្មៅពេញខ្លួនស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។

សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES