Thursday, October 9, 2025
Homeព័ត៌មានជាតិនិយាយជាមួយប្រុសស្នេហ៍ "បើមានប្រពន្ធកូនហើយ ម៉េចបានមកស្រលាញ់ខ្ញុំទៀត?" យប់ឡើងចងកសម្លាប់ខ្លួន

និយាយជាមួយប្រុសស្នេហ៍ “បើមានប្រពន្ធកូនហើយ ម៉េចបានមកស្រលាញ់ខ្ញុំទៀត?” យប់ឡើងចងកសម្លាប់ខ្លួន

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ព្រោះតែកើតមានវិបត្តិស្នេហាត្រីកោណ បែកធ្លាយរឿងប្រុសស្នេហ៍មានប្រពន្ធរួចទៅហើយ ក៏កើតមានជម្លោះជាមួយគ្នាតាមទូរស័ព្ទ រួចក៏ដាច់ចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលខាងក្រោយសាលាខណ្ឌដូនពេញ តាមបណ្តោយផ្លូវលេខ១៣០ ក្រុម៥ ភូមិ១ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

នារីគិតខ្លីដែលចងកធ្វើអត្តឃាត ព្រោះតែទទួលយកការឈឺចាប់រឿងប្រុសស្នេហ៍មានប្រពន្ធរួចទៅហើយមិនបាន មានឈ្មោះសម្ភស្ស អាយុ២៩ឆ្នាំ មុខរបរអ្នកក្រឡុកស្រា នៅក្នុងហាងបារាំងមួយកន្លែង ស្នាក់នៅផ្ទះជួលលេខ ១២២E4Z ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

តាមសម្តីស្ត្រីឈ្មោះសិន លីនណា ត្រូវជាមិត្តភក្តិនារីរងគ្រោះ និងស្នាក់នៅជាមួយគ្នា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នារីរងគ្រោះទើបនឹងចេញពីធ្វើការនៅហាងបារាំងវិញ រួចក៏មកបបួលរូបនាង និងមិត្តភក្តិផ្សេងទៀត ដែលស្នាក់នៅជាមួយគ្នាទៅផឹកស៊ី។ ពេលនោះ នាងបាននិយាយប្រាប់ទៅនារីរងគ្រោះថា នាងអត់មានលុយសម្រាប់ផឹកស៊ីនោះទេ ភ្លាមៗនោះ នារីរងគ្រោះក៏បានតេទូរស័ព្ទទៅបុរសម្នាក់ដែលគេស្គាល់ថាជាសង្សាររបស់នាង បំណងបបួលមកផឹកស៊ីជុំគ្នាដែរ។

ប្រភពដដែលបន្តថា នៅពេលដែលនារីរងគ្រោះខលទៅប្រុសស្នេហ៍និយាយគ្នាបានមួយសន្ទុះ ស្រាប់តែមិនដឹងជាយ៉ាងម៉េច ក៏កើតជាជម្លោះតឹងសរសៃកដាក់គ្នាតាមទូរស័ព្ទ ដោយឮតែនារីរងគ្រោះនិយាយដោយសំឡេងខ្លាំងៗថា បើមានប្រពន្ធកូនហើយ ម៉េចបានមកស្រលាញ់ខ្ញុំទៀត។ ក្រោយមក នារីរងគ្រោះក៏បានបោកទូរស័ព្ទដែលកំពុងតែនិយាយជាមួយបុរសជាសង្សារនោះចោល បណ្តាលឱ្យបែកខ្ទេច។ ឃើញបែបនេះ នាងជាមិត្តភក្តិក៏បានចូលទៅរើសយកទូរស័ព្ទរបស់នារីរងគ្រោះយកមកទុកដាក់ឱ្យវិញ រួចក៏បាននាំគ្នាចូលគេងទាំងអស់គ្នាទៅ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា លុះដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ គ្រាដែលម្នាក់ៗកំពុងដេកលង់លក់ ស្រាប់តែលាន់ឮសំឡេងនារីរងគ្រោះ ២-៣ដងដែរ តែគ្មានអ្នកណាចាប់អា់រម្មណ៍ថា នារីរងគ្រោះធ្វើអ្វីទេ ហើយក៏កាន់តែគិតមិនដល់ថា នារីរងគ្រោះអាចនឹងគិតខ្លីចងកសម្លាប់ខ្លួនបែបនេះដែរ។ ស្រាប់តែមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ខណៈដែលក្រោកពីដំណេកចេញពីបន្ទប់មកក្រៅ ក៏ប្រទះឃើញនារីរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។ មូលហេតុដោយសារតែនារីរងគ្រោះឈ្លោះជាមួយប្រុសស្នេហ៍ តូចចិត្តរឿងប្រុសស្នេហ៍មានប្រពន្ធហើយ ក៏ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួនតែម្តង។

សាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES