នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំច កាន់តែខិតចូលមកដល់ ផលិតកម្មផ្សេងៗបាននាំគ្នាសម្រុកធ្វើបទចម្រៀងប្រពៃណីខ្មែររៀងៗខ្លួន ដើម្បីជាអូសទាញការគាំទ្រ និងសម្រាប់ប្រជាជនរាំលេងកម្សាន្ដតាមវត្តអារាមនានា។ ដោយឡែក ឆ្នាំនេះ សម្រាប់ថ្ងៃចូលឆ្នាំខ្មែរ នៅសល់តែជាង៣សប្ដាហ៍ទៀត នឹងមកដល់នេះដែរ គេកត់សម្គាល់ឃើញថា មានតារាចម្រៀង៣ដួង មកពីផលិតកម្ម២ផ្សេងគ្នា បានធ្វើបទដែលទាក់ទងសត្វឆ្កែ ប្រជែងគ្នាលើទីផ្សារផ្អើលអស់មហាជន ដើម្បីស្វាគមន៍ឆ្នាំចនោះ គឺពេជ្រ សោភា, សុខ ពិសី និងឱក សុគន្ធកញ្ញា ដែលមហាជនកំពុងតែរង់ចាំមើលថាតើតារាស្រី១ណា នឹងផ្ទុះបទឆ្កែខ្លាំងជាងគេសម្រាប់បុណ្យចូលឆ្នាំខ្មែរ ២០១៨?
ពេជ្រ សោភា៖ អាចនិយាយបានថា ជាអ្នកនាំអាថ៍មុនគេក្នុងការធ្វើបទចម្រៀងទាក់ទងសត្វឆ្កែ នៅរដូវបុណ្យចូលឆ្នាំខ្មែរ ហើយកាលពីឆ្នាំ២០១៧ តារាចម្រៀងហង្សមាសរូបនេះល្បីល្បាញខ្លាំង បទ ”ឆ្កែរត់បុកប៉ោត” បន្ទាប់ពីបទនោះត្រូវបានសម្ដេចតេជោប្រកាសឲ្យយកទៅរាំនៅអង្គរសង្រ្កាន្ត ខេត្តសៀមរាប មក បទចម្រៀងមួយនេះត្រូវបានគេចាក់បន្លឺគ្រប់ច្រកល្ហក ធ្វើឲ្យសោភា រីកថ្លើមជាខ្លាំង។ ដោយឡែក សម្រាប់ឆ្នាំ២០១៨ ឆ្នាំច នេះ ពេជ្រ សោភា ក៏មិនបោះបង់ចោលការធ្វើបទឆ្កែ ទៀតដែរ ដើម្បីស្វាគមន៍ឆ្នាំថ្មីនេះ គឺបទ ”បីឆ្កែទៅរាំ” ហើយតារាល្បីឈ្មោះរូបនេះអះអាងថា គ្រាន់តែចេញជា Audio ត្រឹមជាង១សប្ដាហ៍ប៉ុណ្ណោះ មានអ្នកចូលទៅមើលជាង៣លាននាក់ តែសោភា មិនហ៊ានរំពឹងថា បទចម្រៀងរបស់នាងនឹងល្បីល្បាញខ្លាំងដូចកាលពីឆ្នាំមុននោះឡើយ ដោយនាងថា ទុកឲ្យមហាជនជាអ្នកវាយតម្លៃទៅចុះ។
ពេជ្រ សោភា ថ្លែងថា ”និយាយទៅ ខ្ញុំធ្វើបទចម្រៀងមិនមែនថាចង់ឲ្យល្បីដាច់គេអីទេ គឺគ្រាន់តែថាក្នុងឱកាសចូលឆ្នាំខ្មែរយើងមានបទថ្មីដែរទៅហើយ ខ្ញុំមិនចង់ឃើញបងប្អូនខ្មែរ ពេលចូលឆ្នាំចាក់បទថៃ រាំទេ ចាក់បទខ្មែរ រាំ តារាណាក៏បាន គឺខ្ញុំសប្បាយចិត្តទៅហើយ។ ចំពោះបទ ”បីឆ្កែចូលរាំ” នេះ ខ្ញុំមិនហ៊ានថា វានឹងផ្ទុះឬយ៉ាងណាទេ គ្រាន់តែថាយើងចេញជា Audio ជាង១សប្ដាហ៍នោះ មានអ្នកចូលមើលជាង៣លាននាក់ដែរ។ ខ្ញុំសង្ឃឹមថា បទនេះពេលចេញជា Full MV នឹងមានការទាក់ទាញថែមទៀត”។
សុខ ពិសី៖ តារាលេងសម្រស់របស់ផលិតកម្មសាន់ដេ រូបនេះ ស្រលាញ់ឆ្កែខ្លាំងណាស់ ដែលក្នុងបន្ទប់គេងរបស់នាងមានឆ្កែជាទីស្រលាញ់ រស់នៅដូចសមាជិកគ្រួសារដូចគ្នា ទៅនឹងកញ្ញាឌួង ហ្សូរីដា ដែរ។ សម្រាប់បុណ្យចូលឆ្នាំខ្មែរ២០១៨ នេះ សុខ ពិសី ចេញបទដែលមានចំណងជើងស្រដៀងគ្នាទៅនឹងបទរបស់ពេជ្រ សោភា ដែរ គឺមានចំណងជើងថា ”ឱបអាប៉មទៅរាំ” ដែលឈ្មោះឆ្កែអាប៉ម នោះ អាចជាឈ្មោះឆ្កែរបស់ពិសី ពិតនៅផ្ទះតែម្ដង។ សុខ ពិសី បានយកបទចម្រៀង១បទនេះ ឡើងច្រៀងតាមឆាកតន្ដ្រីភ្លាមៗ ក្រោយចេញជា Audio នោះហើយ ឃើញមានក្រុមអ្នកគាំទ្ររបស់នាងមួយចំនួន រាំតាមនៅឆាក និងថតការរាំនៅទីតាំងផ្សេងៗគ្នា នៅលើបណ្ដាញសង្គម ជាដើម។
សុខ ពិសី បានឲ្យដឹងថា “ខ្ញុំមិនដែលគិតថា បទចម្រៀងខ្ញុំផ្ទុះ ឬមិនផ្ទុះនោះទេ គឺសំខាន់យើងបានធ្វើបទថ្មីៗទៅតាមរដូវបុណ្យនីមួយៗរបស់ខ្មែរយើង។ ឆ្នាំនេះដែរ ខ្ញុំមានបទចម្រៀងសម្រាប់ថ្ងៃចូលឆ្នាំខ្មែរ ៦ទៅ៧បទដែរ ហើយមានគ្រប់ចង្វាក់ទាំងអស់ យើងក៏មិនភ្លេចដែរសម្រាប់បទជាប្រពៃណីខ្មែរនោះ គឺមិនមែនសុទ្ធតែបទញាក់ ឬបែកស្លុយទាំងអស់ទេ”។
ឱក សុគន្ធកញ្ញា៖ នៅពេលដែលបទចម្រៀងរបស់ពេជ្រ សោភា និងសុខ ពិសី ដែលច្រៀងទាក់ទងនឹងឆ្កែ ត្រូវបានគេយកទៅច្រៀងនិងរាំតាមកម្មវិធីផ្សេងៗទៀតហើយ ស្រាប់តែតារាស្រីឈានមុខគេរបស់ផលិតកម្មរស្មីហង្សមាស រូបនេះ ទើបចេញបទទាក់ទង និងសត្វឆ្កែតាមក្រោយដែរនោះ គឺបទ ”អាគីមិត្តខ្ញុំ”។ បទឆ្កែរបស់ឱក សុគន្ធកញ្ញា ដែលចេញក្រោយគេនេះ មិនចេញជា Audioឡើយ គឺចេញជា Full MV តែម្ដង ដែលហង្សមាស បញ្ចេញ កាលពីថ្ងៃទី២១ ខែមីនា ហើយមានសុគន្ធកញ្ញា និងក្រុមរាំរបស់នាងថតសម្ដែងជាមួយសត្វឆ្កែមួយក្បាល។ តាមរយៈកាយវិការរាំបែបប្រលែងលេងជាមួយសត្វឆ្កែមួយក្បាលនោះ សុគន្ធកញ្ញា នៅមិនទាន់អាចសន្ឋិដ្ឋានបានថា តើបទចម្រៀងនាងមួយនេះនឹងវ៉ាពេជ្រ សោភា និងសុខ ពិសី បាននៅឡើយទេ ព្រោះថាទាំងសោភា និងពិសី នៅមិនទាន់ចេញជា Full MV ដូចសុគន្ធកញ្ញា ឡើយ។ យ៉ាងណា ក្រុមអ្នកគាំទ្រតារាចម្រៀងទាំង៣ខាងលើ បានសម្ដែងនូវការគាំទ្រលើតារារបស់ពួកគេរៀងៗខ្លួន ហើយថា នឹងយកបទឆ្កែរបស់ Idol គេទៅចាក់ឲ្យផ្អើលភូមិនៅថ្ងៃចូលឆ្នាំខ្មែរ៕