Thursday, October 9, 2025
Homeព័ត៌មានជាតិទាញកាប់១កាំបិតរយះក្លៀក ខឹងសួររឿងផឹកស៊ីរត់ទៅផ្ទះមុន

ទាញកាប់១កាំបិតរយះក្លៀក ខឹងសួររឿងផឹកស៊ីរត់ទៅផ្ទះមុន

ភ្នំពេញ ៖ បុរស២នាក់ បានបបួលគ្នាទៅផឹកស៊ីនៅហាង លុះផឹកមិនទាន់ចប់ផង បុរសម្នាក់បានសុំត្រឡប់ទៅផ្ទះមុន ដោយទុកឱ្យដៃគូនៅផឹកតែឯង លុះជួបមុខគ្នា ភាគីម្ខាងបានសួរនាំថា ម៉េចបានផឹកស៊ីសុខៗរត់បាត់ចឹង ធ្វើឱ្យកើតជាជម្លោះ រហូតដល់ផ្ទុះជាហិង្សាកាប់គូទំនាស់១កាំបិត បណ្តាលឱ្យរយះក្លៀករងរបួសធ្ងន់។

ករណីហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦និង២៥នាទីព្រលប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះសំណាក់វិមានមាស ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលត្រូវគូទំនាស់កាប់រយះក្លៀក មានឈ្មោះសុខ វុធាន អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកជនបង្កមានឈ្មោះអាណែត ភេទប្រុស អាយុប្រហាក់ប្រហែលគ្នា មុខរបរបុគ្គលិកផ្ទះសំណាក់ ស្នាក់នៅក្នុងផ្ទះសំណាក់ខាងលើ និងមានស្រុកកំណើតនៅខេត្តតាកែវ។

តាមសម្តីរបស់ជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ជនបង្កបាននាំរូបគាត់ទៅផឹកស៊ីនៅម្តុំផ្លូវ២០០៤ ដោយនិយាយគ្នាថា ឱ្យគាត់ចេញលុយចំនួន២ម៉ឺនរៀលបានហើយ ចំណែកជនបង្កចេញចំនួន៥ម៉ឺនរៀល បន្ទាប់មកពួកគាត់ទាំង២នាក់បានផឹកស្រាអស់ជាង១ម៉ោង ស្រាប់តែជនបង្កជាបុគ្គលិកផ្ទះសំណាក់ សុំចេញទៅមុន ដោយប្រាប់ថា មានរវល់ ហើយទុកឱ្យគាត់ជាជនរងគ្រោះអង្គុយផឹកជាមួយនាក់ផ្សេង បន្តរហូតដល់ពេលល្ងាច ហើយចេញថ្លៃផឹកស៊ីអស់ចំនួនជាង១០ម៉ឺនរៀល ទើបត្រឡប់ទៅផ្ទះវិញ។

 

ជនរងគ្រោះបន្តថា លុះពេលត្រឡប់មកដល់ផ្ទះសំណាក់ខាងលើវិញ ជួបមុខជនបង្ក គាត់ក៏បាននិយាយថា “ហែងបបួលអញទៅផឹក ម៉េចហែងមកចោលអញបាត់ មិនចាំមកជាមួយគ្នា?” និយាយរួច គាត់ក៏បានច្រានជនបង្កក្នុងបំណងលេងសើច ស្រាប់តែជនបង្កខឹង ក៏បាននិយាយថា “ម៉េចហែងចង់វ៉ៃអញមែន?” ពេលនោះ គាត់ក៏ឆ្លើយថា “អញច្រានលេងតើ” ស្រាប់តែជនបង្កស្ទុះចូលទៅក្នុងផ្ទះសំណាក់ រួចក៏យកកាំបិតប៉័ងតោ មកកាប់ប្រហារគាត់ចំនួន២ដង តែមិនត្រូវ ចំណែកគាត់ដោយសារតែភ័យស្លន់ស្លោពេក ក៏ជំពប់ជើងដួល ទើបត្រូវជនបង្កកាប់១កាំបិតប៉័ងតោទៀត ចំខាងក្រោមក្លៀកផ្នែកខាងឆ្វេងរយះរងរបួសធ្ងន់តែម្តង ចំណែកជនបង្កក្រោយពីកាប់គាត់រួច បានរត់ចូលក្នុងផ្ទះសំណាក់បាត់។

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ បានចុះមកដល់ជួយកន្លែងកើតហេតុ បំណងចូលចាប់ខ្លួនជនបង្កដែរ ប៉ុន្តែត្រូវអ្នកមើលការខុសត្រូវផ្ទះសំណាក់ខាងលើ រារាំងមិនឱ្យចូល ដោយអះអាងថា រង់ចាំម្ចាស់ផ្ទះសំណាក់អនុញ្ញាតឱ្យចូល ទើបឱ្យកម្លាំងឆែកឆេរ ជាហេតុធ្វើឱ្យជនបង្កមានឱកាសរត់គេចខ្លួនបាត់។

ចំណែកជនរងគ្រោះ ត្រូវបានបងប្អូនសាច់ញាតិដឹកតាមរ៉ឺម៉កម៉ូតូកង់៣ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដេរ៣ជាន់ ចំនួនជាង៣០ថ្នេរ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះមិនទាន់បានទៅដាក់ពាក្យបណ្តឹងភ្លាមៗទេ ព្រោះរងរបួសធ្ងន់ពេក រង់ចាំធូរស្រាលបន្តិច ទើបទៅដាក់ពាក្យប្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនបង្កយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES