Friday, January 17, 2025
Homeសង្គម និងជីវិតឡើងជួសជុលគោយន្តខូច បែរជាធ្លាក់បែនសង្កត់ស្លាប់

ឡើងជួសជុលគោយន្តខូច បែរជាធ្លាក់បែនសង្កត់ស្លាប់

ខេត្តកំពង់ធំ ៖ បុរសម្នាក់កំពុងបើកគោយន្តច្នៃសុខៗ ស្រាប់តែខូចនៅកណ្តាលផ្លូវ ទើបឡើងជួសជុលទាំងយប់ ស្រាប់តែអកុសល ត្រូវទ្រុងបែនធ្លាក់សង្កត់បណ្តាលឱ្យស្លាប់ ដោយគ្មានអ្នកណាម្នាក់បានដឹងសោះឡើយ រហូតដល់ព្រឹកឡើងទើបមានអ្នកប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក។

បុរសរងគ្រោះដែលត្រូវទ្រុងបែនគោយន្តសង្កត់ស្លាប់ មានឈ្មោះគៀន គាម អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃស្រងែ ឃុំបល្ល័ង្ក ស្រុកបារាយណ៍។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ គេឃើញបុរសរងគ្រោះខាងលើ បានបើកគោយន្តកែច្នៃមួយគ្រឿងតាមបណ្តោយផ្លូវជាតិលេខ៦ លុះមកដល់ចំណុចកើតហេតុខាងលើ គោយន្តក៏ខូច ទើបជនរងគ្រោះ បានលើកទ្រុងបែនឡើងលើ ដើម្បីជួសជុល ស្រាប់តែអកុសល ក៏ត្រូវទ្រុងបែនធ្លាក់មកសង្កត់ជនរងគ្រោះបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកណាម្នាក់បានដឹងទាំងអស់។

ប្រភពដដែលបន្តថា លុះមកដល់វេលាព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បាន ប្រទះឃើញជនរងគ្រោះ ត្រូវទ្រុងបែនសង្កត់ស្លាប់ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវទ្រុងបែនធ្លាក់សង្កត់ ស្លាប់ដោយខ្លួនឯងប្រាកដមែន។

សាកសពត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES