ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ទើបនឹងចេញពីធ្វើការរោងចក្រ ដើរទៅបន្ទប់ជួល ស្រាប់តែត្រូវមនុស្ស២នាក់ដើរមករក និងធ្វើជារើសបានកាបូបលុយ ហើយបបួលនាងទៅចែកគ្នា លុះនារីរងគ្រោះជឿលង់មួយភាំង ចង់បានចំណែកនឹងគេដែរ ក៏ព្រមទៅតាមជនសង្ស័យ និងត្រូវបានជនសង្ស័យបោកបញ្ឆោតដោះយកគ្រឿងអលង្ការអស់ពីខ្លួន រួចគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវភ្នំពេញ-ហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នារីរងគ្រោះដែលចាញ់ល្បិចទម្លាក់យោង មានឈ្មោះម៉េត សំអូន អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិម្រាលត្នោត ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបនាងបានចេញពីធ្វើការរោងចក្រ ក្នុងបំណងទៅបន្ទប់ជួល ពេលកំពុងដើរតាមផ្លូវ ស្រាប់តែលេចមុខមនុស្ស២នាក់ដើរមករកនាង ហើយបានធ្វើជារើសបានកាបូបលុយ ហើយបានហៅនាងមកជួយមើល ឃើញមានខ្សែក១ខ្សែ ដោយពួកគេប្រាប់នាងថា កុំឮមាត់ ពួកយើងចែកគ្នា។ ដោយសារតែលង់ជឿសម្តីជនសង្ស័យ ទើបនាងបានយល់ព្រមទៅតាម ក្រុមជនសង្ស័យដើម្បីរកន្លែងស្ងាត់ ចែកមាសគ្នា។
នារីរងគ្រោះបន្តថា ពេលនោះជនសង្ស័យក៏ឱ្យនាងដោះកងដៃ ក្រវិល និងទូរស័ព្ទដៃទៅពួកគេ ដោយប្រាប់នាងថា ចាំយកខ្សែក (ក្លែងក្លាយ) នោះ ទៅលក់ចែកគ្នា និងបានដោយឱ្យនារីរងគ្រោះចាំនៅចំណុចកើតហេតុសិន ហើយពួកគេបាននាំគ្នាជិះម៉ូតូឌុបគេចខ្លួនបាត់តែម្តង។ លុះក្រោយពីជនសង្ស័យទៅបាត់យូរពេក នាងក៏នឹកសង្ស័យ រួចក៏បើកកាបូបនោះមើល ទើបដឹងថា តាមពិតខ្សែកនោះ គឺជាខ្សែកក្លែងក្លាយសោះ ទើបនាងប្រញាប់រត់ទៅប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
នារីរងគ្រោះ បានបញ្ជាក់ប្រាប់ថា ទ្រព្យសម្បត្តិរបស់នាងដែលបាត់បង់ទៅ រួមមាន កងដៃប្លាកទីន១វង់ មានតម្លៃ៧៣ដុល្លារ ក្រវិលមាស១គូ ទំងន់៥ហ៊ុន រួមនិងទូរស័ព្ទដៃ១គ្រឿង ហើយក្រុមជនសង្ស័យបានបន្សល់ទុកឱ្យនាងនូវខ្សែកក្លែងក្លាយ១ខ្សែប៉ុណ្ណោះ៕