ភ្នំពេញ៖ ផ្ទះមួយល្វែង លេខL14 ផ្លូវបេតុង ក្នុងបុរី ប៊ុន ហួរ ខណៈដែលម្ចាស់ លក់មិនទាន់ដាច់ ទុកចោលមួយរយៈបែជាស្ងាត់ៗ ត្រូវបានអ្នកនៅក្បែរខាង ជាប់នោះ យកឥវ៉ាន់ទៅដាក់ពេញផ្ទះ ធ្វើទ្វារបិទចាក់សោ ជាកម្មសិទ្ធផ្ទាល់ខ្លួន ទោះជា អាជ្ញាធរ ម្ចាស់សំណង់ បង្គាប់ឲ្យ រើសចេញ ក៏មិនព្រម រហូតដល់ ប្តឹងដល់អាជ្ញាធរ មូលដ្ឋាន ក៏មិនទាន់ដាច់ស្រេច បន្ទាប់ពី ភាគីខាងអ្នកយកផ្ទះធ្វើជាកម្មសិទ្ធនោះគេចវេសរហូត ។ ហេតុការណ៍លើកចុងក្រោយ កើតឡើងកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបុរីប៊ុន ហួរ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្តី លោក ប៊ុន ហួរ អាយុ៥៥ឆ្នាំ មានទីលំនៅផ្ទះលេខ ១០១០១ ផ្លូវ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បានឲ្យដឹងថា លោកជាម្ចាស់សំណង់ខាងលើ ហើយកន្លងមក បានលក់ផ្ទះ២ល្វែង L15,L16 ឲ្យទៅ ឈ្មោះ សួន សម្បត្តិ ផ្ទេរឯកសារ កម្មសិទ្ធត្រឹមត្រូវ ហើយមួយរយះក្រោយមកនេះ បែជា មានផ្ទះមួយល្វែង ជាប់គ្នានោះ L14 ត្រូវបាន ឈ្មោះ សួន សម្បត្តិ យកឥវ៉ាន់ទៅដាក់ ធ្វើទ្វារបិទបាំចាក់សោទៅវិញ ខណៈដែល ម្ចាស់សំណង់ មិនទាន់លក់ ដោះដូរឲ្យទៅបុគ្គលណាម្នាក់ ។ លោកប៊ុន ហួរ បន្តទៀតថា អស់រយះពេល១ខែកន្លងមកហើយ ដែលគាត់ប្តឹងទៅអាជ្ញាធរ សង្កាត់ ទោះជា កន្លងមក មានលិខិតអញ្ជើញ លោក សួន សម្បត្តិ កាន់ឯកសារ ប្លង់សិទ្ធកាន់កាប់ មកបង្ងាញ អាជ្ញាធរក៏ដោយ ពុំមានវត្តមាន ចេញមុខមកដោះស្រាយ រហូតមកដល់ព្រឹកថ្ងៃទី១២ ខែសីហា នេះ ផ្ទុះរឿងឆោឡិជាថ្មី ខណៈដែល លោក សួន សម្បត្តិ មិនចេញមុខដោះស្រាយ ជាមួយ ម្ចាស់សំណង់ ហើយត្រូវបាន អាជ្ញាធរ ដកវិលត្រឡប់មកវិញ ។
រឿងរ៉ាវខាងលើ អ្នកពត៌មាន មិនអាច សុំការបំភ្លឺពីលោក សួន សម្បត្តិ ដែលមានលំនៅ ជាប់ផ្ទះកើតហេតុ ហើយ ក៏ជាអ្នក យកឥវ៉ាន់ទៅដាក់ក្នុងផ្ទះកើតហេតុ បានទេ ខណៈដែល អ្នកពត៌មាន សុំការអនុញាតិ ថតរូបភាព និងសម្លេង ដើម្បីបំភ្លឺរឿងរ៉ាវ ចោទប្រកាន់ខាងលើ ពីលោក សួន សម្បត្តិ តែលោក ហាមមិនឲ្យថត បែជាជម្រុញ ឲ្យអ្នកសារពត៌មាន សាកសួរ ទៅលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ វិញនឹងជ្រាប ជាពត៌មាន ហើយលោកគ្រាន់តែ បញ្ជាក់ប្រាប់ថា លោក លោកអត់មានប្លង់កម្មសិទ្ធ ផ្ទះលេខ L14 ពិតមែន តែលោកអភិបាលខណ្ឌ ជាអ្នកឲ្យលោកជួយមើលការខុសត្រូវ កាលបើប្លង់ផ្ទះ នៅដែអ្នកណាកាន់ អ្នកនោះ ជាម្ចាស់ លោកមិនដឹងឡើយ គ្រាន់តែ ជាអ្នក មើលការខុសត្រូវ តាមបណ្តាំ របស់លោកអភិបាលទេ ។
តែទោះជាយ៉ាងណាក៏ដោយ លោក ប៊ុន ហួរ ជាម្ចាស់សំណង់ បុរីខាងលើ បានអះអាងថា លោកមិនទាន់ ផ្ទេរ កម្មសិទ្ធ ផ្ទះមួយល្វែងនេះឲ្យទៅ អ្នកណាឡើយបែជា លោក សួន សម្បត្តិ មិនរុះរើឥវ៉ានចេញទៅវិញ កាលបើមិនមែនផ្ទះខ្លួន ហើយប្លង់ក៏នៅដៃលោកជាអ្នកកាន់កាប់ទៀត ៕