Saturday, January 18, 2025
Homeសង្គម និងជីវិតខឹងឈ្លោះមិនឈ្នះគេ ដុតខ្ទមខ្លួនឯងឆេះម៉ត់

ខឹងឈ្លោះមិនឈ្នះគេ ដុតខ្ទមខ្លួនឯងឆេះម៉ត់

ភ្នំពេញ ៖ អ្នករើសអេតចាយប្រុសស្រី១ក្រុម បានកើតមានជំលោះតឹងសរសៃកដាក់គ្នា លុះភាគីម្ខាងក្តៅចិត្តឈ្លោះមិនឈ្នះគេ ក៏ធ្វើសកម្មភាពដុតកូនខ្ទមស្នាក់នៅរបស់ខ្លួនចោល រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវលេខ៣១៥ ខាងកើតស្តុបត្រឡោកបែក ប្រមាណជាង២០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពពីអ្នកស្នាក់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ក្រុមរើសអេតចាយប្រុសស្រីមួយក្រុមនេះ បាននាំគ្នារើសកំណាត់ឈើជាច្រើនកំណាត់ ហើយបាននាំគ្នាយកមកសង់ជាកូនខ្ទមមួយ ដើម្បីស្នាក់នៅ ចំណែកអ្នកខ្លះបានចូលទៅស្នាក់នៅក្នុងលូនៅចំណុចកើតហេតុខាងលើ ទើបនឹងបានរយៈពេល២ថ្ងៃប៉ុណ្ណោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណជិត១០យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ គេបានឃើញក្រុមរើសអេតចាយ១ក្រុមខាងលើ បានកើតមានជំលោះតឹងសរសៃកដាក់គ្នា ប៉ុន្តែគ្មានអ្នកណាដឹងថា ពួកគេបានឈ្លោះប្រកែកគ្នាពីរឿងអ្វីនោះទេ។

ស្រាប់តែមួយសន្ទុះក្រោយមក ក៏ឃើញមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅចំណុចកូនខ្ទមដែលក្រុមអ្នករើសអេតចាយខាងលើទើប នឹងសង់ស្នាក់នៅ ហើយភ្លាមនោះ គេឃើញស្ត្រីម្នាក់ក្នុងចំណោមអ្នករើសអេតចាយជាច្រើននាក់ បានយកធុងដងទឹកទៅជះពន្លត់ដែរ តែភ្លើងឆេះខ្លាំងពេក ទើបមិនរលត់នោះទេ ជាហេតុធ្វើឱ្យក្រុមអ្នកទាំងនោះភ័យស្លន់ស្លោ នាំរត់គេចខ្លួនបាត់អស់ពីកន្លែងកើតហេតុ។ បន្ទាប់មកប្រជាពលរដ្ឋ រស់នៅក្បែរនោះ បានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋដែលស្នាក់ក្បែរកន្លែងកើតហេតុ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងយកធុងដងទឹកចាក់ពន្លត់អស់ជាច្រើនធុង ទើបភ្លើងបានរលត់ទៅវិញអស់ទាំងស្រុង៕

RELATED ARTICLES