ខេត្តក្រចេះ ៖ បុរសម្នាក់ បានកើតមានភ្លើងប្រចណ្ឌប្រពន្ធរបស់ខ្លួនជាមួយនឹងបុរសចំណាស់ម្នាក់ រស់នៅក្បែរផ្ទះគ្នា ទើបដើរទៅផឹកស្រាសអស់ជាច្រើនលីត្រ រហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏លីពូថៅចូលទៅកាប់បុរសចំណាស់ដល់ក្នុងផ្ទះចំនួន២ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាផ្ទុះចេញពីភ្លើងប្រចណ្ឌខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចអូរអណ្តូង ស្ថិតក្នុងភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល។
ជនដៃដល់ ដែលកាប់បុរសចំណាស់២ពូថៅ ព្រោះតែភ្លើងប្រចណ្ឌនេះ មានឈ្មោះធី សុផល អាយុ២៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះ មានឈ្មោះសាន់ សារឿន អាយុ៥០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយលេងនៅក្នុងផ្ទះរបស់ខ្លួនសុខៗ ស្រាប់តែលេចមុខជនដៃដល់ឈ្មោះធី សុផល បានលីពូថៅ ចូលមករកជនរងគ្រោះ រួចស្ទុះមកកាប់ប្រហារជនរងគ្រោះទាំងកំរោល ចំនួន២ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំឃ្សឹម ស្រុកស្នួល។
ប្រភពដដែលបន្តថា ក្រោយកើតហេតុភ្លាមៗ ក្រុមគ្រួសារជនរងគ្រោះ បានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ហើយភ្លាមនោះ គេឃើញកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារភូមិ បានចុះមកដល់ទីតាំងកើតហេតុ រួចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ នៅអធិការដ្ឋានស្រុកស្នួល។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ឈ្មោះធី សុផល បានឆ្លើយសារភាពថា មូលហេតុដែលរូបគេ កាប់ប្រហារទៅលើជនរងគ្រោះនោះ គឺដោយសារតែរូបគេ មានចិត្តប្រចណ្ឌប្រពន្ធរបស់ខ្លួន ជាមួយនឹងជនរងគ្រោះ។ លុះមកដល់ថ្ងៃកើតហេតុ រូបគេ ក៏បានចេញទៅផឹកស្រាសអស់ជាច្រើនលីត្រ រួចក៏ចាប់ផ្តើមនឹកឃើញដល់ភ្លើងប្រចណ្ឌ រហូតដល់ទ្រាំលែងបាន ក៏ទាញពូថៅចូលទៅកាប់ជនរងគ្រោះដល់ក្នុងផ្ទះចំនួន២ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕