Saturday, January 18, 2025
Homeសង្គម និងជីវិតជម្លោះរឿងគប់ដំបូលផ្ទះ ផ្ទុះជាហិង្សា ឃាត់ខ្លួនទាំងសងខាង

ជម្លោះរឿងគប់ដំបូលផ្ទះ ផ្ទុះជាហិង្សា ឃាត់ខ្លួនទាំងសងខាង

ភ្នំពេញ ៖ ក្រុមគ្រួសារចំនួន២ រស់នៅក្បែរខាងគ្នា ប៉ុន្តែដោយសារខ្វះការយោគយល់អធ្យាស្រ័យគ្នា មានចិត្តចង់ឈ្នះចង់ចាញ់រៀងខ្លួន ទើបគ្រាន់តែមានរឿងតិចតួចសោះ ធ្វើឱ្យកើតមានជម្លោះរហូតផ្ទុះជាហិង្សាវាយតប់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួស ទីបំផុតសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនភាគីទាំងសងខាងមកសួរនាំ។

ករណីអ្នកជិតខាងផ្ទុះហិង្សាដាក់គ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ភាគីទី១-ឈ្មោះម៉ម ផលឫទ្ធិសក្ត័ ហៅភក្តី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះលេខ២៣ ផ្លូវ១៨៤ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកភាគីទី២-ឈ្មោះទូច វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ផ្ទះជាប់របងគ្នា)។

តាមប្រភពពីសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្តាយខាងភាគីទី១ឈ្មោះចន កាន អាយុ៤៥ឆ្នាំ បានជេរទៅលើភាគីទី២ ដោយសង្ស័យថា បានយកដុំថ្មគប់មកលើដំបូលផ្ទះរបស់គាត់ ទើបក្លាយជាទំនាស់ជេរគ្នាទៅវិញទៅមក។ ភ្លាមនោះឈ្មោះម៉ម ផល ឫទ្ធិសក្ត័ ហៅភក្តី ត្រូវជាកូនប្រុស បានចេញពីក្នុងផ្ទះយកកាំបិតប៉័ងតោ និងឈើមកគប់ទៅលើភាគីទី២ តែពេលនោះភាគីទី២ បានស្ទុះទៅចាប់យកឈើពីម្តាយភាគីទី១ បណ្តាលឱ្យម្តាយត្រូវរបួសក្បាលបន្តិចបន្តួច ហើយក្រោយមកក៏មានសមត្ថកិច្ចចុះឃាត់ខ្លួនភាគីទាំង២ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

បច្ចុប្បន្នភាគីទំនាស់ទាំង២ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕

RELATED ARTICLES