តារាចម្រៀងផលិតកម្មរស្មីហង្សមាស នាងវី ឌីណែត បានជិះឡានវិលត្រឡប់ពីការថតភាពយន្ដនៅខេត្តកំពង់សោមទាំងយប់អាធ្រាត្រ កាលពីរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ដើម្បីរួសរាន់ទៅមើលឪពុករបស់នាង លោកហួរ ឡាវី ដែលធ្លាក់ខ្លួនឈឺធ្ងន់ដេកលើកន្ទេល និងមានសុខភាពកាន់តែធ្លាក់ចុះដុនដាបខ្លាំងជាងមុនឆ្ងាយ បន្ទាប់ពីជំងឺធ្វើទុក្ខ ដោយត្រូវដឹកទៅមន្ទីពេទ្យសង្រ្គោះបន្ទាន់ កាលពីថ្ងៃទី២១ ខែមីនា។
ក្នុងជំនួបកាលពីរាត្រីថ្ងៃទី២២ ខែមីនា នាងវី ឌីណែត បានឲ្យដឹងថា “នាងមានការព្រួយបារម្ភខ្លាំងចំពោះស្ថានភាពសុខភាពឪពុករបស់នាង ដែលធ្លាក់ខ្លួនឈឺយ៉ាងរហ័សនេះ បើទោះជាពេលនេះត្រូវដឹកមកសម្រាកព្យាបាលនៅផ្ទះក្ដី តែជំងឺនៅតែធ្វើទុក្ខ ហើយមើលទៅគាត់ដូចជាប្រឹងប្រែងកន្លងមក គឺអស់ទៅហើយ”។
កូនស្រីលោកហួរ ឡាវី រូបនេះ បានឲ្យដឹងថា ”ឥឡូវខ្ញុំកំពុងតែជាប់ថតភាពយន្ដនៅខេត្តព្រះសីហនុ ហើយត្រូវវិលទៅភ្នំពេញ វិញទាំងយប់ហ្នឹង ពេលថតចប់។ ពេលគាត់ចូលពេទ្យហ្នឹង ខ្ញុំនៅជាប់ថតរឿងនៅឡើយ អីចឹងមិនដឹងថា គាត់ឈឺអីចូលពេទ្យណាទេ តែពេលហ្នឹងឮថា គាត់បានគ្រាន់បើបន្ដិច ហើយយកចេញពីពេទ្យទៅសម្រាកព្យាបាលនៅផ្ទះហើយ។ ខ្ញុំមិនដឹងថា ប៉ាខ្ញុំគាត់ឈឺអីទេ តែក្រុមគ្រួសារប្រាប់ខ្ញុំថា គាត់ក្ដៅក្នុងខ្លាំង ហើយមានបញ្ហាបំពង់កទៀត ដែលតាមមើលគាត់ហត់នឿយច្រើនពេក និយាយទៅ កន្លងមកគាត់ប្រឹងប្រែងហ្នឹងអស់កំលាំង និងលទ្ធភាពទៅហើយ។ ប៉ាខ្ញុំគាត់ចាស់ហើយ អីចឹងពេលគាត់ឈឺ គឺឆាប់ធ្លាក់ចុះណាស់ តែពេលនេះគាត់គ្រាន់បើជាងមុនបន្ដិចហើយ”។
លោកហួរ ឡាវី អតីតតារាចម្រៀងផលិតកម្មឆ្លងដែន និងរស្មីហង្សមាស រហស្សនាមតារាចម្រៀងសំនៀងស្អកប្រចាំប្រទេស ដោយល្បីខ្លាំងបទ ”អាណែតមាសបង”, ”ឲ្យបងសុំស្រលាញ់ផង” ជាដើម។ លោកឡាវី បានបណ្ដុះបណ្ដាលឲ្យកូនស្រី២នាក់របស់ខ្លួន ឈានចូលអាជីពចម្រៀងបន្ដតំណែងពីលោក ប៉ុន្តែអ្នកដែលមានឈ្មោះល្បី ហើយត្រូវគេចាត់ទុកថាអាចនឹងជំនួសតំណែងលោកឡាវី នោះ គឺនាងវី ឌីណែត តារាចម្រៀងផលិតកម្មរស្មីហង្សមាស ដែលពេលនេះត្រូវបានទ្រនំធំនេះ លើកស្ទួយទាំងបទចម្រៀង និងការថតភាពយន្ដក្នុងតំណែងជាតួឯករឿង ”រាជបុត្រកង្កែប” ដែលឌីណែត ប៉ះជាមួយនី រតនា ។
លោកហួរ ឡាវី ធ្លាប់ប្រាប់ថា កូនស្រីលោកឌីណែត ដែលមានវ័យ២១ឆ្នាំនេះ កំពុងតែមានសំឡេងពេញកំលាំងក្នុងការច្រៀង តែរឿងថា អាចល្បីបានប៉ុន្មានឆ្នាំទៀតនោះ លោកមិនហ៊ានសន្និដ្ឋានឡើយ ព្រោះថាអ្នកចម្រៀងសំឡេងខ្លាំងយ៉ាងណាក៏ដោយ បើមិនចេះថែរក្សាសំឡេងទេ ២ឆ្នាំក្រោយ នឹងធ្លាក់ចុះមកវិញជាមិនខាន៕