Saturday, January 18, 2025
Homeសង្គម និងជីវិតកាប់គូទំនាស់ផុងលលាដ៍ រត់គេចបានតែ៣ថ្ងៃ ជាប់ខ្នោះ

កាប់គូទំនាស់ផុងលលាដ៍ រត់គេចបានតែ៣ថ្ងៃ ជាប់ខ្នោះ

ខេត្តពោធិ៍សាត់ ៖ យុវជនម្នាក់ ក្នុងចំណោមបក្ខពួក១ក្រុម ដែលធ្វើសកម្មភាពកាប់ប្រហារយុវជនជាគូទំនាស់ម្នាក់ បណ្តាលឱ្យផុងលលាដ៍ក្បាល រងរបួសធ្ងន់ រួចព្យាយាមរត់គេចខ្លួនបានរយៈពេល៣ថ្ងៃ ទីបំផុត ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានកាលពីវេលាម៉ោង៨ និង៤៩នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិកញ្ជើបាចដាច ឃុំវាល ស្រុកកណ្តៀង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស ចាន់ណា អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិឃុំ ដែលសមត្ថកិច្ចចុះឃាត់ខ្លួនខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះម៉ៅ សុខរ៉ា អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ រងរបួសត្រង់ក្បាល ផុងដល់លលាដ៍។

លោកវរសេនីយ៍ឯក ម៉ូ លីដា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា ក្រោយកើត ករណីហិង្សាកាប់ប្រហារយុវជនម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨មក កម្លាំងសមត្ថកិច្ច បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត នាំយកទៅសាកសួរនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់លើជនរងគ្រោះ ជាគូទំនាស់ប្រាកដមែន ដោយប្រើដាវសាំម៉ូរ៉ៃ។ ចំណែកវត្ថុតាង (ដាវសាម៉ូរ៉ៃ) ក្រោយពីបានធ្វើសកម្មភាពរួចបានយកទៅបោះចោលក្នុងទឹកស្ទឹងពោធិ៍សាត់បាត់ទៅហើយ។

គួររំលឹកថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ មានករណីអំពើហិង្សាកាប់ប្រហារគ្នាមួយបានកើតឡើងនៅត្រង់ចំណុចសួនច្បារមុខធនាគារ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយជនសង្ស័យ និងបក្ខពួកកំពុងអង្គុយលេងនៅក្រោមដើមចំប៉ី លុះឃើញជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀត ជិះម៉ូតូមកឈប់ក្បែរ ក៏ជេរប្រមាថ រួចស្ទុះចូលទៅកាប់ទាំងកម្រោលបណ្តាលឱ្យរបួសក្បាលធ្ងន់តែម្តង៕

RELATED ARTICLES