ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់នេះ បានលួចទាក់ទងស្នេហាជាមួយនឹងបុរសម្នាក់ដែលមានប្រពន្ធកូនរួចទៅហើយ លុះក្រោយពីសម្រាលកូនខ្ចីរួចមិនបានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែបែកធ្លាយរឿងរ៉ាវដឹងដល់ប្រពន្ធដើម ខឹងច្រឡោត លើកគ្នាតាមមករករឿងចង្អុលមុខដល់ផ្ទះ និងថែមទាំងបានថតវីដេអូបង្ហោះហ្វេសប៊ុកទៀតផង។
ហេតុការណ៍ជម្លោះបែកផ្សែងរវាងប្រពន្ធដើម និងប្រពន្ធចុងដែលកំពុងសរសៃខ្ចីនេះ ត្រូវបានបង្ហោះឡើងសាយភាយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងមានការចែករំលែកតៗគ្នាទៀតផង។
ភាគីនារីដែលទទួលរងការចោទប្រកាន់ថាដណ្តើមប្តីគេ រហូតទើបនឹងសម្រាលកូនថ្មីៗនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ។
យោងតាមគណនីហ្វេសប៊ុក Mrr Mala បានបង្ហោះរូបភាពចំនួន៥សន្លឹក រួមនឹងវីដេអូឃ្លីបចំនួន១ បង្ហាញពីសកម្មភាពស្ត្រីជាប្រពន្ធដើមតាមទៅដល់ផ្ទះប្រពន្ធចុង និងកើតមានទំនាស់ពាក្យសម្តីបែកផ្សែង។ ជាមួយនេះ ម្ចាស់គណនីខាងលើបានបង្ហោះសារមួយថា “សូមជំរាបបងប្អូន នេះជាស្រីដែលយកប្តីគេ ដើម្បីបំពេញតណ្ហារបស់ខ្លួនឯង ហើយថែមទាំងលួចរៀបការមិនឱ្យប្រពន្ធគេដឹងទៀត រហូតមានកូនប្រុសម្នាក់។ សាហាវណាស់ ខលមកបញ្ឈឺចិត្តប្រពន្ធគេស្ទើរកកឈាម ទាំងនៅសរសៃខ្ចីទៀត មីស្រីថោកទាប សូមបងប្អូនជួយស៊ែរបន្តផង អាណិតដល់ទឹកចិត្ត មនុស្សស្រីដូចគ្នា សូមអគុណទុកជាមុនចំពោះការស៊ែរបន្ត…”។
ដោយឡែក នៅក្នុងវីដេអូឃ្លីបរយៈពេល៣នាទី និង៣៩វិនាទី គេឃើញភាគីស្ត្រីជាប្រពន្ធដើមមានគ្នាលើសពី៣នាក់ បាននាំគ្នាសួរនាំទៅកាន់នារីជាប្រពន្ធចុង ដែលកំពុងឈរយោលអង្រឹងកូនខ្ចីថា តើនាងមានដឹងទេថា គាត់ (ប្តី) មានប្រពន្ធកូនរួចទៅហើយ។ ពេលនោះ នារីជាប្រពន្ធចុងបានឆ្លើយតបមកវិញថា ដំបូងឡើយ នាងអត់ដឹងទេ តែប្តីបានប្រាប់ថា គាត់រស់នៅជាមួយប្រពន្ធអត់ចុះសម្រុងនឹងគ្នាទេ ឱ្យនាងរៀបការជាមួយគាត់ទៅ ព្រោះគាត់ពិតជារស់នៅមិនត្រូវគ្នាជាមួយនឹងប្រពន្ធមែន។ ចំណែកភាគីខាងប្រពន្ធដើមបានតបទៅវិញថា ប្រសិនបើដឹងថា គេមានប្តីប្រពន្ធ ទោះជាគេរស់នៅមិនស្រុះស្រួលគ្នា មិនត្រូវរ៉ូវគ្នា ត្រូវចាំដល់ប្តីប្រពន្ធគេលែងលះគ្នាដាច់ស្រេចនៅតុលាការ ទើបអាចមានសិទ្ធិរៀបការជាមួយប្តីគេបាន តើម្តាយរបស់នាងមានធ្លាប់ប្រដៅនាងឬអត់? ក្រៅពីនេះ ភាគីស្ត្រីជាប្រពន្ធដើមសួរថា តើប្តីរបស់គាត់ចិញ្ចឹមមួយខែប៉ុន្មាន? ភ្លាមនោះ នារីជាប្រពន្ធចុងបានឆ្លើយថា តាមពិតគាត់ (ប្តី) ឱ្យ១ខែ តែ៥០ដុល្លារទេ ឱ្យទិញរបស់របរកូន ហើយនាងប្រឹងសន្សំចង់ស្លាប់ទៅហើយ។ ជាមួយនេះ ស្ត្រីជាប្រពន្ធដើមបានលើកឡើងថា ចុះបើដឹងថា យកប្តីរបស់គេរស់នៅវេទនាបែបនេះ តើហេតុអ្វីនៅតែចង់បានប្តីគេទៀត? មិនតែប៉ុណ្ណោះ ភាគីស្ត្រីជាប្រពន្ធដើមនៅបានចោទប្រកាន់ទៅលើក្រុមគ្រួសារនារីជាប្រពន្ធចុងទៀតថា បនារួមគំនិតគ្នាឱ្យកូនស្រីទាក់ទងយកប្តីរបស់គេ ដែលនេះគឺជាការរួមគំនិតគ្នាឆបោកប្រាក់ពីប្តីរបស់គេ…”។
យ៉ាងណា ក្រោយវីដេអូឃ្លីបខាងលើ ត្រូវបានបង្ហោះឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុក គេឃើញមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចោញយោបល់រៀងខ្លួនផ្សេងៗគ្នា ដោយខ្លះបានរិះគន់ចំៗទៅលើនារីជាប្រពន្ធចុង ដែលលួចលាក់យកប្តីរបស់គេ ទាំងដែលដឹងច្បាស់ហើយថា ប្តីប្រពន្ធគេមិនទាន់លែងលះគ្នាដាច់ស្រេច និងថែមទាំងបណ្តោយខ្លួនឱ្យមានកូនជាមួយគ្នាទៀត។ ចំណែកខ្លះទៀត បានដាក់បន្ទុកទៅលើភាគីបុរសជាប្តី ដែលមានចិត្តសាវ៉ា មាន១មិនស្កប់ មាន១០មិនស្កល់ មានប្រពន្ធរួចទៅហើយ នៅតែជ្រួលជ្រើមទៅលួចលាក់លួងលោមស្រីក្មេង រួមរស់ជាប្តីប្រពន្ធទៀត។
ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនដឹងថាមានការពិតកម្រិតណាទេ ដោយសារមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីទាំង៣បាននៅឡើយ ពោលគឺភាគីបុរសជាប្តី ភាគីស្ត្រីជាប្រពន្ធដើម និងភាគីនារីជាប្រពន្ធចុង។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់៕