ជារឿងចម្លែកដែលពិធីការិនីល្បីឈ្មោះរបស់បណ្ដាញទូរទស្សន៍ CTN អ្នកនាងយុគ ចិន្ដា ដែលជារៀងរាល់ឆ្នាំ ខួបកំណើតរបស់អ្នកនាងតែងតែត្រូវបានសង្សារបណ្ដូលចិត្តលោកវុទ្ធី បណ្ឌិត ហៅសម័យ អាណិកជនខ្មែរ មកពីអាមេរិក ជាអ្នករៀបចំធ្វើខួបឲ្យជារៀងរាល់ឆ្នាំនោះ ស្រាប់តែពេលនេះ អ្នកនាងចិន្ដា ប្រារព្ធខួបដោយគ្មានពោះម៉ាយរូបនោះនៅក្បែរកាយាដូចមុនទៀតឡើយ។
ប្រភពបានឲ្យដឹងថា អ្នកនាងយុគ ចិន្ដា ត្រូវបានបុរសផ្សេងម្នាក់ទៀតរៀបចំខួបឲ្យ កាលពីរាត្រីថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨ នៅវីឡាមួយនៅខណ្ឌទួលគោក ហើយមានតែអ្នកសិល្បៈដែលជិតដិតបំផុតប៉ុណ្ណោះ ដែលលេចមុខក្នុងកម្មវិធីនោះ មានដូចជា អ្នកនាងចន ច័ន្ទលក្ខិណា , ឌួង ហ្សូរីដា, ទឹម រដ្ឋា , ទូច ស្រីលក្ខណ៍, ចេន សាយចៃ , ខៀវ សានសាណា, លោកអែន ឌី , ប៉ែន ចំរ៉ុង, គង់ ចំរ៉ុង, យឹម ណារ៉ា និងរតនៈ ពិសិដ្ឋ ជាដើម ដែលពួកគេសុទ្ធតែបានជូបពរអ្នកនាងចិន្ដា សូមឲ្យមានសម្រស់កាន់តែស្អាត ការងារកាន់តែជោគជ័យ និងល្បីល្បាញឈ្មោះកាន់តែខ្លាំងថែមទៀត។ អ្នកនាងចិន្ដា បានបង្ហាញភាពរីករាយជាខ្លាំង ហើយថែមទាំងថតរូបដោយឱបថើបជាមួយតារាស្រីៗដូចគូស្នេហ៍ទៀតផង។
គេកត់សម្គាល់ថា នៅលើនំខេករបស់អ្នកនាងយុគ ចិន្ដា នោះ មិនបានបញ្ជាក់ថា គម្រប់អាយុប៉ុន្មានឆ្នាំទេ តែអ្នកដែលស្និទ្ធពិធីការិនីរូបនេះបានខ្សឹបប្រាប់ថា អ្នកនាងចិន្ដា អាយុ៤០ប្លាយទៅហើយ។ ក្នុងកម្មវិធីដ៏រីករាយសម្រាប់អ្នកនាងយុគ ចិន្ដា នោះ គេក៍ឃើញកូនស្រីជាទីស្រលាញ់របស់អ្នកនាង ឈ្មោះយុគដា ពេជ្រ ហៅស្រីអម ក៏បានទៅចួលរួមអបអរសាទរម៉ាក់របស់គេផងដែរ។
តាមប្រភពពីអ្នកសិល្បៈដែលជិតដិតអ្នកនាងយុគ ចិន្ដា បានឲ្យដឹងថា ពិធីការិនីរូបនេះអំឡុងពេល៥ឆ្នាំចុងក្រោយ គឺកម្មវិធីខួបកំណើតរបស់អ្នកនាងស្ទើរតែត្រូវបានសង្សារអ្នកនាង លោកវុទ្ធី បណ្ឌិត ហៅសម័យ រៀបចំចាត់ចែងឲ្យជារៀងរាល់ឆ្នាំទាំងអស់ ហើយលោកសម័យ ថែមទាំងបង្ហាញពីការស្រលាញ់ខ្លាំងចំពោះអ្នកនាងចិន្ដា នៅថ្ងៃខួបកំណើតនេះតែម្ដង តាមរយៈការឱបថើបនៅចំពោះអ្នកដែលជិតដិតបំផុតនោះ។ដោយឡែក សម្រាប់ការធ្វើខួបនៅឆ្នាំ២០១៨នេះវិញ អ្នកនាងចិន្ដា ប្រហែលជារីករាយតែនៅចំពោះមិត្តភក្ដិរួមអាជីពនេះប៉ុណ្ណោះ ព្រោះគេមិនឃើញលោកសម័យ ទៅចូលរួមដូចលើកមុនៗទៀតឡើយ។ ភាពប្រែប្រួលនេះបញ្ជាក់ថា អ្នកនាងយុគ ចិន្ដា ដែលផ្អាកបណ្ដើរលោកសម័យ ទាំងស្រុង រយៈពេលជិត១ឆ្នាំនេះ ប្រាកដជាមានបញ្ហាមិនចុះសម្រុងគ្នាជាមិនខាន បានជាអ្នកនាងចិន្ដា លែងបណ្ដើរលោកសម័យ ដូចមុន ហើយថែមទាំងបាត់ខ្លួនពោះម៉ាយរូបនោះក្នុងកម្មវិធីពិសេសរបស់អ្នកនាងបែបនេះ។
យ៉ាងណា អ្នកសិល្បៈជិតដិតអ្នកនាងយុគ ចិន្ដា ដែលចូលរួមកម្មវិធីខួបកំណើតនោះគ្មានអ្នកណាម្នាក់ហ៊ានសួរនាំអ្នកនាងរឿងបាត់ខ្លួនសង្សារនោះឡើយ ព្រោះម្នាក់ៗគិតតែពីការជូនពរអ្នកនាងចិន្ដា សូមឲ្យឆាប់ៗមានគូស្រករដូចគេឆាប់ៗនេះទៅវិញ ដែលធ្វើឲ្យអ្នកនាងចិន្ដា ញញឹមបិទមាត់មិនជិតឡើយ។ ប៉ុន្តែភាពរីករាយរបស់អ្នកចិន្ដា នោះប្រហែលជាមិនមែនអស់ពីចិត្តទេ គឺគ្រាន់តែជាការលាក់បាំងភាពក្រៀមក្រំនៅខាងក្រោយខ្នងប៉ុណ្ណោះ៕