ភ្នំពេញ ៖ ស្ត្រីម្នាក់ព្រោះតែក្រពុលមុខនឹងភ្លើងស្នេហាត្រីកោណ ក៏មានបែកគំនិតប៉ុនប៉ងសម្លាប់ប្តីរបស់ខ្លួន ដោយដាក់ថ្នាំពុលក្នុងគុយទាវ និងទឹកឱ្យប្តីហូបចុក លុះរឿងរ៉ាវបែកធ្លាយ ក៏វេចបង្វេចប្រមូលទាំងលុយកាក់ទ្រព្យសម្បត្តិជាង១២ម៉ឺនដុល្លារ ចុះចោលប្តី និងកូនៗគ្មានស្តាយស្រណោះ ទៅសម្ងំរួមរស់នឹងប្រុសថ្មីយ៉ាងរំភើយ លុះ៨ខែក្រោយមក ចាយវាយអស់លុយពីខ្លួនវិលត្រឡប់មកផ្ទះវិញ ក៏ត្រូវកម្លាំងអាវុធហត្ថចាប់ក្របួចជាប់។
ករណីប្រពន្ធដាក់ថ្នាំពុលសម្លាប់ប្តី រួចវេចលុយរត់ទៅសម្ងំរួមរស់ជាមួយប្រុសថ្មីបាត់នេះ បានកើតឡើងតាំងពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ លុះមកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ស្ត្រីជាប្រពន្ធបានវិលត្រឡប់មកផ្ទះវិញ ក៏ត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនតែម្តង។
ស្ត្រីសង្ស័យដែលដាក់ថ្នាំពុលប៉ងសម្លាប់ប្តី ដើម្បីមានឱកាសទៅរួមរស់នឹងប្រុសថ្មី ទីបំផុតត្រូវជាប់ខ្នោះនេះ មានឈ្មោះម៉េត ជិន អាយុ៣៨ឆ្នាំ មុខរបររកស៊ីលក់ដូរមុខរោងចក្រ មានលំនៅផ្ទះជួលលេខ១៦ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបុរសរងគ្រោះជាប្តី មានឈ្មោះស៊ឹម ស៊ុយ អាយុ៤០ឆ្នាំ មានកូនចំនួន៣នាក់ក្នុងបន្ទុក។ ដោយឡែក បុរសជាប្រុសសហាយ មានឈ្មោះប៉ែន នឿន ជាអ្នកបើកបររថយន្តដឹកកម្មកររោងចក្រ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៥កន្លងទៅ ជនរងគ្រោះជាប្តីឈ្មោះស៊ឹម ស៊ុយ បានកើតជំងឺទឹកនោមប្រៃ ហើយចាប់តាំងពីពេលនោះមក ស្ត្រីជាប្រពន្ធឈ្មោះម៉េត ជិន (ស្ត្រីសង្ស័យ) ក៏មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយឈ្មោះប៉ែន នឿន ដែលជាអ្នកបើកបររថយន្តដឹកកម្មកររោងចក្រ។
ប្រភពដដែលបន្តថា រហូតមកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ឈ្មោះស៊ុយ ចាន់រ៉ា ត្រូវជាកូនស្រីរបស់ជនរងគ្រោះឈ្មោះស៊ឹម ស៊ុយ បានប្រាប់ទៅឪពុកថា ម្តាយ (ម៉េត ជិន) បានដាក់ថ្នាំនៅក្នុងចំណីអាហារឱ្យឪពុកហូប។ បន្ទាប់មក នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃដដែលនោះ ជនរងគ្រោះបានពិនិត្យឃើញនៅក្នុងចានគុយទាវ និងក្នុងទឹកសូដា មានកកថ្នាំពណ៌ស ប្រហែល៤ទៅ៥គ្រាប់ កិនល្អិតនៅក្នុងនោះ ហើយរឿងនេះក៏បានដឹងដល់ស្ត្រីសង្ស័យឈ្មោះម៉េត ជិន ផងដែរ។
ប្រភពខាងលើ បានឱ្យដឹងទៀតថា បន្ទាប់មកនៅថ្ងៃទី២៣ ខែកក្កដា ២០១៧ ឈ្មោះម៉េត ជិន ក៏បានរត់ចេញពីផ្ទះចោលកូនៗ៣នាក់ ព្រមទាំងយករថយន្តកូរ៉េមួយតោនកន្លះ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 2A- 2498 និងលុយសរុបជាង១២ម៉ឺនដុល្លារ និងខ្សែដៃប្លាកទីនរបស់កូនស្រី១តម្លឹង គេចខ្លួនទៅជាមួយផង ដែលនោះជាការគេចខ្លួនមួយរយៈទៅរស់នៅជាមួយសាហាយ ទើបធ្វើឱ្យបុរសរងគ្រោះជាប្តី រួមនឹងកូនៗទ្រាំមិនបាន ក៏សម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។ លុះមកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ក្រោយពេលចាយវាយអស់លុយកាក់ បានមានបំណងវិលត្រឡប់មករកកូនវិញ តែជាការហួសពេលហើយ ដែលកូនបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចពាក់ព័ន្ធ ពីបទប៉ុនប៉ងឃាតកម្ម ដោយប្រើថ្នាំពុលទៅលើប្តី និងបោះបង់ចោលកូនឱ្យរស់យ៉ាងវេទនា គ្មានលុយកាក់ផ្គត់ផ្គង់ជីវភាពមើលឪពុកដែលកំពុងមានជំងឺ។
ក្រោយឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ កម្លាំងអាវុធហត្ថបានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី និងត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីការឃុំខ្លួនស្ត្រីសង្ស័យ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្មដោយប្រើថ្នាំពុល និងបោះបង់អនីតិជន តាមបញ្ញាត្តិមាត្រា២៧ ២០១ និងមាត្រា៣២១ នៃក្រមព្រហ្មទណ្ឌ៕