Thursday, October 9, 2025
Homeព័ត៌មានជាតិឪកូនចេញពីសុីការ ក្រុមចោរស្ទាក់ប្លន់ បាញ់កូនធ្លាយភ្លៅស្តាំ ទះឪ៣កំផ្លៀងហើមមុខ យកម៉ូតូទៅបាត់

ឪកូនចេញពីសុីការ ក្រុមចោរស្ទាក់ប្លន់ បាញ់កូនធ្លាយភ្លៅស្តាំ ទះឪ៣កំផ្លៀងហើមមុខ យកម៉ូតូទៅបាត់

ខេត្តកំពង់ធំ ៖ បុរស២នាក់ឪពុកកូន ទើបនឹងជិះម៉ូតូចេញពីហូបការគេវិញ មកដល់ពាក់កណ្តាលផ្លូវ ត្រង់កន្លែងស្ងាត់ ក៏ស្រាប់តែត្រូវជនសង្ស័យ១ក្រុមមានគ្នា៣នាក់ ស្ទាក់បាញ់ប្លន់យកម៉ូតូ បណ្តាលឱ្យកូនប្រុសរងរបួសធ្លាយភ្លៅរងរបួសធ្ងន់ ចំណែកបុរសជាឪពុកត្រូវក្រុមចោរ ទះ៣កំផ្លៀង បណ្តាលឱ្យហើមមុខថែមទៀត។

ហេតុការណ៍ចោរស្ទាក់ប្លន់ម៉ូតូ២នាក់ឪពុកកូនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចអ្នកតាស្នាយ ចន្លោះភូមិគូរ និងភូមិខ្សាច់ល្អិត ស្ថិតក្នុងឃុំចុងដូង ស្រុកបារាយណ៍។

បុរសរងគ្រោះជាកូនប្រុសដែលត្រូវចោរប្លន់បាញ់ធ្លាយភ្លៅ មានឈ្មោះស៊ុន សេងហៀង អាយុ២៩ឆ្នាំ (ធ្លាយភ្លៅខាងឆ្វេង)។ ចំណែកបុរសរងគ្រោះជាឪពុក មានឈ្មោះអ៊ុន គីម អាយុ៦០ឆ្នាំ ត្រូវក្រុមចោរទះ៣កំផ្លៀងហើមមុខ។ ជនរងគ្រោះទាំង២នាក់ឪពុកកូន មានលំនៅក្នុងត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍។

តាមសម្តីបុរសរងគ្រោះជាឪពុក បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ គាត់និងកូនប្រុសឈ្មោះស៊ុន សេងហៀង បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ស្លាកលេខ២៤២៤ ចេញដំណើរពីផ្ទះទៅស៊ីការគេនៅភូមិគូរ។

ប្រភពដដែលបន្តថា លុះពេលហូបការរួច ពួកគាត់២នាក់ឪពុកនិងកូន បានជិះម៉ូតូឌុបគ្នាបំណងត្រឡប់មកផ្ទះវិញ ដោយកូនប្រុសគឺជាអ្នកបើកម៉ូតូ ចំណែកគាត់ជិះពីក្រោយ។ ស្រាប់តែចៃដន្យ នៅពេលដែលមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខក្រុមចោរមួយក្រុមមានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើង AK បានចេញមកស្ទាក់ភ្ជង់ប្លន់យកម៉ូតូរបស់ពួកគាត់។ នៅពេលយកម៉ូតូបានហើយ ក្រុមចោរបានគំរាមឱ្យពួកគាត់ ២នាក់ឪពុកកូន ដោះគ្រឿងអលង្ការឱ្យពួកគេទៀត តែពេលនោះកូនប្រុសរបស់គាត់បានតដៃជាមួយក្រុមចោរ ទើបធ្វើឱ្យក្រុមចោរផ្ទុះកំហឹងបាញ់ ប្រហារទៅលើកូនប្រុសរបស់គាត់ ចំនួន២គ្រាប់ ១ចំភ្លៅខាងស្តាំ ហើយធ្លាយគ្រាប់មកបៀមជាប់ភ្លៅខាងឆ្វេង បណ្តាលឱ្យរបួសធ្ងន់ ហើយ១គ្រាប់ទៀតបាញ់ចំដី។ ហើយក្រោយពេលបាញ់កូនប្រុសរបស់គាត់ឱ្យរងរបួសរួច ក្រុមជនសង្ស័យបានស្ទុះមកទះគាត់ចំនួន៣កំផ្លៀងទៀត ទុកជាការបំបាក់ស្មារតីកុំឱ្យគាត់តដៃម្នាក់ទៀត។ បន្ទាប់មកក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់យ៉ាងឆាប់រហ័ស។

លោកសេង សំ មេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍ បានបញ្ជាក់ប្រាប់ថា ក្រោយពីមានសេចក្តីរាយការណ៍ថា មានករណីយ៍ប្លន់នៅចំណុចកើតហេតុខាងលើ លោកដឹកកម្លាំងក្រោមឱវាទរបស់លោក ចុះទៅកន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ និងតាមបង្ក្រាបក្រុមចោរប្លន់ តែក្រុមចោរទាំងនោះបានយកម៉ូតូជនរងគ្រោះជិះរត់គេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះជាកូនប្រុស ត្រូវកម្លាំងជំនាញជួយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកបារាយណ៍សន្ទុក ប៉ុន្តែដោយស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរពេក ទើបត្រូវក្រុមគ្រួសារបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីពេទ្យឯរាជធានីភ្នំពេញ បាត់ទៅហើយ៕

RELATED ARTICLES