Thursday, October 9, 2025
Homeព័ត៌មានជាតិសាហាវណាស់!!! ច្របាច់កសម្លាប់សង្សារ រួចគេចខ្លួនបាត់ ទុកសពស្អុយរលួយទើបដឹង

សាហាវណាស់!!! ច្របាច់កសម្លាប់សង្សារ រួចគេចខ្លួនបាត់ ទុកសពស្អុយរលួយទើបដឹង

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានបុរសជាគូស្នេហ៍ធ្វើសកម្មភាពចាប់ច្របាច់កសម្លាប់ រួចចាក់សោចោលនៅក្នុងបន្ទប់សណ្ឋាគារ គេចខ្លួនបាត់ស្រមោល លុះសាកសពហើមស្អុយជះភាយក្លិនដល់ភ្ញៀវស្នាក់នៅបន្ទប់ក្បែរគ្នា ទើបកើតមានការផ្អើលឆោឡោឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចសណ្ឋាគារ ហូម ថោន បន្ទប់លេខ៤០៨ ជាន់ទី៤ មានទីតាំងស្ថិតនៅ ផ្ទះលេខ ៣៥E0 ផ្លូវលេខ១៧២ ក្រុម១៩ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

សាកសពស្ត្រីរងគ្រោះដែលត្រូវប្រុសស្នេហ៍ច្របាច់កសម្លាប់ក្នុងបន្ទប់សណ្ឋាគារ មានឈ្មោះ Enan CAHYATI អាយុ៤៨ឆ្នាំ ជាជនជាតិឥណ្ឌូណេស៊ី កាន់អត្តសញ្ញាណប័ណ្ណលេខ NIK : 3174095209 700017 ស្នាក់នៅបន្ទប់សណ្ឋាគារទីតាំងកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាឃាតករមានឈ្មោះ FATEEN BILAL ABDUL ភេទប្រុស អាយុ៦៧ឆ្នាំ ជាជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ ៥៦១៤៨០៦៦ ស្នាក់នៅជាមួយជនរងគ្រោះ (កំពុងរត់គេចខ្លួន)។

តាមប្រភពព័ពីបុគ្គលិកសណ្ឋាគារឈ្មោះស៊ាង ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោង៧ព្រឹក នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ មានជនបរទេស២នាក់ (ស្ត្រីរងគ្រោះ និងជនសង្ស័យ) ដែលជាគូស្នេហ៍នឹងគ្នា បានមកជួលបន្ទប់សណ្ឋាគារស្នាក់នៅ។ ពេលនោះ ខាងសណ្ឋាគារបានហ្វូតូកូពីតែលិខិតឆ្លងដែនលេខរបស់ជនសង្ស័យទុកប៉ុណ្ណោះ ហើយអំឡុងពេលស្នាក់នៅនេះ ជនសង្ស័យមិនដែលហូបអាហារនៅក្នុងសណ្ឋាគារទេ គឺតែងចេញទៅខាងក្រៅរហូត។ រហូតមកដល់វេលាម៉ោង៤រសៀល ថ្ងៃកើតហេតុខាងលើ បុគ្គលិកសណ្ឋាគារឈ្មោះ ស៊ឹម ហេង ភេទប្រុស បានចុះពីលើមកដល់ជាន់ទី៤ ស្រាប់តែធុំក្លិនស្អុយចេញពីបន្ទប់លេខ៤០៨ ហើយប្រអប់សោខាងក្រៅ ឃើញមានគ្របគំរបដែកពីលើ និងចាក់សោរថ្មីពីលើ មិនឱ្យសោទ្វារសណ្ឋាគារចាក់កើត ទើបនាំគ្នាគាស់មើល ទើបដឹងថា មានមនុស្សស្លាប់ឡើងជះក្លិនស្អុយទៅហើយ បន្ទាប់មកក៏ប្រញាប់រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញខាងកោសល្យវិច័យរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យដល់ទីតាំងកើតហេតុភ្លាមៗ។

យោងតាមការសន្និដ្ឋានរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យសាលាដំបូងរាជធានីភ្នំពេញ ជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្ម (ច្របាច់ក) ហើយនៅក្បែរសាកសពមានអត្តសញ្ញាណប័ណ្ណ១សន្លឹក របស់ស្ត្រីរងគ្រោះប័ណ្ណពិនិត្យសុខភាពរបស់ស្ត្រីរងគ្រោះ ១សន្លឹក រួមនឹងកាតអេធីអឹមចំនួន៣ផងដែរ។

សាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចដឹកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំប្រគល់ទៅឱ្យតំណាងស្ថានទូត ចាត់ចែងបន្ត៕

RELATED ARTICLES