Saturday, January 18, 2025
Homeសង្គម និងជីវិតយោធាវរៈស៊ើបការ F3 ស្ទាក់ឡានដឹកឈើអត់ឈប់ បាញ់៣គ្រាប់ 

យោធាវរៈស៊ើបការ F3 ស្ទាក់ឡានដឹកឈើអត់ឈប់ បាញ់៣គ្រាប់ 

ខេត្តព្រះវិហារ ៖ មន្ត្រីយោធាពាក់ស័ក្តិ១ម្នាក់ នៅអង្គភាពវរៈស៊ើបការ F3 បានបាញ់ចំនួន៣គ្រាប់ ប៉ងសម្លាប់បុរសជាអ្នកបើកបររថយន្តម្នាក់ បន្ទាប់ពីកាក់រថយន្តដឹកឈើចរចាតម្លៃមិនត្រូវរ៉ូវគ្នា ទើបឈានដល់ការបាញ់ប្រហារប៉ងផ្តាច់ជីវិតអ្នកបើករថយន្ត តែសំណាងល្អ ជីវិតថ្លៃ គ្រាន់តែរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចជិតផ្លូវបំបែក ចូលទៅវរៈ៣៨២ ស្ថិតក្នុងភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត។

វរសេនីយ៍ទោ ស៊ឹម សុផាត នាយការិយាល័យសណ្តាប់ធ្នាប់សន្តិសុខអភិរក្សប្រាសាទព្រះវិហារ ឱ្យដឹងថា ករណីផ្ទុះអាវុធនេះ មានសេចក្តីរាយការណ៍មកថា រថយន្តសាំយ៉ុង ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AN-9680 ដែលគេសង្ស័យថា ដឹកឈើ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ដើម្បីត្រួតពិនិត្យ តែដោយរថយន្តនោះមិនព្រមឈប់ រឹតតែបង្កើនល្បឿនបន្ថែម ហើយបើកបុកបារាសអាជ្ញាធរទៀតនោះ ទើបអាជ្ញាធរធ្វើការបាញ់តែម្តងទៅ។

លោកបញ្ជាក់ថា សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ដើម្បីនាំខ្លួនជនបង្កយកមកសួរនាំចាត់ការតាមច្បាប់។ ដោយឡែក ម្ចាស់រថយន្តដែលជាជនរងគ្រោះខាងលើ ប្រាប់ឱ្យដឹងថា រថយន្តរបស់គេ គឺបានដឹកឈើក្តារយកទៅធ្វើជញ្ជាំងផ្ទះនៅស្រុកកំណើតនៅឯខេត្តកំពត ដែលមានចំនួនប្រហែល៦ទៅ៧ផ្លានប៉ុណ្ណោះ។

ជនរងគ្រោះ បញ្ជាក់ថា នៅខណៈខ្លួនបើករថយន្តមកដល់ចំណុចផ្លូវបំបែកក្សាន្ត មានក្រុមសមត្ថកិច្ច បានដេញស្ទាក់រថយន្តរបស់ខ្លួន ដើម្បីទារប្រាក់ តែដោយសារចរចាតម្លៃមិនត្រូវគ្នា ទើបពួកគេសម្រេចចិត្តបើករត់តែម្តងទៅ។

លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចាត់ទុកថា ករណីខាងលើនេះ គឺជាការបាញ់សម្លាប់ ដោយចេតនា។ លោកឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈឿង ចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្នភូមិព្រៃខ្លី ឃុំជ្រៃចែង ស្រុកជុំគគី ខេត្តកំពត។ ចំណែកជនបង្កឈ្មោះផុម គីម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរទាហាន ឋានន្តរស័ក្តិ អនុសេនីយ៍ត្រី (ស័ក្តិ១) នៅអង្គភាពវរៈស៊ើបការ F3 រស់នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត។

លោកវរសេនីយ៍ត្រី ពេជ្រ សុភី បញ្ជាក់ថា ជនបង្កឈ្មោះ ផុម គីម បានប្រើកាំភ្លើងម៉ាក AK47 បាញ់ទៅលើរថយន្តរបស់ជនរងគ្រោះចំនួន៣គ្រាប់ ដោយត្រូវកញ្ចក់ខាងមុខ១គ្រាប់ និងខាងក្រោយ២គ្រាប់ បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ ត្រូវចំពីគល់កខាងមុខធ្លាយទៅខាងក្រោយ។ មូលហេតុដោយសារខាងសមត្ថកិច្ចកាក់រថយន្តដឹកក្តារមិនឈប់ ដែលមានក្តារចំនួនប្រហែល៣០សន្លឹកប៉ុណ្ណោះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ជនរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអគ្គ ប៉ុន្តែដោយសារស្ថានភាព របួសធ្ងន់ធ្ងរពេក ទើបសម្រេចបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែក១៦ នៅខេត្តព្រះវិហារវិញ៕

RELATED ARTICLES