Thursday, October 9, 2025
Homeព័ត៌មានជាតិគួរឲ្យសង្វេគបំផុត!!! ម្តាយដេកយំននៀលដី ស្តាយកូនស្រីត្រូវឃាតកររំលោភសម្លាប់ក្បែរគុម្ពចេក

គួរឲ្យសង្វេគបំផុត!!! ម្តាយដេកយំននៀលដី ស្តាយកូនស្រីត្រូវឃាតកររំលោភសម្លាប់ក្បែរគុម្ពចេក

ខេត្តរតនគិរី ៖ ជារឿងគួរឱ្យរន្ធត់ និងសង្វេគបំផុត ខណៈដែលនារីវ័យក្មេងម្នាក់បានបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង លុះក្រុមគ្រួសារដើរតាមស្វែងរក ស្រាប់តែប្រទះឃើញសាកសពនារីរងគ្រោះដេកស្លាប់ក្នុងសភាពអាក្រាតននលគក នៅក្បែរគុម្ពចេកក្នុងចម្ការកៅស៊ូ ដោយសារត្រូវនឃាតករដៃឆៅចាប់រំលោភរួចវាយសម្លាប់យ៉ាងឃោរឃៅ ធ្វើឱ្យស្ត្រីជាម្តាយដេកយំននៀលដី ព្រោះតែស្តាយស្រណោះជីវិតកូនស្រី។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ មានករណីរំលោភសម្លាប់យ៉ាងព្រៃផ្សៃមួយបានកើតឡើង នៅចំណុចគុម្ពចេក ក្នុងចម្ការកៅស៊ូរបស់ឈ្មោះចាប ណារិន មានទីតាំងស្ថិតក្នុងភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ។

នារីរងគ្រោះដែលទទួលរងអំពើឃាតកម្មរំលោភសម្លាប់យ៉ាងសាហាវឃោរឃៅ មានឈ្មោះរ៉ន សេងហ៊ង អាយុ២០ឆ្នាំ មុខរបរកម្មករចៀរជ័រកៅស៊ូ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាឃាតករដៃឆៅ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែបានបន្សល់ទុកនូវវត្ថុតាងមួយចំនួននៅកន្លែងកើតហេតុ។

តាមសម្តីស្ត្រីជាម្តាយនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ (នារីរងគ្រោះ) បានបាត់ចេញពីផ្ទះនៅក្នុងចំការកៅស៊ូ តាំងពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ម៉្លេះ ហើយភ្លាមៗនេះ ក្រុមគ្រួសារគាត់បាននាំគ្នាដើរតាមរកដែរ តែរកមិនឃើញសោះ។ រហូតមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ទើបក្រុមគ្រួសារគាត់ព្យាយាមដើររកបន្តទៀត ស្រាប់តែប្រទះឃើញកូនស្រីរបស់គាត់ដេកស្លាប់ក្នុងសភាពខ្លួនអាក្រាតននលគក នៅក្នុងគុម្ពចេកចុងចំការកៅស៊ូ ដែលមានចម្ងាយពីផ្ទះចម្ការប្រមាណ៦០០ម៉ែត្រ។

ស្ត្រីជាម្តាយនារីរងគ្រោះ បានបញ្ជាក់ថា ទន្ទឹមនឹងកូនស្រីរបស់គាត់ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ សម្ភារៈជាប់ខ្លួនរបស់កូនស្រីគាត់មួយចំនួនក៏បានបាត់ដែរ ពិសេសទូរស័ព្ទម៉ាកអាយខល ចំនួន១គ្រឿង និងខោខៅប៊យជើងវែងមួយ។

ក្រោយកើតមានករណីរំលោភសម្លាប់ខាងលើរួចមក សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ដោយមានការសម្របសម្រួលពីលោកហាក់ ហ័ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ផងដែរ។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា នៅទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញសម្ភារៈជាប់ជាមួយនឹងសាកសព រួមមាន កងដៃកាឡៃ ១វង់ ខ្សែកកាឡៃ១ខ្សែ ស្បែកជើងផ្ទាត់១គូ ដំបងឈើជ្រុង ដៃរណែង មានឈាមចំនួនមួយផងដែរ ដែលជនជាឃាតករដៃឆៅបន្សល់ទុកនៅក្បែរសាកសពនារីរងគ្រោះ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ នារីរងគ្រោះពិតជាត្រូវបានជនសង្ស័យរំលោភ ហើយវាយសម្លាប់ដើម្បីបំបិទមាត់តែម្តង។

 

សាកសពនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយក្តីសោកអាល័យជាទីបំផុត ក្នុងនោះគេឃើញស្ត្រីជាម្តាយនារីរងគ្រោះបានស្រែកទ្រហោយំសោកបោកខ្លួនក្បែរសពកូនស្រី គួរឱ្យខ្លោចចិត្ត។ ជាមួយនេះ ឪពុកម្តាយនារីរងគ្រោះមានជីវភាពក្រីក្រលំបាកខ្លាំងណាស់ គ្មានប្រាក់ធ្វើបុណ្យសពកូននោះទេ និងត្រូវបានសហគមន៍រៃអង្គាសបានប្រាក់ចំនួន២០ម៉ឺនរៀល ជួយចាត់ចែងធ្វើបុណ្យសពឱ្យកូនស្រី។

ជុំវិញករណីឃាតកម្មរំលោភសម្លាប់ដ៏ឃោរឃៅខាងលើ ការិយាល័យជំនាញបានសហការជាមួយកំលាំងអធិការស្រុកអូរយ៉ាដាវ កំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់អត្តសញ្ញាណជនដៃដល់ជាឃាតករ និងតាមចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES