Saturday, January 18, 2025
Homeសង្គម និងជីវិតល្បិចថ្មីទៀតហើយ!!! ទិញពន្លៃខ្មៅទៅលក់នៅអាមេរិក ចាញ់បោកអស់១ពាន់ដុល្លារ

ល្បិចថ្មីទៀតហើយ!!! ទិញពន្លៃខ្មៅទៅលក់នៅអាមេរិក ចាញ់បោកអស់១ពាន់ដុល្លារ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានលង់ខ្លួនចាញ់ល្បិចមនុស្សមួយក្រុម ដែលទើបនឹងស្គាល់គ្នាតាមហ្វេសប៊ុក ដោយត្រូវក្រុមជនសង្ស័យ ឆបោកថា ពួកគេកំពុងដើររកទិញពន្លៃខ្មៅពីស្រុកខ្មែរ យកទៅលក់នៅអាមេរិក ដោយអាចរកប្រាក់ចំណេញបានកប់ក្តោង ជាហេតុធ្វើឱ្យស្ត្រីរងគ្រោះជឿលង់ ចង់បានប្រាក់ចំណេញនឹងគេដែរ ក៏ចូលហ៊ុនគ្នាចំនួន១ពាន់ដុល្លារ ជាថ្នូរនឹងការរក្សាទុកហិបដាក់ពន្លៃខ្មៅសិន រង់ចាំរកប្រាក់បន្ថែម គ្រប់២ពាន់ដុល្លារ ទើបគេប្រគល់សោហិបឱ្យ ដើម្បីលក់ពន្លៃខ្មៅនោះ ទីបំផុតទើបភ្ញាក់ខ្លួនថាចាញ់ល្បិចក្រុមជនសង្ស័យ ទើបសម្រេចចិត្តកាន់ហិបដាក់ពន្លៃខ្មៅ រត់ទៅប្តឹងប៉ូលិសឱ្យជួយអន្តរាគមន៍។

ស្ត្រីរងគ្រោះដែលចាញ់ល្បិចក្រុមឆបោកដើរទិញពន្លៃខ្មៅ អស់ប្រាក់១ពាន់ដុល្លារនេះ មិនបានបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ស្ត្រីរងគ្រោះគឺជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញា ខេត្តស្រះកែវ ប្រទេសថៃ និងមានលំនៅក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ដំបូងឡើយ នាងបានស្គាល់បុរសម្នាក់តាមហ្វេសប៊ុក បន្ទាប់មកបុរសនោះបានឆាតទាក់ទងសុំស្គាល់នាង។ លុះទាក់ទងជាមួយគ្នាបានមួយរយៈ បុរសនោះក៏បានបបួលនាងរកស៊ីទិញពន្លៃខ្មៅ ហើយណាត់ឱ្យនាងទៅជួបដល់ខេត្តកំពង់ធំ ឯណោះ។ នៅពេលដែលនាងទៅជួបជនសង្ស័យបាននាំនាងទៅមើលពន្លៃខ្មៅនៅក្នុងភូមិមួយ ជិតផ្លូវបំបែកកំពង់ធំ-ព្រះវិហារ និងសៀមរាប មិនតែប៉ុណ្ណោះ ជនសង្ស័យរួមនឹងបក្ខពួកបានប្រាប់ថា ពន្លៃខ្មៅគឺជាថ្នាំច្រើនមុខណាស់ បន្ទាប់មកក្រុមជនសង្ស័យក៏បានធ្វើពិសោធន៍ឱ្យនាងមើល ដើម្បីបញ្ជាក់ថាពន្លៃខ្មៅនេះសុទ្ធ ឬមិនសុទ្ធ ដោយពេលនោះ ជនសង្ស័យបានយកពន្លៃខ្មៅ ដែលគេទិញបាននោះ ដាក់លើផ្លែដូងមួយ បន្ទាប់មកពេលពុះដូងនោះ ស្រាប់តែឃើញសាច់ដូងខាងក្នុងខ្មៅទាំងអស់ ដោយនាងក៏មិនដឹងគេប្រើល្បិចយ៉ាងណាដែរ តែវាបានធ្វើឱ្យនាងជឿស្លុងតែម្តង។

ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា បន្ទាប់មក ក្រុមជនសង្ស័យបានអះអាងថា ពន្លៃខ្មៅនេះបើទិញបានលក់ចេញវិញ ចំណេញច្រើនណាស់ ព្រោះ១ខាំលក់នៅទីផ្សារអាមេរិកតម្លៃរហូត៣ម៉ឺនដុល្លារ ខណៈតម្លៃទិញ១ខាំ មិនដល់១ម៉ឺនដុល្លារផង។ ជាមួយនេះ ក្រុមជនសង្ស័យបានចាប់ផ្តើម លួងលោម បញ្ចុះបញ្ចូលឱ្យនាងចូលហ៊ុនរកស៊ីជាមួយគេ ដោយផ្តើមត្រឹមដើមទុនចំនួន២ពាន់ដុល្លារសិន ប៉ុន្តែត្រូវនាងបដិសេធថាអត់មានលុយច្រើនដល់ម្លឹងទេ សុំត្រឹមចូលហ៊ុន៥០០ដុល្លារសិនបានហើយ តែក្រុមជនសង្ស័យមិនព្រម ដោយទាមទារឱ្យនាងចូលហ៊ុនយ៉ាងហោចណាស់ ក៏ត្រឹម១ពាន់ដុល្លារដែរ ទើបនាងយល់ព្រមដាក់ទុន១ពាន់ដុល្លារ ដោយនឹកភ្នកថា ច្បាស់ជាចំណេញកប់ក្តោងមិនខាន។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា ក្រោយពីនាងឱ្យប្រាក់ដល់ជនសង្ស័យ១ក្រុមនោះរួចហើយ គេក៏ហុចកូនហិបដែកមួយឱ្យនាង ដោយប្រាប់ថា នេះគឺជាហិបដាក់ពន្លៃខ្មៅ និងបានចាក់សោពីក្រៅជាប់យ៉ាងគត់មត់ រួចអះអាងថា ចាំពេលណានាងជួយរកប្រាក់មកចូលហ៊ុនបាន១ពាន់ដុល្លារទៀត ទើបគេប្រគល់កូនសោឱ្យ រួចបើកយកពន្លៃខ្មៅនោះទៅលក់ យកលុយចំណេញទាំងអស់គ្នា។ មិនតែប៉ុណ្ណោះ ជនសង្ស័យថែមទាំងយកចុងសន្លឹកអត្តសញ្ញាណប័ណ្ណរបស់នាងទៅរក្សាទុកទៀតផង ដើម្បីឱ្យម្ចាស់ភាគហ៊ុន មានជំនឿចិត្តទាំងសងខាង។

ស្ត្រីរងគ្រោះ បានបញ្ជាក់បន្ថែមថា លុះក្រោយពីនាងយកកូនហិបដាក់ពន្លៃខ្មៅនោះ មករក្សាទុក នាងក៏ចាប់ផ្តើមសង្ស័យ ចំណែកប្តីក៏ចេះតែស្តីបន្ទោសឱ្យនាង ព្រោះតែឃើញមានគេ (ជនសង្ស័យ) ទូរស័ព្ទទារប្រាក់ញឹកញាប់ ជាហេតុធ្វើឱ្យនាងសម្រេចចិត្តទៅជួបសមត្ថកិច្ច ដើម្បីឱ្យជួយដឹងឮ ព្រោះតែខ្លាចគេធ្វើបាប ណាមួយខ្វល់រឿងចុងសន្លឹកអត្តសញ្ញាណប័ណ្ណ នៅក្នុងដៃជនសង្ស័យផង។

ក្រោយទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលប៉ោយប៉ែត សមត្ថកិច្ចក៏បានធ្វើការសួរនាំពីដំណើររឿង លុះដឹងរឿងរ៉ាវសព្វគ្រប់ ក៏សម្រេចគាស់សោបើកកូនហិបនោះមើល ទើបដឹងថា តាមពិតក្នុងហិបមានតែពន្លៃធម្មតាប៉ុណ្ណោះ ប៉ុន្តែត្រូវក្រុមជនសង្ស័យចាក់ប្រេងម៉ាស៊ីនចាស់ៗចូលឱ្យទៅជាខ្មៅ។ សរុបមកស្ត្រីរងគ្រោះ ពិតជាបានចាញ់បោកក្រុមជនសង្ស័យអស់ប្រាក់១ពាន់ដុល្លារហើយ ខណៈដែលស្ត្រីរងគ្រោះអះអាងថា មិនស្គាល់អត្តសញ្ញាណក្រុមជនសង្ស័យទេ ហើយពេលនេះហ្វេសប៊ុកដែលធ្លាប់ទាក់ទងគ្នានោះក៏បិទអស់ដែរ។

ជុំវិញករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនក្រុមជនសង្ស័យនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES