Thursday, October 9, 2025
Homeព័ត៌មានជាតិឲ្យតែស្រវឹង បាញ់!!! ប្តីមកពីផឹកស្រវឹងធ្លាក់ភ្នែក ខឹងប្រពន្ធ ទាញកាំភ្លើងអាកាបាញ់ផ្អើល

ឲ្យតែស្រវឹង បាញ់!!! ប្តីមកពីផឹកស្រវឹងធ្លាក់ភ្នែក ខឹងប្រពន្ធ ទាញកាំភ្លើងអាកាបាញ់ផ្អើល

ខេត្តមណ្ឌលគិរី ៖ បុរសប្រមឹកម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ត្រឡប់មកដល់ផ្ទះវិញ ក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែក ជេរបញ្ចោរប្រពន្ធកូន រហូតដល់មួម៉ៅក្តៅចិត្តខ្លាំងទប់មិនជាប់ ក៏ទៅទាញកាំភ្លើងអាកា មិនដឹងជាលាក់ទុកតាំងពីពេលណា យកមកបាញ់ចំនួន២គ្រាប់ ធ្វើឱ្យប្រពន្ធកូនភ័យលស់ព្រលឹង និងភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះវ៉ៃខ្នោះ យកទៅចាត់ការតាមច្បាប់ភ្លាមៗ។

ករណីប្តីប្រមឹកផឹកស្រវឹង ខឹងប្រពន្ធ បែរជាបាញ់បោះសេរីយ៉ាងអនាធិបតេយ្យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនជាខ្មាន់កាំភ្លើង ស្ថិតក្នុងភូមិក្លង់ឡែ ឃុំសុខសាន្ត ស្រុកកោះញែក។

ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ មានឈ្មោះខ្វែន ពា អាយុ៣៦ឆ្នាំ ជាជនជាតិព្នង មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ជនបង្កខាងលើបានចេញទៅផឹកស្រាជាមួយមិត្តភក្តិក្នុងភូមិ រហូតដល់យប់ជ្រៅ ស្រវឹងធ្លាក់ភ្នែក ទើបវិលមកផ្ទះវិញ។ លុះពេលមកដល់ផ្ទះ ជនបង្កក៏បានរករឿង ឈ្លោះប្រកែក ជេរបញ្ចោរប្រពន្ធកូនផ្អើលទាំងយប់ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធអត់ទ្រាំមិនបាន ក៏តមាត់២-៣ម៉ាត់ ស្រាប់តែធ្វើឱ្យបុរសជាប្តីកំណាចមួម៉ៅក្តៅចិត្ត ក៏ស្ទុះទៅទាញយកកាំភ្លើងមួយដើម ប្រភេទ AK បត់១ដើម មកបាញ់ចំនួន២គ្រាប់ ធ្វើឱ្យប្រពន្ធកូនភ័យឆោឡោគេចខ្លួនអស់ ចំណែកអ្នកជិតខាងក៏មានការភ្ញាក់ផ្អើលដែរ ព្រោះនឹងស្មានថាមានបទល្មើសប្លន់អ្វីកើតឡើង ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយកើតមានករណីផ្ទុះអាវុធចំនួន២គ្រាប់រួចមក សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងនាំយកទៅសាកសួរ និងបានដកហូតអាវុធ AK បត់១ដើម លេខ៤៣៨៩ ផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាខ្មាន់កាំភ្លើងបានឆ្លើយសារភាពថា រូបគេពិតជាបានទាញកាំភ្លើងអាកាបាញ់២គ្រាប់មែន មូលហេតុដោយសារតែស្រវឹងស្រាពេក ណាមួយខឹងប្រពន្ធគួបផ្សំផង ទើបឈានដល់ការផ្ទុះអាវុធបែបនេះទៅ។ ចំណែកអាវុធដែលរូបគេយកមកប្រើប្រាស់បាញ់គំរាមប្រពន្ធនេះ គឺរូបគេបានយកមកលាក់ទុកជាយូរមកហើយ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាស្រុកកោះញែក ដើម្បីរង់ចាំចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES