Saturday, November 16, 2024
Homeតារាខ្មែរវ៉ាន់ នីឡា មិនឈឺចាប់អតីតសង្សារជិតរៀបការ

វ៉ាន់ នីឡា មិនឈឺចាប់អតីតសង្សារជិតរៀបការ

អតីតតារាចម្រៀងផលិតកម្ម Pleng Record ដែលជាសាខារបស់ហង្សមាស កញ្ញាវ៉ាន់ នីឡា (សុខ ចិន្ដា) បានឲ្យដឹងថា នាងគ្មានអារម្មណ៍ និងការឈឺចាប់នោះទេ នៅពេលដែលរូបភាពអតីតសង្សារ លោកគុយ សិទ្ធិសក្ដិ ត្រូវបានចែកចាយថា ជិតចូលរោងការជាមួយនារីផ្សេងម្នាក់ ក្រោយត្រូវគេបញ្ចេញជារូប Pre Wedding នោះ តែប្អូនស្រីអ្នកនិពន្ធ និងដឹកនាំល្បីឈ្មោះ លោកសុខ ជំនោរ រូបនេះអះអាងថា នាងសែនតូចចិត្តនៅពេលដែលប្រព័ន្ធតុលារស្រុកខ្មែរ ដែលបានកាត់ទោសឲ្យជននោះជាប់ទោស និងសងជំងឺចិត្តលើនាង តែទីបំផុត អ្នកប្រពឹត្តនៅតែមានសិទ្ធិដើរហើរ ហើយជិតចូលរោងការ ដោយគ្មានជាប់ទោសអ្វីឡើយ។

ថ្លែងតាមឆាតហ្វេសប៊ុកកាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ កញ្ញាវ៉ាន់ នីឡា បានឲ្យដឹងថា ”ខ្ញុំមិនបានឈឺចុកចាប់ដោយសារវា (អតីតសង្សារ) ទៅរៀបការអីហ្នឹងទេ ខ្ញុំអត់ខ្វល់ទេ វាចង់ការម៉េច តែខ្ញុំសូមឲ្យវាហ្នឹងចេញមកទទួលខុសត្រូវ និងទទួលទោសដូចតុលាការបានប្រកាសសាលក្រមថា ឲ្យវាហ្នឹងជាប់ទោស សងជំងឺចិត្ត។ ប៉ុន្ដែចាប់តាំងពីតុលាការប្រកាសសាលក្រម រហូតមកដល់ពេលនេះ គឺស្ងាត់ អត់មានខាងតុលាការ មេធាវីណាមួយ គាត់ចេញមុខមកអើពើថា ឲ្យអនុវត្តន៍តាមសាលក្រមហ្នឹង គឺអត់មាន”។

គួររំលឹកថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសជនជាប់ចោទ លោកគុយ សិទ្ធិសក្ដិ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ដោយឲ្យជាប់ពន្ធនាគារយៈពេល១ឆ្នាំ ពីបទហិង្សាដោយចេតនា និងចែកចាយរូបអាសអាភាស ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០១៦។ សាលក្រមនោះក៏បានបង្គាប់ឲ្យលោកគុយ សិទ្ធិសក្ដិ សងជំងឺចិត្តនូវទឹកប្រាក់ចំនួន២០០លានរៀល ទៅឲ្យដើមបណ្ដឹងរដ្ឋប្បវេណី កញ្ញាសុខ ចិន្ដា ហៅវ៉ាន់ នីឡា ផងដែរ។ នៅពេលនេះសេចក្ដីសម្រេចផ្ដន្ទាទោសមិនទាន់បានអនុវត្តន៍ និងចប់ស្រេចបាច់ផង ស្រាប់តែនៅលើបណ្ដាញសង្គម Facebook បែរជាលោកគុយ សិទ្ធិសក្ដិ នាំគូដណ្ដឹងទៅថតរូបនៅអង្គរវត្ត ដោយត្រៀមចូលរោងការធ្វើព្រងើយទៅវិញ។

ទស្សនិកជនរង់ចាំមើលថា តើកញ្ញាវ៉ាន់ នីឡា និងធ្វើបែបណាទៀតចំពោះអតីតសង្សារនាង ដែលជាកូនមន្ដ្រីធំនោះ ហាក់ដូចជាគ្មានខ្លាចការជាប់ឃុំខ្លួន និងការសងជំងឺចិត្តតាមសាលក្រមរបស់តុលាការសាលាដំបូងឡើយ ផ្ទុយទៅវិញ លោកសិទ្ធិសក្ដិ បែរជាមមាញឹករឿងត្រៀមដឹកដៃគូស្នេហ៍ថ្មីចូលរោងការនោះទៅវិញ។

វ៉ាន់ នីឡា បន្ថែមថា ”ខ្ញុំបានសួរមេធាវីខ្ញុំដែ រគាត់ថាទុកឲ្យច្បាប់ជាអ្នកដោះស្រាយទៅ តែទីបំផុត យូរៗទៅ បែរជាអាអ្នកជាប់ទោសហ្នឹង វាដើរសប្បាយក្អាកក្អាយ ហើយឥឡូវជិតរៀបការទៀត ដូចជាគ្មានរឿងអីកើតឡើងទេ អីចឹងខ្ញុំគិតថា ប្រព័ន្ធតុលការស្រុកខ្មែរ គឺអន់ខ្លាំងតែម្ដង។ ពេលនេះខ្ញុំមិនទាន់ដឹងថា ត្រូវធ្វើអ្វីបន្ដទៅទៀតទេ សង្ឃឹមថា ខាងតុលាការ គាត់បើកចិត្តបើកគំនិត កុំឲ្យគាត់ហ្នឹងអយុត្តិធម៌ពេក គាត់ក៏មានបងប្អូនស្រី មានកូនស្រីដែរ ហើយបើគាត់ធ្វើអីចឹង គឺគាត់ដូចជាបិទភ្នែកពេក”។

ឆ្លើយតបសំណួរថា តើកញ្ញាវ៉ាន់ នីឡា នៅមានជំនឿចិត្តខ្លះទេថា ថ្ងៃណាមួយតុលាការនៅស្រុកខ្មែរ និងផ្ដល់ភាពយុត្តិធម៌ចំពោះរឿងក្ដីនាងនោះ អតីតអ្នកចម្រៀងហង្សមាស រូបនេះឆ្លើយយ៉ាងខ្លីថា ”ខ្ញុំមិនហ៊ានមានជំនឿទៀតទេ”។

វ៉ាន់ នីឡា ដែលល្បីបទ ”មនុស្សបងធុញវិលវិញបានទេ?” នោះ បានបាត់បង់ការងារសិល្បៈទាំងស្រុង ក្រោយពេលដែលត្រូវអតីតសង្សារទម្លាយរូបថតអាក្រាតកាយ ដោយពេលនេះ បទចម្រៀងនាងថ្មីៗក៏គ្មានទៀតដែរ។

ទស្សនិកជនរង់ចាំមើលថា តើសំណុំរឿងវ៉ាន់ នីឡា និងអតីតសង្សារ គុយ សិទ្ធិសិក្ដ តុលាការនឹងចាត់ការបែបណាទៀត?៕

RELATED ARTICLES