ខេត្តត្បូងឃ្មុំ ៖ បុរសព្រោះតែចូលចិត្តផឹកស្រាខ្លាំងពេក រហូតដល់ក្លាយជាមនុស្សប្រមឹក បាត់បង់សតិស្មារតី ហាមមិនស្តាប់ ក៏ត្រូវប្រពន្ធរត់ចោលបាត់ ទើបធ្វើឱ្យខូចចិត្តផឹកស្រាកាន់តែខ្លាំងលើសដើម លុះពេលស្រវឹងជោកជាំ បែរជាដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិរំចេក ឃុំរំចេក ស្រុកមេមត់។
បុរសគិតខ្លីចងកធ្វើអត្តឃាតនេះ មានឈ្មោះអ៊ា វិបុល អាយុ៤៧ឆ្នាំ មុខរបរកសិករ ជាមនុស្សប្រមឹក រហូតដល់បាត់បង់សតិស្មារតី មានលំនៅក្នុងភូមិរំចេក ឃុំរំចេក ស្រុកមេមត់។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាមនុស្សញៀនស្រា តែងដើរផឹកស្រវឹងជារៀងរាល់ថ្ងៃ រហូតធ្វើឱ្យបាត់បង់សតិអារម្មណ៍ (ខូចប្រព័ន្ធសរសៃប្រសាទ) លុះប្រពន្ធហាមឃាត់កុំឱ្យផឹកស្រាមិនព្រមស្តាប់ ទ្រាំលែងបាន ក៏វេចបង្វេចចុះចោលជនរងគ្រោះអស់រយៈពេលរាប់ខែមកហើយ ដោយទុកឱ្យជនរងគ្រោះរស់នៅជាមួយកូន និងម្តាយដែលសង់ខ្ទមនៅជាប់នឹងផ្ទះនោះ។
ប្រភពដដែលបន្តថា ជារៀងរាល់យប់ កូនៗរបស់ជនរងគ្រោះតែងនាំគ្នាទៅដេកជាមួយជីដូននៅខ្ទមជាប់នោះ លុះមកដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ដោយមើលឃើញនៅផ្ទះបានបិទទ្វារជិត និងហាក់ស្ងាត់ប្លែកខុសពីធម្មតា ទើបកូនប្រុសរបស់ជនរងគ្រោះឈ្មោះអ៊ា ជូច អាយុ១៥ឆ្នាំ បានដាក់ជណ្តើរឡើងចូលតាមបង្អូច ស្រាប់តែឃើញឪពុករបស់ខ្លួនចងកស្លាប់បាត់ហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។
ក្រោយទទួលបានព័ត៌មានខាងលើភ្លាម លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ និងបានប្រទះឃើញសាកសពនៅជាប់កនឹងខ្សែអង្រឹងចងទៅជាប់នឹងរនុកផ្ទះសសរកណ្តាល ដោយសភាពនៅឈជើងជាប់នឹងរនាបផ្ទះ។
បន្ទាប់ពីពិនិត្យលើរាងកាយសាកសពរួចហើយ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន មូលហេតុដោយសារតែជនរងគ្រោះផឹកស្រាស្រវឹងខ្លាំង រហូតបាត់បង់ស្មារតី គ្រប់គ្រងអារម្មណ៍ខ្លួនឯងលែងបាន ណាមួយឈឺចិត្តស្អិតទ្រូងនឹងរឿងប្រពន្ធរត់ចោលផង ក៏ដាច់ចិត្តចងកសម្លាប់ខ្លួនតែម្តង។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕