ព្រាប សុវត្ថិ ក្លាយទៅជាទូតសុឆន្ទៈ (Brand Abassador) របស់ទូរស័ព្ទ VIVO ហើយកំពូលតារាចម្រៀងរូបនេះបានលេចមុខចូលរួមសម្ពោធផលិតផលថ្មី VIVO V9 កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ ដោយបង្ហាញទឹកមុខយ៉ាងសប្បាយរីករាយ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន។
ព្រាប សុវត្ថិ បានប្រាប់ថា ”ខ្ញុំសប្បាយចិត្តដែលបានធ្វើជាអ្នកតំណាងឲ្យ VIVO សម្រាប់ប្រទេសកម្ពុជានេះ ហើយខ្ញុំគិតថា VIVO V9 នេះមានភាពអស្ចារ្យខ្លាំងណាស់ ព្រោះអេក្រង់ពេញអាចថតរូបបានស្អាតជាងទូរស័ព្ទដទៃទៀត។ ចំពោះតម្លៃវិញ គឺធូរថ្លៃមែនទែន តែ៣២៩ដុល្លារតែប៉ុណ្ណោះ ដូចនេះខ្ញុំគិតថា តម្លៃសមរម្យ គុណភាពល្អ គឺសាកសមជាមួយប្រជាជនយើងអាចប្រើប្រាស់បាន”។
ការធ្វើជាអ្នកតំណាងទូរស័ព្ទ VIVO របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ នេះត្រូវបានមហាជនលើកឡើងថា តារាល្បីល្បាញជាង២ទសវត្សរ៍នេះនៅតែជាតារាដែលត្រូវប៉ាន់ស្ពតពាណិជ្ជកម្ម ដែលស៊ីថ្លៃខ្ពស់ជាងគេដដែល ទោះបីជាពេលនេះលោកមានវ័យច្រើនបន្ដិចក្ដី។ តែព្រាប សុវត្ថិ មិនបានប្រាប់ពីតម្លៃខ្លួនដែលលោកទទួលបានពីការធ្វើជាទូតសុឆន្ទៈពី VIVO ឡើយ។
អ្វីដែលគួរចាប់អារម្មណ៍ផងដែរនោះ គឺការលេចមុខនៅសណ្ឋាគារផ្កាយ៥ សុខា នោះ ព្រាប សុវត្ថិ ក៏បានយកកូនប្រុសសង្ហាទាំង២ ទៅច្រៀង និងរាំអមផងដែរ នោះគឺសុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ ដែលធ្វើឲ្យភ្ញៀវទាំងអស់ រួមទាំងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន VIVO ទស្សនាការច្រៀងសម្ដែងរបស់លោក និងកូនប្រុសដោយជក់ចិត្ត។ ព្រាប សុវត្ថិ បានច្រៀងបទ ”ចិត្តព្រៃផ្សៃ” ហើយបទដែលតារាហង្សមាសរូបនេះយកកូនប្រុសច្រៀងរាំអមនោះ គឺជាបទថ្មីដែលកំពុងតែល្បីដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរនោះគឺបទ ”មាន់ស្រែ បន្លែស្រស់” ដែលធ្វើឲ្យអ្នកទស្សនាផ្ទាល់ទះដៃហ៊ោរកញ្ជ្រៀវ ពេញសណ្ឋារសុខា ព្រោះថាបទនេះមានក្បាច់រាំប្លែកជាងបទមុនៗ។
គួរបញ្ជាក់ថា ព្រាប សុវត្ថិ ធ្លាប់ថតស្ពតពាណិជ្ជកម្មធំៗជាច្រើនមកហើយ ដូចជា ស្ពត M-Fone , Naga World , ស្រាបៀរអង្គរ និងក្រុមហ៊ុនមួយចំនួនទៀត ដែលជាក្រុមហ៊ុនធំម៉ាកពេញនិយម។
តាមប្រភពពីអ្នកផលិតស្ពតពាណិជ្ជកម្ម បានឲ្យដឹងថា រាល់ការថតស្ពតផ្សេងៗ ព្រាប សុវត្ថិ មានការកុងត្រាជាមួយក្រុមហ៊ុនច្បាស់លាស់ ដោយមិនអាចចេះតែប្រើប្រាស់រូបលោកបានដោយគ្មានការកំណត់ច្បាស់លាស់នោះឡើយ។ ប្រភពបានឲ្យដឹងដែរថា ចំពោះតម្លៃខ្លួនព្រាប សុវត្ថិ វិញ គឺស្ពតធំមួយ លោកកុងត្រា១ឆ្នាំ ស៊ីថ្លៃមិនក្រោម៥ម៉ឺនដុល្លារឡើយ ដែលតម្លៃនេះបើធៀបជាមួយតារាល្បីៗមួយចំនួនទៀត គឺព្រាបសុវត្ថិ នៅតែមានតម្លៃនាំមុខគេដដែល។
ដោយឡែក ប្រភពពីអ្នករៀបចំកម្មវិធីប្រគំតន្ដ្រីវិញ បានឲ្យដឹងថា គិតមកត្រឹមឆ្នាំ២០១៨នេះ ព្រាប សុវត្ថិ នៅតែជាអ្នកចម្រៀងនាំមុខគេក្នុងតម្លៃខ្លួនអីចឹង ព្រោះច្រៀង១កម្មវិធី ស៊ីថ្លៃ៣ទៅជាង៣ពាន់ដុល្លារ ហើយការចង់ហៅតារាចម្រៀងរូបនេះច្រៀងកម្មវិធីមង្គលការ គឺទាល់តែមានការកក់ទុក១ឆ្នាំមុន ទើបបាន ព្រោះថានៅរដូវក្ដៅ ភាគច្រើនគឺក្រុមហ៊ុនផ្សេងកក់អ្នកចម្រៀងរូបនេះពេញអស់ទៅហើយ។
ការនៅតែរក្សាតម្លៃខ្លួនច្រៀង និងស្ពតពាណិជ្ជកម្មខ្ពស់ជាងគេរបស់ព្រាប សុវត្ថិ នៅពេលនេះ បញ្ជាក់ថា កំពូលតារាចម្រៀងរូបនេះយកកូនប្រុសទាំង៣ ឲ្យចូលច្រៀងនៅហង្សមាស ដោយស្វ័យប្រវត្តិ គឺសុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ នោះ មិនប៉ះពាល់ដល់ទីផ្សារចម្រៀងព្រាប សុវត្ថិ ឡើយ៕